ព័ត៍មានទាន់​ហេតុការណ៏
Search

ជើង​ខ្លាំង​៤​រូប​ ជួប​គ្នា​ដណ្ដើម​ពាន​រង្វាន់​បាយ័ន​ឆ្នាំ​២០១៩ ​ទម្ងន់​៦៣,៥០០​គ​.​ក្រ

អ្នក​ប្រដាល់​ជើង​ខ្លាំង និង សុទ្ធ​ជា​ម្ចាស់​ពានរង្វាន់​ទម្ងន់​៦៣,៥០០​គីឡូក្រាម របស់​ទូរទស្សន៍​បាយ័ន​៤​រូប នឹងត្រូវ​ជួបគ្នា ដើម្បី​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ប្រាក់​លាន​របស់​ទូរទស្សន៍​បាយ័ន​ប្រចាំ​ឆ្នាំ​២០១៩ នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២១​ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។

អ្នក​ប្រដាល់​ទាំង​៤​រូបនោះ គឺ​សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ , ឯម ដា​រ៉ូ អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ , នូវ ដា​រ៉ូ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ និង គង់ សំបូរ អ្នក​ប្រដាល់​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្តសៀមរាប។ ពួកគេ​ទាំង​៤ ត្រូវ​ប្រកួត​គ្នា​តាម​រូបមន្ត​ម៉ា​រ៉ា​តុង គឺ​ចាញ់​ហាលអាវ ឈ្នះ​ត្រូវ​បន្ត​ការប្រកួត​ទៀត រហូត​រកឃើញ​អ្នក​ជាប់​លេខ​១​ជា​ម្ចាស់​ពានរង្វាន់។

សម្រាប់​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​៤​រូបនេះ គឺ​ឯម ដា​រ៉ូ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ សុខ សុវណ្ណ។ ពួកគេ​ទាំងពីរ មិន​ធ្លាប់​ដែល​ជួបគ្នា​ទេ​ពីមុនមក ដោយសារ​ឯម ដា​រ៉ូ​ ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ស្រ​ក្រោយ ឯ​សុខ សុវណ្ណ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ជើងចាស់។

រវាង​ពីរ​នាក់​នេះ បើតាម​កម្រិត​សមត្ថភាព​បច្ចេកទេស​ និង​កាយសម្បទា​របស់​ពួកគេ​ទាំងពីរ​នេះ ឃើញ​ថា​ ប្រហាក់ប្រហែលគ្នា តែ​ស្នៀតគុន​ និង​កលល្បិច ​គឺ​ចាញ់​សុខ​ សុវណ្ណ ​ទេ។ ទោះជា​យ៉ាង​ណា សម្រាប់​ការជួបគ្នា​លើក​នេះ មិនអាច​ទស្សន៍ទាយ​មុន​បាន​ថា អ្នកណា​ហាលអាវ អ្នកណា​ឡើង​ទៅ​ផ្ដាច់ព្រ័ត្រ​នោះ​ឡើយ។

ចំពោះ​អ្នក​ប្រដាល់ នូវ ដា​រ៉ូ គេ​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​គង់ សំបូរ។ ពួកគេ​ទាំងពីរ​នេះ ក៏​ពុំ​ធ្លាប់​ជួប​គ្នា​ដែរ​កន្លងមក។ ពួកគេ​ទាំងពីរ​នាក់​នេះ ម្នាក់​ជា​អ្នក​ប្រដាល់​ជើងចាស់​គឺ​គង់ សំបូរ ហើយ​ម្នាក់ទៀត​នូវ​ដា​រ៉ូ ជា​អ្នក​ប្រដាល់​ជើង​ស្រករ​ក្រោយ ប៉ុន្តែ​ពួកគេ​ទាំងពីរ​នាក់​នេះ គេ​មាន​ថ្វីដៃ​ល្អ ហើយ​ខ្លាំង ​និង​កម្លាំង​ស៊ុ​ហ្វ​រឹងមាំ​ដូចគ្នា។ យ៉ាងណា ប៉ះគ្នា​លើក​នេះ គឺមាន​លក្ខណៈ​តឹងតែង​ហើយ។

ប៉ុន្តែ​ទោះជា​យ៉ាងណា រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​៤​រូបនេះ ទោះបីជា​មិនដឹងថា ​អ្នកណា​ជ្រុះ​ធ្លាក់ អ្នកណា​នឹង​បាន​ឡើង​ទៅដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​អ្នកណា​នឹង​ក្លាយ​ជា​ម្ចាស់​ពានរង្វាន់​នេះ​ក្តី ក៏​គេ​មើល​ឃើញ​មុន​រួចជាស្រេច​ថា សុខ សុវណ្ណ និង គង់ សំបូរ អាច​នឹង​ជួប​គ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​ប្រជែង​គ្នា​យក​ពានរង្វាន់​ប្រចាំឆ្នាំ​២០១៩​មិន​ខាន​នោះទេ។

សូមបញ្ជាក់ថា ការប្រកួត​ចែកចេញជា​ពីរ​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១​ប្រកួត​ជម្រុះ ដើម្បី​ជម្រុះ​ចោល​ពីរ​នាក់​ដែល​ចាញ់ៗ ហើយពីរ​នាក់​ដែល​ឈ្នះ​នោះ ត្រូវ​ឡើងទៅ​ជួបគ្នា​ក្នុងដំណាក់កាល​ទី​២ ដែលជា​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្តើម​ពាន​អនុស្សាវរីយ៍​របស់​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន។

ការប្រកួត​ក្នុងដំណាក់កាល​ទី​១ គឺ​ប្រកួត​តែ​៣​ទឹក​ប៉ុណ្ណោះ​ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី និង​ការ​ប្រកួត​ក្នុងដំណាក់កាល​ផ្ដាច់ព្រ័ត្រ គឺ​វាយ​៥​ទឹក តែមួយ​ទឹក​វាយ​តែ​២​នាទី​ទេ។

ក្រៅពី​គូ​ដណ្តើម​ពានរង្វាន់​នេះ អូន ចាន់​ឡឹង អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា នឹង​ជួប​ប្រកួត​ជាមួយ សៀន វិបុល អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី។ ពួកគេ​ទាំងពីរ នឹង​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧២​គីឡូក្រាម។

ពីរ​នាក់​នេះ ធ្លាប់​ជួបគ្នា​ពិរ​លើក​ហើយ​កន្លងមក ដោយ​វិបុល​ចាញ់​ចាន់ ​ឡឹង​ ទាំង​ពីរលើក។ ក្នុងនោះ ការជួប​ប្រកួត​គ្នា​លើក​ទី​១ សៀន វិបុល ចាញ់​ចាន់​ ឡឹង ​ក្នុង​ទឹក​ទី​២ និង​ជួប​លើក​ទី​៣ វិបុល​ចាញ់​ក្នុង​ទឹក​ទី​១​ទៀត។

សម្រាប់​ការជួប​លើ​ទី​៣​នេះ មិនដឹងថា​សៀន វិបុល គេ​អាច​សងសឹក​វាយ​ឈ្នះ​អូន ចាន់​ឡឹង ឬ​អត់​នោះទេ​? ព្រោះ​សៀន វិបុល មិនមាន​ផ្លែ​ល្អ​ដូច​ចាន់​ឡឹង​នោះឡើយ។

ពេជ្រ កក្កដា ក្លិប​ចលនា​យុវជន​១៥៧​គុន​ខ្មែរ ត្រូវ​ជួប​ប្រកួត​ជាមួយ​អេ​លី​ត សំណាង ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114