ព័ត៍មានទាន់​ហេតុការណ៏
Search

សូត្រ​ ប៊ុន​ធី​ និង​ឡុង​ ជិន ជួប ថៃ ឯ​យ៉ា​ម ខេមរា ជួប អ៊ីរ៉ង់ នៅ​សង្វៀន​Boostrong-SEATV

សូត្រ ប៊ុន​ធី អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈឿ ស៊ី​ង​សិរិ​(Chhoeur Singsiri) នា​ព្រឹក​ថ្ងៃអាទិត្យ​ ទី​២២ ខែ​កញ្ញា ​ឆ្នាំ​២០១៩ នេះ លើស​ង្វៀន​Boostrong Fighter On Fire របស់​SEATV។

ឈឿ ស៊ី​ង​សិរិ ជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី មិន​ធ្លាប់​ដែល​មក​ប្រកួត​នៅ​កម្ពុជា​ម្តងណា​នោះឡើយ​កន្លងមក។ ដូច្នេះ នេះ​ជា​លើក​ទី​១ របស់​ឈឿ ស៊ី​ង​សិរិ ដែល​ត្រូវបាន​អ្នក​ផ្គូផ្គង​ឲ្យ​ជួប​ជាមួយ​សូត្រ ប៊ុន​ធី នោះ។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។

បើតាម​លោក​ញាណ សុធី អ្នក​ផ្គូផ្គង​ប្រចាំ​SEA-TVឲ្យ​ដឹង​នោះ​ថា អ្នក​ប្រដាល់​ថៃ ឈឿ ស៊ី​ង​សិរិ នេះ មាន​ស្នៀត​ប្រដាល់​ល្អ​និង​ខ្លាំង ហើយ​បទពិសោធន៍​លើ​រេញ​របស់​គេ​គួរសម​ដែរ ព្រោះ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨១​លើក ឈ្នះ​៧០​លើក និង ចាញ់​១១​លើក មិនដែល​ស្មើ។

ទោះជា​យ៉ាងណា ឈឿ ស៊ី​ង​សិរិ លើក​នេះ ជួប​ជាមួយ​សូត្រ ប៊ុន​ធី ក៏​ប្រហែលជា​មិន​ស្រួលខ្លួន​នោះ​ទេ ព្រោះ​ប៊ុន​ធី ​ឥឡូវ​វាយ​ឡើង​ខ្លាំង ​និង​មាន​ផ្លែ​កាន់តែ​ល្អ។ តែ​យ៉ាងណា បើតាម​កម្រិត​សមត្ថភាព​របស់​ឈឿ ស៊ី​ង​សិរិ អាច​និយាយថា សូត្រ ប៊ុន​ធី នៅតែ​ពិបាក​ក្នុងការ​យកឈ្នះ​ឈឿ ស៊ី​ង​សិរិ ដែរ ត្បិត​អ្នក​ប្រដាល់​ថៃ​រូបនេះ ក៏​វាយ​ខ្លាំង​ និង​ល្អ​ដែរ។

សូត្រ ប៊ុន​ធី ក្នុងការ​ប្រកួត​ចំនួន​១១០​លើក គេ​វាយ​ឈ្នះ​៨២​លើក ចាញ់​២២​លើក និង​ស្មើ​០៤​លើក។ ការប្រកួត​ចុងក្រោយ​ជាមួយ​ថៃ សូត្រ ប៊ុន​ធី បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ​ភិ​ច ង៉ា​ម​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ កាលពី​ថ្ងៃទី​០៧ ខែ​កញ្ញា​ ឆ្នាំ​២០១៩​កន្លងទៅ។ ដូច្នេះ ឈឿ ស៊ី​ង​សិរិ មកជួប​នេះ​ក៏​ពិបាក​ និង​ត្រូវ​ប្រយ័ត្ន​ចំពោះ​សូត្រ ប៊ុន​ធី ដែរ។

អ្នក​ប្រដាល់​សូត្រ ប៊ុន​ធី គេ​មាន​សន្ទុះ​ជើង​ទាត់​ខ្លាំង ហើយ​ក៏មាន​ស្នៀត​ជង្គង់​កែង​ល្អ​ខ្លាំង​ដែរ។ ដូច្នេះ​ចាំ​មើល តើន​រណា​ឈ្នះ​រវាង​សូត្រ ប៊ុន​ធី និង ឈឿ ស៊ី​ង​សិរិ នេះ?។

ឡុង ជិន អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឃុ​ម សេន (Khum Sen) ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។ ឡុង ជិន ធ្លាប់​ជួប​ថៃ​ច្រើន​នាក់​ហើយ​ដែរ ប៉ុន្តែ​ពុំ​ធ្លាប់​ដែល​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ ឃុ​ម សេន នេះ​ទេ។

ឃុ​ម សេន គេ​មាន​កំណត់ត្រា​ប្រកួត​តិចជាង​ឡុង ជិន។ ឃុ​ម សេន គេ​ឆ្លងកាត់​ការប្រកួត​លើស​ង្វៀន​ចំនួន​៦៥​លើក ក្នុងនោះ​វាយ ឈ្នះ​៥៤​លើក និង ចាញ់​១១​លើក មិនដែល​ស្មើ។

បើ​ធៀប​ជាមួយ​ឡុង ជិន គឺ​តិចជាង​ប្រមាណ​២០​លើក ខណៈ​ដែល​ឡុង​ជិន គេ​មាន​កំណត់ត្រា​ចំនួន ៨១​លើក ឈ្នះ​៦៣​លើក ចាញ់​១៦​លើក និង​ស្មើ​០២​លើក។

ចាំមើល រវាង​ឡុង ជិន និង ឃុ​ម សេន ជួប​ប្រកួត​គ្នា​លើកដំបូង​នេះ តើន​រណា​ជា​អ្នកឈ្នះ​នោះ?។​
​អ្នក​ប្រដាល់ យ៉ា​ម ខេមរា ក្លិប​រស្មី​កុមារកំព្រា ត្រូវគេ​ផ្គូ​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អ៊ីរ៉ង់ អា​មៀរ ចា​ហ្វា​រី​ន (Amir Jafaian) ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម។

អា​មៀរ ចា​ហ្វា​រី​ន នេះ គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះទេ​កន្លងមក។ គេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី ប៉ុន្តែ​គេ​វាយ​ល្អ​ និង​ខ្លាំង​មិន​ចាញ់​អ្នក​ប្រដាល់​កម្ពុជា​នោះឡើយ​។ ដូច្នេះ យ៉ា​ម ខេមរា មិនអាច​មើល​ស្រាល​អា​មៀរ ចា​ហ្វា​រី​ន បានទេ ព្រោះ​អ្នក​ប្រដាល់​អ៊ីរ៉ង់​រូបនេះ វាយ​ខ្លាំង និង​មាន​ក្បាច់គុន​ល្អ​ផង​ដែរ ។ យ៉ាងណា សម្រាប់​ការប្រកួត​ជាមួយ​អា​មៀរ ចា​ហ្វា​រី​ន នេះ យ៉ា​ម ខេមរា ត្រូវតែ​ប្រយ័ត្ន​កណ្ដាប់ដៃ​របស់គេ ព្រោះថា​កណ្ដាប់ដៃ​របស់​គេ​ខ្លាំង រហ័ស លឿន។

តែ​យ៉ាងណា អា​មៀរ ចា​ហ្វា​រី​ន ក៏​មិនជា​ស្រួលខ្លួន​ប៉ុន្មាន​ដែរ ព្រោះ​យ៉ា​ម ខេមរា គេ​ក៏​វាយ​ខ្លាំង​និង​មាន​បច្ចេកទេស​ក្នុងការ​ប្រកួត​ល្អ​ដែរ​។ ហើយ​មួយទៀត គេ​មាន​កណ្ដាប់ដៃ និង​ជើង​ទាត់​ខ្លាំង ហើយ​ជង្គង់ ​និង​កែង ក៏​ល្អ មិន​ចាញ់​អា​មៀរ ចា​ហ្វា​រី​ន ទេ។

យ៉ា​ម ខេមរា មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៤៦​លើក ក្នុងនោះ​វាយ​ឈ្នះ​៣៥​លើក ចាញ់​១១​លើក មិន​ដែល​ស្មើ។ ចំណែក អា​មៀរ ចា​ហ្វា​រី​ន គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​១៥​លើក ឈ្នះ​១០​លើក ចាញ់​០៥​លើក និង​មិនដែល​ស្មើ។ ចាំមើល រវាង​យ៉ា​ម ខេមរា និង អា​មៀរ ចា​ហ្វា​រី​ន តើន​រណា​ជា​អ្នកឈ្នះ​នោះ?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114