ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​កាំកុងត្រូល រកឃើញ​ទំនិញ​ខូចគុណភាព​មួយចំនួន និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ក្នុង​ស្លាដក​ដែល​ដាក់តាំង​លក់​នៅក្នុង​ផ្សារ​​​វាល​យន្ត​

ស្វាយរៀង ​៖ រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ចូលមក​ដល់​មន្ត្រី​កាំកុងត្រូល រកឃើញ​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ក្នុង​ស្លា​ដក​ដែល​ដាក់តាំង​លក់​នៅក្នុង​ផ្សារ​​​វាល​យន្ត​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែកញ្ញា ​ឆ្នាំ​២០១៩ ​ស្ថិតក្នុង​សង្កាត់​ស្វាយរៀង​ ក្រុង​ស្វាយរៀង។

សមត្ថកិច្ច​ជំនាញ​កាំកុងត្រូល​បានឲ្យ​ដឹងថា ក្រោយ​ធ្វើការ​ពិនិត្យ​មុខទំនិញ​ចំនួន​២៦​គំរូ​ និង​ស្លា​ដក​១៥​កញ្ចប់ ក្នុង​ផ្សារ​វាល​យន្ត​​ បាន​រកឃើញ​ទំនិញ​ខូចគុណភាព​ក្នុង​ស្លា​ដក​មួយចំនួន ចំណែក​អ្នកលក់ ក៏បាន​យល់ព្រម​បញ្ឈប់​ការដាក់​លក់ទំនិញ​ ដែល​ខូចគុណភាព ហួសការ​បរិច្ឆេទ​ប្រើប្រាស់ ព្រោះ​ពួកគេ​ទាំងអស់គ្នា បាន​យល់ដឹង​នូវ​ផលប៉ះពាល់​ដល់ សុខភាព​របស់​ពលរដ្ឋ​។​

មន្ត្រី​ដដែល​បាន​អំពាវនាវ​ដល់​ពលរដ្ឋ មុន​នឹង​ទិញ​ស្លា​ដក និង​ទំនិញ​ផ្សេងៗ ត្រូវ​ពិនិត្យមើល​កាលបរិច្ឆេទ​ឲ្យ​បាន​ច្បាស់លាស់ ព្រោះ​កាលណា​ទិញ​ទំនិញ​ខូច គុណភាព​យក​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ និង​បរិភោគ​ខ្លួន​ឯង​បណ្ដាល​ឲ្យ​ខូច​សុខភាព បង្ក​ជា​រាករូស ក្អួតចង្អោរ​ផ្សេងៗ ដែល​នាំ​ឲ្យ​ខាតបង់​វេលា និង​ថវិកា​ផង​ដែរ។

ការចុះពិនិត្យ​មុខទំនិញ​នៅថ្ងៃនេះ ក្នុង​គោលបំណង​ធានាបាន​សុវត្ថិភាព​ម្ហូបអាហារ ព្រោះ​វា​មាន​សារសំខាន់ ចាំបាច់​ណាស់​ក្នុងសង្គម និង​ជីវភាព​ប្រចាំថ្ងៃ​។ ការទទួលខុសត្រូវ​លើ​សុវត្ថិភាព​ម្ហូបអាហារ គឺជា​ការទទួលខុសត្រូវ​រួមគ្នា ទាំង​ស្ថាប័ន​ជំនាញ ទាំង​អ្នក​នាំចូល អ្នក​ផលិត អ្នក​ចែក​ចាយ និង​អ្នក​ទាំងអស់គ្នា​ជា​អ្នកប្រើប្រាស់​ផងដែរ ព្រោះ​សុខភាព គឺជា​កត្តា​ចម្បង​ នៃ​ភាព​រស់រាន​នៃ​ជីវិត​របស់​មនុស្ស​ទូទាំង​ប្រទេស​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114