ព័ត៍មានទាន់​ហេតុការណ៏
Search

ឆក់​ទូរស័ព្ទ​អាយ​ហ្វូ​ន​មិនបាន​សម្រេច ប្រជាពលរដ្ឋ​ដេញចាប់បាន​ ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ​ក្នុងចំណោម​បក្ខពួក​២​នាក់ ​ត្រូវបាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច ខណៈដែល​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​អាយ​ហ្វូ​ន​មួយគ្រឿង​មិនបាន​សម្រេច កាលពី​វេលា​ម៉ោង​៤​រសៀល​ ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៩ ស្ថិតនៅ​ផ្លូវ​៣៣៧ ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌ​ទួល​គោក។

ជនសង្ស័យ​ឈ្មោះ កុយ អាយុ​១៦​ឆ្នាំ មុខរបរ​ជួយ​លក់ដូរ​ឪពុក ស្នាក់នៅ​ផ្សា​របឹង​សាឡាង​ថ្មី។ រីឯ​បក្ស​ពួក​ម្នាក់ទៀត​ឈ្មោះ​ហុង បាន​រត់​គេចខ្លួនបាត់។

ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹង​ថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បានធ្វើ​ដំណើរ​ចេញ​ផ្សារ ធី​ខេ ដោយ​ជិះ​តាមផ្លូវ​៥១៦​ហើយ បាន​លើក​ទូរស័ព្ទ​មក​តេ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ ជិះ​ម៉ូតូ​និ​ច ​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​1HV-9845 ធ្វើដំណើរ​ពីក្រោយ ​មក​ធ្វើ​សកម្ម​ភាព​ឆក់​ទូរស័ព្ទ​ដៃ​តែ​មិនបាន​សម្រេច ​ត្រូវ​ជនរងគ្រោះ​ប្រទាញប្រទង់​យក​មក​វិញ ពេលនោះ​ជន​សង្ស័យ​បាន​ព្យាយាម​ជិះ​ម៉ូតូ​គេច តែ​គេច​មិន​រួច​ ត្រូវ​ប្រជាពលរដ្ឋ​ឃើញ​ជួយ​ជិះ​ម៉ូតូ​ដេញ​រហូតដល់​ផ្លូវ​៣៣៧ ក៏​ចាប់បាន​ម្នាក់ តែ​រត់​រួច​ម្នាក់។ បន្ទាប់ពី​មាន​ហេតុការណ៍​ខាងលើ​ជនរងគ្រោះ​បាន​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​បឹង​កក់​១ ផងដែរ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​បាន​មក​ដល់ ក៏​នាំ​ខ្លួន​ជនសង្ស័យ​យក​ទៅ​សួរនាំ នៅ​ប៉ុស្តិ៍​នគរបាល​បឹង​កក់​១ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114