ព័ត៍មានទាន់​ហេតុការណ៏
Search

បើក​ការប្រកួត​កីឡា​ប៉េតង់​ពានរង្វាន់​សម្ដេច​វិបុល​បញ្ញា សុខ អាន លើក​ទី​៧ ឆ្នាំ​២០១៩

ការប្រកួត​ពានរង្វាន់​សម្ដេច​វិបុល​បញ្ញា សុខ អាន ឆ្នាំ​២០១៩ ចាប់ផ្ដើម​បើក​ការប្រកួត​នៅ​ថ្ងៃទី​២០​កញ្ញា​នេះ​ហើយ នៅ​ទីលាន​ប៊ូល និង​ប៉េតង់ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែល​ក្រុម​កីឡាករ​-​កីឡា​ការិនី​មកពី​៣៦​សមាគម ក្លិប​ចូលរួម​មាន​។

ព្រឹត្តិការណ៍​នេះ រៀបចំ​ដោយ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៩។

ក្រុម​កីឡាករ​-​កីឡាការិនី​មកពី​៣៦​សមាគម ក្លិប​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ប៉េតង់ ពានរង្វាន់​សម្ដេច​វិបុល​បញ្ញា សុខ អាន លើក​ទី​៧ ឆ្នាំ​២០១៩ ប្រព្រឹត្ត​ឡើង ដើម្បី​រំលឹក​ដល់​គុណូបការៈ​របស់​សម្ដេច​ដែល​ជា​ស្ថាបនិក និង​អភិវឌ្ឍ​កីឡា​ប៊ូល និង​ប៉េតង់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​សូ​ម៉ៃ សុខ​គា អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​បាន​មានប្រសាសន៍ថា ការ​ប្រកួត​ពានរង្វាន់​សម្ដេច​វិបុល​បញ្ញា សុខ អាន ឆ្នាំ​២០១៩ មាន​ក្រុម​កីឡាករ​-​កីឡា​ការិនី​ចំនួន​៣០៩​នាក់ មកពី​៣៦​ក្លិប និង​សមាគម ក្នុងនោះ​កីឡា​ការិនី​៦០​នាក់។ ចំណែក​គ្រូ​បង្វឹក​២២​នាក់ និង​ប្រតិភូ​៣០​នាក់​សរុប​ទាំងអស់​៣៦១​នាក់។

ចំពោះ​វិញ្ញាសា​ប្រកួត​រួមមាន វិញ្ញាសា​បុរស​៣​នាក់ ទល់​៣​នាក់ (​បម្រុង​១) ដោយ​មិន​កំណត់​អាយុ វិញ្ញាសា​នារី​៣​នាក់ ទល់​៣​នាក់ (​បម្រុង​១) ដោយ​មិន​កំណត់​អាយុ វិញ្ញាសា​យុវនារី​២​នាក់ ទល់​២​នាក់ (​អាយុ​ក្រោម​១៨​ឆ្នាំ​) និង​វិញ្ញាសា​យុវជន​៣​នាក់ ទល់ ៣​នាក់ (​បម្រុង​១) អាយុ​ក្រោម​១៨​ឆ្នាំ។

លោក​អគ្គលេខាធិការ​បន្ត​ថា សម្រាប់​វិញ្ញាសា​ពានរង្វាន់​វ័យ​ចាស់​៣​នាក់ ទល់​៣​នាក់ (​បម្រុង​១) អាយុ​៥៥​ឆ្នាំ​ឡើង និង​វិញ្ញាសា​ពាន​សមាគម ៣​នាក់ ទល់​៣​នាក់ (​បុរស​) សម្រាប់​ក្រុម​ដែល​ពុំបាន​ជាប់​ចំណាត់ថ្នាក់​ពី​លេខ​០១ ដល់ លេខ​០៨ តែប៉ុណ្ណោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114