ព័ត៍មានទាន់​ហេតុការណ៏
Search

សឹង​រង​យោធា​ស្រុក​អង្គរបុរី​ ឃុបឃិត​គ្នា​កាត់​ដី​បន្ទាយ​លក់​ឲ្យ​ឈ្មួញ​សង់​ស្តង់ ​ជួល​ឲ្យ​អាជីវករ​លក់ដូរ

តាកែវ ៖ ប្រជាពលរដ្ឋ​ស្រុក​អង្គរបុរី ខេត្ត​តាកែវ បាន​រាយការណ៍​ថា មេទាហាន​ខេត្ត​តាកែវ និង​មេ​ទាហាន​ស្រុក​អង្គរបុរី​ បាន​ឃុបឃិត​គ្នា​កាត់​យក​ដី​បន្ទាយ​ទាហាន​លក់​ឲ្យ​ឈ្មួញ​អស់​មួយ​កំណាត់​ដោយ​ឈ្មួញ​យកមក​សង់​តូប​ជួល​លក់ដូរ​យ៉ាង​រំភើយ ហើយ​រឿងនេះ​ គេ​មិនដឹងថា​ ចៅហ្វាយខេត្ត​តាកែវ​ដឹង ​ឬក៏​អត់​ទេ។

ប្រភព​ខាងលើ​បានបញ្ជាក់​ទៀតថា ទីតាំង​បន្ទាយ​យោធា​នេះ​ស្ថិតនៅ​ជាប់មាត់​ស្ទឹង​ខាងកើត​ស្ពាន​ដែក​ស្ទឹង​អង្គរបុរី ​ស្ថិតក្នុង​ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរបុរី ហើយ​ដី​បន្ទាយ​ទាហាន​ដែល​កាត់​លក់​នេះ​មាន​ប្រហែល​កន្លះ​ហិកតា​ឯណោះ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ​ការលក់ដូរ​ដី​បន្ទាយ​ទាហាន​ស្រុក​បាន​យ៉ាង​រលូន​នេះ​ ដោយមាន​ការ​បើក​ភ្លើង​ខៀវ​ពី ​លោក​ឌឹ​ម ​គឹម​សាន​ ចៅហ្វាយស្រុក​អង្គរបុរី​ទើប​គេ​ហ៊ាន​លក់ បើ​មិន​ដូច្នោះ​ទេ​ត្រឹម​មេទាហាន​មិនអាច​ទៅរួច​ឡើយ ព្រោះ​គេ​អាច​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​ទើបបាន​រលូន។

ប្រជាពលរដ្ឋ​ដែល​ដឹង​រឿងនេះ​បានលើកឡើង​ទៀតថា បន្ទាប់ពី​ពួកគេ​ឃុបឃិត​គ្នា​លក់​បន្ទាយ​មួយ​កំណាត់​នោះ គេ​បាន​សាងសង់​ស្តង់​ថ្មីចែស​អង្កន់​ជា​កង់ៗ សម្រាប់​ជួល​លក់​អីវ៉ាន់​អស់​រួចទៅហើយ ប៉ុន្តែ​គេ​មិនទាន់​វាយរបង ​និង​ខ្លោងទ្វារ​ចាស់ ​ដែលមាន​សរសេរ​ថា តំបន់​ប្រតិបត្តិការ​សឹក​រង​​តាកែវ ផ្នែក​អង្គរបុរី​ចេញ​នៅឡើយ​ទេ។

ប្រជាពលរដ្ឋ​ស្រុក​អង្គរបុរី ក៏បាន​ធ្វើការ​សំណូមពរ​ទៅ​លោក​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​មាន​វិធានការ​ទប់ស្កាត់​ក្នុង​រឿងនេះ​ផង បើ​មិន​ដូច្នោះ​ទេ ជនខិលខូច​ច្បាស់​ជា រក​វិធី​លក់​ដី​រដ្ឋ ដី​អង្គ​ភាព​អស់​ខ្ទេចខ្ទី​មិន​ខាន។

ទាក់ទិន​ក្នុង​ករណី​នេះ កម្ពុ​ជាថ្មី​ធ្លាប់បាន​ព្យាយាម​សុំ​ការពន្យល់​ពី​លោក​អ៊ូច យី មេបញ្ជាកា​រសិក​រង​ស្រុក​អង្គរបុរី តែ​លោក​បាន​ប្រាប់ថា​ ជាប់រវល់​ រីឯ​លោក​ឌឹ​ម​ គឹម​សាន​ អភិបាលស្រុក​ ក៏​គាត់​មិនមាន​ការបកស្រាយ​នោះឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114