ព័ត៍មានទាន់​ហេតុការណ៏
Search

កូនសិស្ស​២៦​នាក់ ​និង​គ្រូ​២​នាក់ ​ត្រូវស្លាប់​ក្នុង​អគ្គិភ័យ​នៅ​សាលារៀន លី​បេ​រី​យ៉ា

អគ្គិភ័យ​ដ៏​ធំ​មួយ​នៅ​សាលារៀន​គម្ពី​កូ​រ៉ា​ន​ក្នុងប្រទេស​លី​បេ​រី​យ៉ា​បានសម្លាប់​សិស្ស​យ៉ាងតិច​២៦​នាក់​និង​គ្រូ​ពីរ​នាក់​កាលពី​ថ្ងៃ​ពុធ​នៅពេល​អណ្តាតភ្លើង​បាន​ឆាបឆេះ​បន្ទប់​គេង​របស់​ពួកគេ​ដែល​នេះ​ជា​គ្រោះមហន្តរាយ​អាក្រក់​បំផុត​មួយ​សម្រាប់​ប្រទេស​អាហ្វ្រិក​ខាងលិច​មួយ​នេះ​។​

អ្នកនាំពាក្យ​ប៉ូលិស​លោក Moses Carter បាន​និយាយថា ក្មេងប្រុស​កំពុង​ដេក​នៅឯ​សាលារៀន​នៅពេល​ភ្លើង​បានចាប់ផ្តើម​ឆេះ​ក្នុង​ពេលយប់​។ លោក​បាន​បន្ថែមថា ការ​ទុស្សេ​ខ្សែភ្លើង​អាច​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​នេះ​។​

លោក​ប្រធានាធិបតី George Weah បាន​ទៅដល់​កន្លែងកើតហេតុ​ក្នុង​ទីក្រុង Paynesville ក្បែរ​រដ្ឋធានី Monrovia​ហើយ​បាន​និយាយថា​មូលហេតុ​មិនទាន់​ត្រូវបាន​គេ​ដឹង​ច្បាស់​នៅឡើយ​ទេ​។​

លោក Weah បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​កន្លែងកើតហេតុ​ថា “​យើង​មក​ទីនេះ​ដើម្បី​លើកទឹកចិត្ត​ឪពុកម្តាយ​របស់​ជនរ​ង​គ្រោះ​ឲ្យ​មាន​កម្លាំង​ពីព្រោះ​វា​ឈឺចាប់​ណាស់​ក្នុងការ​បាត់បង់​កូនៗ​ដោយ​របៀបនេះ​”​។​

ការិយាល័យ​ប្រធានាធិបតី​បាន​និយាយថា សិស្ស​ចំនួន​២៦​នាក់​ដែលមាន​អាយុ​ចន្លោះ​ពី​១០​ទៅ​២០​ឆ្នាំ​បាន​ស្លាប់​រួមជាមួយ​គ្រូបង្រៀន​ពីរ​នាក់​។​

កាលពី​ល្ងាច​ថ្ងៃ​ពុធ ប្រធានាធិបតី​នៃ​ប្រទេស​ហ្គី​ណេ​ដែល​នៅ​ជិតខាង​គឺ​លោក Alpha Conde បាន​និយាយថា ជនជាតិ​របស់គាត់​ជាច្រើន​នាក់​បាន​ស្លាប់​នៅក្នុង​គ្រោះ​អគ្គិភ័យ​នេះ​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ លោក​បាន​សម្តែង​នូវ​អារម្មណ៍​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​មរណភាព​នេះ​និង​បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​ប្រជាជន​លី​បេ​រី​យ៉ា​និង​សហគមន៍​ហ្គី​ណេ​នៅក្នុង​ប្រទេស​លី​បេ​រី​យ៉ា​។​

គួរ​បញ្ជាក់ថា លី​បេ​រី​យ៉ា​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច​បំផុត​នៅលើ​ពិភពលោក​ហើយ​ប្រវត្តិសាស្ត្រ​ថ្មីៗ​របស់ខ្លួន​ត្រូវបាន​ញាំញី​ដោយ​សង្គ្រាមស៊ីវិល​និង​ការ​ផ្ទុះឡើង​នូវ​វីរុស​អេ​បូ​ឡា​ដ៏​កាច​សាហាវ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114