ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទេស CLMTV​ប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ប្រសើរ​ លើ​កិច្ច​គាំពារ​ពលករ​ទេសន្តរប្រវេសន៍​

ភ្នំពេញ ​៖ ​ប្រទេស CLMTV​ដែល​រួមមាន កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម បាន​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ដើម្បី​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​គាំពារ​ពលករ​ទេស​ន្ត​រ​ប្រវេសន៍​ក្នុង​ប្រទេស CLMTV តាមរយៈ​ការ​ដាក់ចេញ​នូវ​យន្តការ​ចល័ត​ភាព​របប​សន្តិសុខ​សង្គម​។

ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នេះ​ គឺ​ធ្វើ​ឡើង​តាមរយៈ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ​សម្រាប់ ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម (CLMTV) ក្រោម​ប្រធានបទ “​ការ​ឆ្ពោះ​ទៅ​កាន់​កិច្ច​គាំពារ​ពលករ​ទេស​ន្ត​រ​ប្រវេសន៍​នៅ​ក្នុង​ប្រទេស CLMTV កិច្ច​សហប្រតិបត្តិការ​វិស័យ​របប​សន្តិសុខ​សង្គម​”​ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​រ​អប្សរា​ផាឡេស ខេត្តសៀមរាប។

សន្និសីទ​នេះ​ បាន​ប្រារព្ធ​ពិធី​បើក​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​បណ្ឌិត​អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ដឹកនាំ​កិច្ចពិភាក្សា​នៃ​អង្គ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣​នេះ​ដែល​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​ការ​ឯកភាពគ្នា​លើ​យន្តការ​រួម​មួយ ឆ្ពោះ​ទៅ​កាន់​ការរៀបចំ​ក្របខ័ណ្ឌ​រួម​ស្តី​ពី​ចល័ត​ភាព​របប​សន្តិសុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍ នៅក្នុង​ប្រទេស CLMTV។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា អង្គ​សន្និសីទ​នេះ​សម្រេច​បាន​លទ្ធផល​សំខាន់ៗ​មួយចំនួន​រួមមាន​បាន​ឯកភាព​គ្នា​លើ ផែនទី​បង្ហាញផ្លូវ​ទីក្រុង​សៀមរាប​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ការចេញ​សេចក្តីថ្លែងការណ៍​របស់ រដ្ឋមន្ត្រី​ការងារ ស្ដីពី​ចល័តភាព​របប​សន្តិសុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​នៃ​ប្រទេស CLMTV (Siem Reap Roadmap toward Labour Ministerial Declaration on the Portability of Social Security for Migrant Workers in the CLMTV Countries) ដែលជា​ត្រីវិស័យ​ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​ក្របខ័ណ្ឌ​រួម​មួយ​ដើម្បី​ធានា​ថា ​ពលករ​ទេសន្តរប្រវេសន៍ នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​របប​សន្តិសុខ​សង្គម​នៅ​ពេល​ធ្វើ​មាតុភូមិនិវត្តន៍ ឬ​ផ្លាស់​ទីកន្លែង​ធ្វើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង វៀតណាម​។

បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ស្តី​ពី​លទ្ធផល​នៃ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣​នេះ ដោយ​សង្កត់ធ្ងន់ លើ​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ដើម្បី​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​គាំពារ​ពលករ​ទេស​ន្ត​រ​ប្រវេសន៍​ក្នុង​ប្រទេស CLMTV តាមរយៈ​ការដាក់ចេញ​នូវ​យន្តការ​ចល័តភាព​របប​សន្តិសុខ​សង្គម​។

​លទ្ធផល​ខាងលើនេះ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុងការ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​តំបន់​ដើម្បី​ការពារ និង​លើកកម្ពស់​សុខុមាលភាព និង​ផលប្រយោជន៍​របស់​ពល​ករ​ទេសន្តរប្រវេសន៍​ដែល​កំពុង​ធ្វើការ​នៅ​បរទេស បន្ថែម​លើ​កិច្ច​គាំពារ​សង្គម និង​ការលើកកម្ពស់​ជីវភាព​របស់​កម្មករនិយោជិត​នៅក្នុង​ប្រទេស ស្របតាម​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម (២០១៦-២០២៥)​គោលនយោបាយ​ជាតិ ស្តីពី​មុខរបរ និង​ការងារ (២០១៥-២០២៥) និង​គោលនយោបាយ​ស្តីពី​ទេសន្តរប្រវេសន៍​ការងារ​សម្រាប់​ប្រទេស​កម្ពុជា (២០១៩-២០២៣)៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114