ព័ត៍មានទាន់​ហេតុការណ៏
Search

U16 កម្ពុជា រង​បរាជ័យ​ប្រកួត​ដំបូង​ក្រោម​ថ្វី​ជើង ម៉ាឡេស៊ី ក្នុង​ពានរង្វាន AFC U-16 Championship qualification

ការប្រកួត​វគ្គ​ជម្រុះ ពានរង្វាន់​ជើងឯក​យុវជន​អាស៊ី​អាយុ​ក្រោម ១៦​ឆ្នាំ ( 2020 AFC U-16 Championship qualification ) នៅ​ប្រទេស​ឡាវ ក្នុង​ថ្ងៃ​ប្រកួត​បើកឆាក​នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​១៦​ឆ្នាំ បាន​ប្រកួត​ចាញ់ ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី អាយុ​ក្រោម​១៦​ឆ្នាំ ដោយ​លទ្ធផល ៧​ទល់នឹង​០ នៅ​កីឡដ្ឋាន National Stadium KM16 ក្នុង​ទីក្រុង​វៀង​ច័ន្ទ​ន៍ ប្រទេស​ឡាវ នា​យប់​ថ្ងៃ​ពុធ ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩​។

នៅ​ក្នុង​ការប្រកួត​នេះ ម៉ាឡេស៊ី បាន​បើក​ការ​នាំ​មុខ​មុន​ដល់​ទៅ ៤​គ្រាប់​នៅ​វគ្គ​ទី​១ ដោយ​គ្រាប់​បាល់​ទាំង ៤​កើតឡើង​ត្រឹម​រយៈពេល​តែ ៣០​នាទី​ប៉ុណ្ណោះ ពោល​គឺ​គ្រាប់​ដំបូង​ទាត់​បាល់​បញ្ចូល​ទី​ដោយ​កីឡាករ Adam Uwais នៅ​នាទី​៧ មុននឹង​កីឡាករ Adam Farhan បន្ថែម​គ្រាប់​ទី​១៦ និង ២​គ្រាប់​ចុងក្រោយ​ធ្វើបាន​សម្រេច​ដោយ​កីឡាករ Akid Zamri នៅ​នាទី​ទី​២២ និង​៣០ និង​បាន​រក្សា​លទ្ធផល ៤-០ នេះ​ដល់​ចប់​ការប្រកួត​វគ្គ​ទី​១​។

ចូល​ដល់​វគ្គ​ទី​២ ម៉ាឡេស៊ី នៅតែ​បន្ត​មានប្រៀប និង​បាន​ព្យាយាម​បន្ថែម​គ្រាប់​បាល់ ៣​គ្រាប់​បន្ថែមទៀត ដែល​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ Harry Danish នៅ​នាទី​៥២ បន្ទាប់មក​នៅ​នាទី​៦៤ កីឡាករ Nabil Qayyum និង​គ្រាប់​ចុងក្រោយ​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ Khairil Mohd Zain នៅ​នាទី​៩០+១ ហើយ​រក្សា​លទ្ធផល ៧-០ ដល់​ចប់​ការប្រកួត ៩០​នាទី​ពេញ​។

បរាជ័យ​នេះ នាំ​ឲ្យ​កម្ពុជា ស្ថិតនៅ​លេខ​៤ បាត​តារាង​ដោយមាន ០​ពិន្ទុ និង​របូត​គ្រាប់​បាល់​៧​គ្រាប់ ខណៈ​ម៉ាឡេស៊ី ឡើង​កំពូល​តារាង​បណ្ដោះអាសន្ន ស្រប​ពេល​ការប្រកួត​តំណាល​គ្នា​នៅ​រសៀល​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ ក្រុមបាល់ទាត់​ជម្រើស​ជាតិ​ឡាវ អាយុ​ក្រោម​១៦​ឆ្នាំ បាន​ប្រកួត​ចាញ់ ក្រុមបាល់ទាត់​ជម្រើសជាតិ​ជប៉ុន អាយុ​ក្រោម​១៦​ឆ្នាំ ០-៤ ផង​ដែរ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114