ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trudeau សារភាព​ចំពោះ​ការ​តុបតែង​មុខ​ពណ៌​ត្នោត​បែប​រើសអើង​ជាតិ​សាសន៍

នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau បាន​សុំទោស​កាលពី​ថ្ងៃ​ពុធ​ចំពោះ​ការតុបតែង​មុខ​ពណ៌​ត្នោត​នៅឯ​ពិធីជប់លៀង​មួយ​កាលពី​១៨​ឆ្នាំមុន​ខណៈពេលដែល​លោក​កំពុង​ខំប្រឹងប្រែង​ដើម្បី​ស្តារ​មុខមាត់​ឡើងវិញ​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដែល​ពោរពេញ​ទៅដោយ​បញ្ហា​ចម្រូងចម្រាស។

ទស្សនា​វ​ដ្តី Time បានចេញ​ផ្សាយ​រូបថត​ក្នុង​រយៈពេល​មួយ​សប្តាហ៍​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​សហព័ន្ធ​ដោយ​គណបក្ស​សេរីនិយម​របស់លោក Trudeau នឹងត្រូវ​ប្រកួតប្រជែង​ដ៏​តឹងតែង​ជាមួយនឹង​គណបក្ស​អភិរក្ស​ដែល​ដឹកនាំ​ដោយ​លោក Andrew Scheer​។​

លោក Trudeau អាយុ​៤៧​ឆ្នាំ​ដែល​គណបក្ស​របស់លោក​ទទួលបាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​កាលពី​ឆ្នាំ​២០១៥​គឺ​បាន​រង​ការវាយប្រហារ​រួចទៅហើយ​ដោយសារ​បញ្ហា​ក្រមសីលធម៌​និង​ភាពចម្រូងចម្រាស​ផ្សេងៗ​ទៀត​។​

រូបថត​ស​ខ្មៅ​មួយ​សន្លឹក​បានបង្ហាញ​លោក Trudeau ដែល​កាលនោះ​មាន​អាយុ​២៩​ឆ្នាំ​ពាក់​ឈ្នួត​និង​អាវ​ផាយ​ដោយ​មុខ ក​និង​ដៃ​របស់គាត់​មាន​ពណ៌​ខ្មៅ​នៅ​ពិធីជប់លៀង​មួយ​ក្នុង​ឆ្នាំ​២០០១​។​

ទស្សនា​វ​ដ្តី Time ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បាន​និយាយថា រូបភាព​នេះ​គឺមាន​នៅក្នុង​សៀវភៅ​ឆ្នាំ​សិក្សា​២០០០-២០០១​នៃ​សាលា West Point Grey ដែលជា​សាលា​ឯកជន​មួយ​ដែល​លោក Trudeau បាន​បង្រៀន​នៅពេលនោះ​។​

លោក Trudeau បាន​បញ្ជាក់ថា ពិតណាស់​គឺជា​រូបគាត់​នៅក្នុង​រូបថត​នោះ​នៅ​អាហារ​ពេល​ល្ងាច​ប្រចាំឆ្នាំ​របស់​សាលារៀន​ដែល​ត្រូវ​បានរៀបចំ​ធ្វើឡើង​ជាមួយ​ប្រធានបទ “Arabian Nights”​។​

លោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​តាម​ទូរទស្សន៍​ស្តីពី​យុទ្ធនាការ​របស់លោក​ថា “​ខ្ញុំ​បានធ្វើការ​ពេញ​មួយជីវិត​របស់ខ្ញុំ​ដើម្បី​ព្យាយាម​បង្កើត​ឱកាស​សម្រាប់​ប្រជាជន​ប្រយុទ្ធ​ប្រឆាំងនឹង​ការរើសអើង​ជាតិ​សាសន៍​និង​ការមិន​អត់ឱន​ឲ្យ​គ្នា​។ ខ្ញុំ​អាច​និយាយថា ខ្ញុំ​បានធ្វើ​ខុស​នៅពេលដែល​ខ្ញុំ​នៅ​ក្មេង​។ ខ្ញុំ​សង្ឃឹមថា ខ្ញុំ​ដឹង​ច្បាស់​ជាង​នេះ​ប៉ុន្តែ​ខ្ញុំ​មិនបាន​ធ្វើ​ទេ​ហើយ​ខ្ញុំ​ពិតជា​សោកស្តាយ​ខ្លាំងណាស់​ចំពោះ​វា​”។

លោក​និយាយថា “​ឥឡូវនេះ​ខ្ញុំ​ទទួលស្គាល់ថា វា​ជា​អ្វីដែល​ប្រកាន់ពូជសាសន៍​”៕ AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114