ព័ត៍មានទាន់​ហេតុការណ៏
Search

បឹងកេត ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ពាន​សម្តេច​តេ​ជោ ហ៊ុន សែន ក្រោយ​យកឈ្នះ វិសាខា ចាស់ដៃ​

ការប្រកួត​ពានរង្វាន់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន លើក​ទី ១៣ ឆ្នាំ ២០១៩ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ បាន​បញ្ចប់​ទៅ​នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ នេះ បឹងកេត ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ពាន​សម្តេច​តេ​ជោ ហ៊ុន សែន ក្រោយ​យកឈ្នះ វិសាខា ចាស់ដៃ​។

ការប្រកួត​នេះ​ បាន​ចាប់​ផ្ដើម​នៅវេលា​ម៉ោង ៦​និង​០០ នាទី​ល្ងាច លើ​វាលស្មៅ​សិប្ប​និមិត្ត នៃ​ពហុ​កីឡដ្ឋាន បាន​បញ្ចប់​ដោយ​ក្រុម ដោយ ក្រុមបាល់ទាត់​បឹងកេត បាន​យកឈ្នះ ក្រុមបាល់ទាត់​វិសាខា ដោយ​លទ្ធផល​ចាស់ដៃ ០​ទល់​៤ ក្រោម​ក្រសែភ្នែក​ទស្សនិកជន ៣៩៥២​នាក់​។

ជា​ជំនួប​ដ៏​តានតឹង នៅក្នុង​ការប្រកួត​ដែល​បើកឆាក​បានតែ ៤​នាទី ខ្សែប្រយុទ្ធ​ឆ្នើម​ប្រចាំ​ក្រុម​បឹងកេត កីឡាករ ចាន់ វឌ្ឍនាកា បាន​បើក​ការ​នាំ​មុខ បន្ទាប់ពី​ការបញ្ជូន​បាល់​បាន​យ៉ាង​ល្អ​ពី​កីឡាករ សេត រ៉​ហ្ស៊ី​ប ក្រោយមក​វិសាខា ដែល​ត្រូវបាន​អ្នកគាំទ្រ​រំពឹង​ថា ​មានប្រៀប​ជាង​នោះ បាន​កៀប​វិញ​យ៉ាងខ្លាំង ប៉ុន្តែ​មិន​អាច​រក​គ្រាប់​តាម​ស្មើ​បានឡើយ និង​បាន​បន្ត​ធ្វើ​ឲ្យ​របូត​គ្រាប់​បាល់​ទី​២ បន្ទាប់ពី​ខ្សែការពារ​ខ្លួនឯង​ធ្វើ​ឲ្យ​មាន​កំហុស​ដោយ​អ​ចេតនា និង​ចុងក្រោយ​ទាត់​សម្រេច​ដោយ​កីឡាករ ចាន់ វឌ្ឍនាកា ដដែល​នៅ​នាទី​៣៥ ។ ការប្រកួត​ក៏បាន​បន្ត​ដោយ​វិសាខា​ដដែល​ព្យាយាម​រក​គ្រាប់​បាល់​តាម​ពីក្រោយ​ជាថ្មី​ប៉ុន្តែ​នៅតែ​មិនបាន​សម្រេច​ដោយមាន​ត្រឹមតែ​ឱកាស​ទាត់​តែ​មិន​មាន​គ្រាប់​បាល់​កើតឡើង​ឡើយ និង​ចុងក្រោយ​ភ្លាត់ស្នៀត​សាជាថ្មី នៅ​ចុង​វគ្គ​ទី​១ ទៅហើយ កីឡាករ ម៉ុ​ន វ៉ាន់ដា បានសម្រេច​គ្រាប់​ទី​៣ ដែល​ជា​គ្រាប់​ក្ដី​សង្ឃឹម​កាន់តែ​កក់ក្ដៅ និង​បាន​រក្សា​លទ្ធផល ០​ទល់​៣ ដល់​ចប់​វគ្គ​ទី​១​។

ចូល​ដល់​វគ្គ​ទី​២ ការប្រកួត​កាន់តែ​ក្ដៅ​ក​កុក ដោយ​មិន​បង្អង់​យូរ បឹងកេត បាន​ទាត់​ចូល​យ៉ាង​រហ័ស​បន្ទាប់ពី​វគ្គ​ទី​២ ចាប់ផ្ដើម​ដែល​លើក​នេះ​ធ្វើបាន​សម្រេច​ដោយ​កីឡាករ ចាន់ វឌ្ឍនាកា ដដែល​នៅ​នាទី​៤៧ និង​កាន់តែ​ធានា​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ពេលវេលា​ដែល​នៅ​សេសសល់ វិសាខា ដែល​ត្រូវការ​គ្រាប់​បាល់​តាម​ពីក្រោយ​ជាដាច់ខាត​នោះ បាន​ព្យាយាម​ជាច្រើន​លើក​ច្រើនសារ​ ប៉ុន្តែ​នៅតែ​មិន​អាច​ទម្លាយ​សំណាញ​ទី​បឹងកេត បាន​ឡើយ ហើយ​បាន​រក្សា​លទ្ធផល​នេះ​ដល់​ចប់​ការប្រកួត បឹងកេត យកឈ្នះ វិសាខា ដោយ​លទ្ធផល ០​ទល់​៤ បាន​កៅអី​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ជា​លើកដំបូង​។

បឹងកេត ក៏ត្រូវ​អង្គុយ​រង់ចាំ​ការ​ឈ្នះ​រវាង ព្រះខ័ន​រាជ​ស្វាយរៀង ជាមួយ ភ្នំពេញ​ក្រោ​ន ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114