ព័ត៍មានទាន់​ហេតុការណ៏
Search

កសិករ​ដាំ​បន្លែ​ខាត់ណា​ កំពុង​រង់ចាំ​កើប​លុយ​ ពេល​កាត់​យកទៅលក់​ក្នុង​១​គីឡូក្រាម​៥០០០​រៀល

ភ្នំ​ពេ​ញ ៖ អ្នក​រស់នៅ​ភូមិ​ព្រែក​ថ្មី​សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ កំពុង​រង់ចាំ​កើប​លុយ​ពេល​កាត់​កសិករ​ប្រមូល​ផល​របស់​ខ្លួន​គឺ ​បន្លែ​ខាត់ណា​ដែល​កំពុង​ត្រូវប៉ាន់​នោះ​។

តាម​ប្រសាសន៍​របស់លោក​លីវ វណ្ណ​ថេ​ង ចៅសង្កាត់​ព្រែក​ថ្មី​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា​ នៅ​រដូវវស្សា​ឆ្នាំនេះ​ប្រជាកសិករ​រស់នៅ​សង្កាត់​ព្រែក​ថ្មី ​កំពុង​សប្បាយរីករាយ ​ព្រោះ​ផលដំណាំ​របស់​គាត់​រីក​លូតលាស់​ល្អ​ ដោយសារតែ​ដី​មាន​ជីជាតិ​ហើយ​ម្យ៉ាងទៀត​មាន​ប្រភព​ទឹក​ស្រោច​ស្រប​បាន​គ្រប់គ្រាន់​ទៀត​ផង​។

បើ​និយាយ​ពី​ដំណាំ​ដែល​ត្រូវប៉ាន់​នៅ​លើ​ទីផ្សារ​វិញ​គឺ​ដំណាំ​ខាត់ណា​តែម្តង​។ លោក​ចៅសង្កាត់​បន្តថា​ នៅ​ពេល​ដែល​បាន​ឃើញ​ប្រជាពលរដ្ឋ​លោក​រីករាយ​និង​ទទួល​ផល​ដំណាំ​នេះ​ លោក​ចៅសង្កាត់​ក៏​មាន​ក្តី​រំភើប​ជាមួយ​ពួកគាត់​ដែរ​ ព្រោះ​ព្រួយ​បារ​ម្ភ​ពី​ការ​ខ្វះខាត​នូវ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។

ទាក់ទិន​ទៅ​និង​ការ​ដាំដុះ​បន្លែ​ខាត់ណា​នេះ​បងប្រុស​រឿន ចាន់ បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា ​សព្វថ្ងៃ​នេះ​ប្រជាកសិករ​នៅ​សង្កាត់​ព្រែក​ថ្មី​ នាំគ្នា​សម្រុក​ដាំ​បន្លែ​សឹង​គ្រប់​ផ្ទះ​។ ព្រោះតែ​បន្លែ​ដែល​កសិករ​យើង​បាន​ដាំ​ដោយ​ធម្មជាតិ​នេះ​ គឺ​អ្នកផ្សារ​ចូលចិត្ត​ទិញ ​ព្រោះ​មិន​ប៉ះពាល់​ដល់​សុខភាព​។

​បង​ចាន់​បន្ត​ថា បើ​និយាយ​ពី​បន្លែ​ខាត់ណា​នេះ​ គឺ​ទទួល​បាន​កម្រៃ​ខ្ពស់​ជាងគេ ​ប៉ុន្តែ​ត្រូវ​ចំណាយពេល​ចាប់ពី​បណ្តុះ​ពូជ​រហូតដល់​ដាំ​លើ​ថ្នាល​ត្រូវ​ប្រើពេល​៣​ខែ​ទំរាំ​ដើម​ធំ​ទើប​កាត់​យក​លក់​។​ក្នុងនោះ​១​គីឡូក្រាម​ថ្លៃ​រហូតដល់​៥០០០​រៀល​ឯណោះ​។

បង​រឿន ចាន់ បញ្ជាក់​ដែរ​ថា ​កសិករ​នៅ​ព្រែក​ថ្មី​សព្វថ្ងៃ​នេះ​គឺ​ពុំ​មានគ្រួសារ​ណាមួយ​ចេញ​ចំណាកស្រុក​ឡើយ​ ព្រោះ​ពួកគេ​សង្វាត​ដាំ​ដំណាំ​នៅ​ដី​ចំការ​របស់​គេ​លក់បាន​ថ្លៃ​ហើយ​រកប្រាក់​ចំណូល​ក្នុង​១​ឆ្នាំ​មិន​ក្រោម​៣​ម៉ឺន​ដុល្លារ​ឡើយ​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114