ព័ត៍មានទាន់​ហេតុការណ៏
Search

ឆេះ​ឃ្លាំង​ស្តុក​កម្ទេច​កំណាត់​ក្នុង​រោងចក្រ​(​ឌី​ន លីន​ហ្គា​ម៉ិន ឯ .​ក​)​ ផ្អើល​សមត្ថកិច្ច​ទាំង​យប់

ភ្នំពេញ​ ៖ ​អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​សម្រាប់​ស្តុក​កម្ទេច​កំណាត់​មួយ​កន្លែង ក្នុង​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​(​ឌី​ន លីន​ហ្គា​ម៉ិនន ឯ​.​ក )​យ៉ាង​សន្ធោសន្ធៅ ខណៈ​ពេល​ក្រុម​សារព័ត៌មាន​ចុះទៅ​ថត​ផ្ដិត​យក​រូបភាព​បែរជា​ជន​ជាតិចិន​ជាច្រើន​នាក់ ​នាំគ្នា​ហាមឃាត់​មិន​ឲ្យ​ថត​ទៅវិញ ដោយសារ​មាន​ការ​យល់​ច្រឡំ បន្ទាប់ពី​អ្នកបកប្រែ​និយាយប្រាប់​ទើប​ស្ងប់ស្ងាត់​ឲ្យ​ថត​ម៉ា​សេរី។

អគ្គិភ័យ​នេះ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់ ​ថ្ងៃទី​១៨ ​ខែ​កញ្ញា ​ឆ្នាំ​២០១៩​ស្ថិត​នៅតាម​បណ្តោយ​បេតុង ភូមិ​ជម្ពូ​វ័ន​៣ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​ គេ​ឃើញ​មាន​ផ្សែងហុយៗ​ចេញពី​ចំណុច​ទីតាំង​កើតហេតុ​ខាង​លើ ខណៈ​នោះ​ កម្មករ​ក្នុង​រោងចក្រ​ ធ្វើការ​វេន​យប់ បាននាំគ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​អស់​ជាច្រើន​បំពង់​ តែ​មិន​រលត់ ​ទើប​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ហៅ​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​ជាច្រើន​គ្រឿង​ចុះមក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​ និង​អ្នក​កាសែត​ប្រចាំ​តំបន់​នោះ ចុះទៅ​ផ្តិត​យក​រូបភាព​ពី​កន្លែងកើតហេតុ ​បែរជា​ជន​ជាតិចិន​ជា​ច្រើន​នាក់ ​ហាមឃាត់​មិន​ឲ្យ​ថត ​ហើយ​ដេញ​អ្នក​ព័ត៌មាន​ចេញមកក្រៅ​ មួយសន្ទុះ​ក្រោយមក​ទើប​មាន​អ្នកបកប្រែ​ចិន​បាន​បញ្ជាក់ថា​ ដោយសារ​ជនជាតិចិន​មិនដឹងថា​ជា​អ្នកសារព័ត៌មាន ​ទើប​ហាមឃាត់​ដោយមាន​ការសម្របសម្រួល​ពី​អ្នកបកប្រែ​ចិន​ទើប​រឿង​នេះ​ស្ងប់​ទៅវិញ។

ក្នុង​ប្រតិបត្តិ​ការ​បង្ការ​គ្រោះ​អគ្គិភ័យ​ខាង​លើ​នេះ​ រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​បាញ់​ទឹក​អស់​ចំនួន​៣​រថយន្ត ​ទើបបាន​រលត់​ជា​ស្ថាពរ​វិញ​ កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី។ ពាក់ព័ន្ធ​នឹង​គ្រោះ​អគ្គិភ័យ​ខាង​លើ​នេះ​ ជំហាន​ដំបូល​ សមត្ថកិច្ច​សន្និដ្ឋាន​ថា​ បណ្តាលមកពី​ឆ្លង​ចរន្ត​អគ្គិសនី​ ទើប​បង្ក​ឲ្យ​មាន​ការ​ឆាបឆេះ​បែបនេះ​តែម្ដង។

ចំពោះ​ករណី​អគ្គីភ័យ​ខាងលើនេះ​ បណ្តាល​ឲ្យ​រង​ការខូចខាត​សម្ភារៈ​មួយ​ចំនួន​ និង​បន្ទប់​សម្រាប់​ស្តុក​កម្ទេច​កំណាត់ ​ខូចខាត​ស្ទើង​ទាំងស្រុង​ តែ​មិន​បង្ក​ឲ្យ​មាន​អ្នករបួស​ ឬ​រាលដាល​ដល់​ផ្ទះ​អ្នកជិត​ខាង​ឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114