ព័ត៍មានទាន់​ហេតុការណ៏
Search

កិច្ចប្រជុំ​ICC​ព្រះវិហារ នឹង​បើក​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៥​នៅ​ថ្ងៃស្អែក​នេះ​

សៀមរាប​ ៖​ បើ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ ​នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩​ស្អែក​នេះ អាជ្ញាធរ​ជាតិ​ព្រះវិហារ​នឹង​រៀបចំ​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៥ នៃ​គណៈកម្មការ​សម្របសម្រួល អន្តរជាតិ​ដើម្បី​អភិរក្ស និង​លើក​តម្លៃ​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ (ICC-Preah Vihear) នៅ​សាលសន្និសីទ អាជ្ញាធរ​ជាតិ​អប្សរា ក្រោម​អធិបតីភាព​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ សិល្បៈ ទទួលបន្ទុក​បេតិកភណ្ឌ​វប្បធម៌ និង​ជា​ប្រធាន​ប្រតិភូ​រាជរដ្ឋាភិបាល ហើយ​សម្របសម្រួល​ដោយ​លោក ZHOU Jiagui សហប្រធាន​ចិន និង​លោកជំទាវ Manika JAIN សហប្រធាន​ឥណ្ឌា ដោយមាន​ការ ចូលរួម​ពី​ប្រទេស​ជា​សមាជិក​ស្ថាបនិក​រួមមាន បារាំង ប៊ែ​ល​ហ្សិ​ច ជប៉ុន ថៃឡង់​ដ៏ សហរដ្ឋ​អាមេរិក ព្រមទាំង អ្នកជំនាញការ​ជាតិ និង​អន្តរជាតិ​លើ​ផ្នែក​អភិវឌ្ឍន៍ និង​អភិរក្ស ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ សរុប​ប្រមាណ ២៥០​នាក់​។

កម្មវិធី​ប្រជុំ​នឹង​ធ្វើឡើង​រយៈពេល​មួយថ្ងៃ​ពេញ ដោយពេល​ព្រឹក​ផ្តោត​លើ​ការ​ធ្វើ​បទ​បង្ហាញ​របស់​មន្ត្រី​ជំនាញ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​អំពី​លទ្ធផល​ការងារ​មួយ​ចំនួន​ដែល​បាន​អនុវត្ត​កន្លងមក​នៅ​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ និង​រមណីយដ្ឋាន​កោះកែវ​រួមមាន (១) លទ្ធផល​សិក្សា​ស្រាវជ្រាវ​ដើម្បី​អភិរក្ស​ជណ្ដើរ​ខាងជើង​ប្រាសាទព្រះវិហារ​ក្រោម​មូលនិធិ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ដើម្បី​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌ (២) លទ្ធផល​ការងារ​អប់រំ​ផ្សព្វផ្សាយ​អំពី​បេតិកភណ្ឌ​នៅ​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ (៣) លទ្ធផល​សិក្សា​ពី​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​រមណីយដ្ឋាន​ប្រាសាទ ព្រះវិហារ និង​រមណីយដ្ឋាន​កោះកែវ (៤) លទ្ធផល​ការងារ​អភិរក្ស​ប្រាសាទ​ថ្មបាយក្រៀម​ក្នុង​បរិវេណ​ប្រាសាទធំ នៅ​រមណីយដ្ឋាន​កោះកែវ (៥) លទ្ធផល​ការងារ​រៀបចំ​ផែនទី​ហា​នី​ភ័យ​នៅ​រមណីយដ្ឋាន​កោះកែវ និង​(៦) របាយការណ៍​វឌ្ឍនភាព​ការរៀបចំ​ផែនការ​គ្រប់គ្រង​ទេសចរណ៍​រមណីយដ្ឋាន​កោះកែវ។

ដោយឡែក​នៅ​ពេល​រសៀល កិច្ចប្រជុំ​នឹង​ផ្តោត​លើ​ការធ្វើ​បទ​បង្ហាញ​របស់​ដៃគូ​អន្តរជាតិ​របស់​អាជ្ញាធរ ជាតិ​ព្រះវិហារ​មាន​ជាអាទិ៍​៖ (១) ចំណាប់អារម្មណ៍​របស់​លោក​CHAO Xiaoming អគ្គនាយក​បណ្ឌិតសភា បេតិកភណ្ឌ​វប្បធម៌​ចិន ចំពោះ​គម្រោង​ជួសជុល​គោបុរៈ​ទី​១ ទី​២ និង​ទី​៣ ដែល​ភាគី​ចិន​ទទួល (២) បទ​បង្ហាញ ពី​ការងារ​អភិរក្ស និង​ជួសជុល​គោ​បុ​រៈ​ទី​៥ ប្រាសាទព្រះវិហារ ដោយ​លោក Denvendra Singh SOOD អ្នកជំនាញការ​ឥណ្ឌា (៣) បទ​បង្ហាញ​អំពី​វឌ្ឍនភាព​គម្រោង​អភិរក្ស​បដិមា​ព្រះ​សិវៈ​រាំ​នៅ​ប្រាសាទ​កោះកែវ ដោយ​លោក Eric BOURDONNEAU អ្នក​ជំនាញ​សាលា​បារាំង​ចុង​បូព៌ា និង​លោក ឆាន់ ចំរើន អ្នក​ជំនាញ សារមន្ទីរ​ជាតិ​ភ្នំពេញ (៤) លទ្ធផល​ការសិក្សា​ស្រាវជ្រាវ​ដោយ​ប្រព័ន្ធ​រ៉ា​ដា​ទៅក្នុង​ដី​៖ ការងារ​ទីវាល​ដែល​អនុវត្ត នៅក្នុង​ខែមីនា ឆ្នាំ​២០១៩ ដោយ​បណ្ឌិត Sarah KLASSEN សាកលវិទ្យាល័យ British Columbia និង​(៦) បទ​បង្ហាញ​អំពី​កម្មវិធី Lidar នៅ​រមណីយដ្ឋាន​កោះកែរ ដោយ​លោក​បណ្ឌិត Karoly BELENYESY វិទ្យាស្ថាន ស្រាវជ្រាវ​អាស៊ី​ភាគខាងត្បូង និង​អាស៊ីអាគ្នេយ៍​នៃ​ប្រទេស​ហុង​គ្រី​។

ក្រៅពី​ការ​ធ្វើ​បទ​បង្ហាញ​អំពី​លទ្ធផល​ការងារ​របស់​អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​អ្នកជំនាញការ​អន្តរជាតិ ខាងលើ នៅក្នុង​កិច្ចប្រជុំ​នេះ​ក៏​មាន​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​រវាង​អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​វិទ្យាស្ថាន ស្រាវជ្រាវ​អាស៊ី​ភាគ​ខាងត្បូង និង​អាស៊ីអាគ្នេយ៍​នៃ​ប្រទេស​ហុង​គ្រី លើ​គម្រោង​សិក្សា​ស្រាវជ្រាវ​នៅក្នុង​រមណីយដ្ឋាន​កោះកែរ​។

នៅ​ចុង​បញ្ចប់​នៃ​កម្មវិធី លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ទទួលបន្ទុក​បេតិកភណ្ឌ​វប្បធម៌ និង​ជា​ប្រធាន​ប្រតិភូ​រាជរដ្ឋាភិបាល នឹងធ្វើ​សេចក្តី​សន្និដ្ឋាន នឹង​ផ្តល់យោបល់ ជា​យុទ្ធសាស្ត្រ​ជូន​ដល់​អង្គប្រជុំ​ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ការអនុវត្ត​ការងារ​នៅ​ពេល​ខាងមុខ​។

ជា​មួយ​គ្នា​នេះ នៅមុន​ការរៀបចំ​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៥​នេះ កាលពី​ថ្ងៃទី​១៦ និង​១៧ ខែកញ្ញា ឆ្នាំ​២០១៩ អាជ្ញាធរ​ជាតិ​ព្រះវិហារ​ក៏បាន​រៀបចំ​ឲ្យ​មានដំណើរ​ទស្សនកិច្ច​របស់​អ្នកជំនាញការ​អន្តរជាតិ​ទៅកាន់ រមណីយដ្ឋាន​កោះកែរ និង​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ ដើម្បី​ពិនិត្យ​និង​ផ្តល់​យោបល់​លើ​លទ្ធផល​ការងារ អភិរក្ស និង​អភិវឌ្ឍន៍​ដែល​បាន​អនុវត្ត​កន្លងមក​ដោយ​មន្ត្រី​ជំនាញ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114