ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​ឯកជន​មួយ​រៀបចំ​ពានរង្វាន់​ពាក់កណ្តាល​អាជីព ៣ ក្នុង​ឆ្នាំ​២០១៩​នេះ​

ក្រុមហ៊ុន​ឯកជន​មួយ​ក្រោម​ការដឹកនាំ​របស់​ស្ថាបនិក KMH លោក កាំ​ង សេន បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ​២០១៩ កន្លងទៅ ថា ព្រឹត្តិការណ៍​កីឡាបាល់ទាត់ KMH នឹង​ប្រព្រឹត្តិ​ធ្វើឡើង ៣​ពានរង្វាន់​ព្រមៗ​គ្នា​តែម្តង រួមមាន KMH Champions League, KMH Super Cup និង KMH Cup ។

លោក កាំ​ង សេន បាន​បញ្ជាក់​អំពី​ការកាត់បន្ថយ​ប្រាក់​រង្វាន់​នៃ​ពានរង្វាន់ KMH Champions League នៅ​រដូវ​កាល​ថ្មី​នេះ​ថា “ វា​មិនមែន​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការប្រកួត និង​ក្រុម​និ​មួយៗ​នោះ​ទេ ហើយ​ប្រាក់រង្វាន់​ក៏​មិនមែន​ជា​អាទិភាព​ធំ​តែមួយ​មុខ​សម្រាប់​ក្រុម​ទាំង​នោះដែរ “។

​សម្រាប់​ការប្រកួត​ពានរង្វាន់ KMH Champions League ក្នុង​ឆ្នាំ​ថ្មី​នេះ ការប្រកួត​ជម្រុះ​វគ្គ ៣២​ក្រុម​ដែល​ធ្លាប់ធ្វើ​ការប្រកួត​ចំនួន ២​ជើង​នោះ នឹងត្រូវ​ប្តូរ​មកលេង​តែ ១​ជើង​វិញ តែ​នឹងត្រូវ​ប្តូរ​ក្នុង​វគ្គ ១៦​ក្រុម ដែល​ធ្លាប់​លេង​តែ ១​ជើង​ទៅជា​ប្រកួត ២​ជើង​វិញ ដោយ​លោក កាំ​ង សេន យល់ឃើញថា វគ្គ ១៦​ក្រុម​ចុងក្រោយ​ការប្រកួតប្រជែង​កាន់តែ​ខ្លាំងក្លា។

​ចំពោះ​ការប្រកួត​ពានរង្វាន់ KMH Cup ដែល​ប្រើប្រាស់​ពេលវេលា ៤ ទៅ ៥​ខែ នឹង​បង្កើន​ការ​កសាង​អនាគត​យុវជន​បាល់ទាត់​កម្ពុជា​កាន់តែ​ល្អប្រសើរ ព្រោះ​ពានរង្វាន់​មួយ​នេះ​ផ្តោត​សំខាន់​ទៅលើ​យុវជន​អាយុ​ក្រោម ១៨​ឆ្នាំ។

​រីឯ​ពានរង្វាន់ KMH Super Cup គឺ​នឹង​ត្រូវ​ប្រព្រឹត្តិ​ធ្វើ​ឡើងជា​លើក​ទី​២ ដែល​មាន ១០​ក្រុម​ចូលរួម សុទ្ធតែ​ក្រុម​ខ្លាំង ហើយ​ជើងឯក​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ៤​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ខណៈ​ពានរង្វាន់ KMH Champions League ជើងឯក​នឹង​ទទួលបាន​ប្រាក់រង្វាន់ ១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក និង KMH Cup ទទួលបាន​ប្រាក់រង្វាន់ ៤​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក។

តាម​ការ​គ្រោងទុក ពានរង្វាន់ KMH Super Cup នឹង​ចាប់ផ្តើម​មុនគេ​បង្អស់ ពោល​គឺ​ចាប់ពី​ថ្ងៃទី២២ ខែ តុលា ដល់​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។ ពានរង្វាន់ KMH Champions League នឹង​ត្រូវ​ប្រកួត​ពីថ្ងៃ​ទី១១ ខែ មករា ដល់​ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២០ និង ពានរង្វាន់ KMH Cup ចាប់ពី​ថ្ងៃទី ១ ខែ កុម្ភៈ ដល់​ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២០៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114