ព័ត៍មានទាន់​ហេតុការណ៏
Search

EU ព្រមាន​ថា Brexit ដោយ​គ្មាន​កិច្ចព្រមព្រៀង​នឹង​កើតឡើង​ប្រសិនបើ​ចក្រភព​អង់គ្លេស​មិន​យកចិត្តទុកដាក់

កាលពី​ថ្ងៃ​ពុធ មន្ត្រីជាន់ខ្ពស់​ពីររូប​របស់​សហភាព​អឺរ៉ុប​ដែល​កំពុង​ដោះស្រាយ​បញ្ហា Brexit បាន​ព្រមាន​អំពី​ហានិភ័យ​នៃ​ការចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​លុះត្រាតែ​រដ្ឋាភិបាល​អង់គ្លេស​របស់លោក​នាយករដ្ឋមន្ត្រី Boris Johnson ផ្តល់នូវ​សំណើ​រឹងមាំ​។​

ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក Jean-Claude Juncker បាន​ប្រាប់​សភា​អ៊ឺរ៉ុប​នៅក្នុង​ទីក្រុង Strasbourg ថា​“​ហានិភ័យ​នៃ​ការចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​គឺ​នៅតែ​ជាការ​ពិត​។ នោះ​ប្រហែលជា​ជម្រើស​របស់​ចក្រភព​អង់គ្លេស​ប៉ុន្តែ​មិនដែល​ជា​ជម្រើស​របស់​សហភាព​អឺរ៉ុប​ទេ​”​។​

ចំណែក​លោក Michel Barnier ប្រធាន​អ្នកចរចា Brexit របស់​សហភាព​អឺរ៉ុប​បាន​ថ្លែង​ក្នុង​សុន្ទរកថា​មួយ​ដែល​សំដៅ​ដល់​សមាជិកសភា​អឺរ៉ុប​គាំទ្រ Brexit ថា “​ប្រសិនបើ​រឿងនេះ​កើតឡើង​មែន​នោះ ផលវិបាក​នឹង​កាន់តែ​ធ្ងន់ធ្ងរ​និង​ច្រើនជាង​អ្វីដែល​អ្នក​ចង់​និយាយ​ទៅទៀត​”​។​

លោក​បាន​ប្រាប់​ពួកគេ​ថា “​បន្ទាប់ពី Brexit, អ្នកនឹង​ទទួលខុសត្រូវ​ចំពោះ​ប្រជាពលរដ្ឋ​” ។​
​ការព្រមាន​នេះ​បានកើត​ឡើង​ពីរ​ថ្ងៃ​បន្ទាប់ពី​លោក Juncker និង​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បាន​ជួបគ្នា​នៅ​ប្រទេស​លុច​សំបួ​សម្រាប់​កិច្ចពិភាក្សា​ហើយ​វា​កើតឡើង​ក្នុង​រយៈពេល​ត្រឹមតែ​៦​សប្តាហ៍​ប៉ុណ្ណោះ​មុន​ពេលដែល​ចក្រភព​អង់គ្លេស​ត្រូវ​ចាក​ចេញពី​ប្លុក​នេះ​។​

ដំណើរ​នោះបាន​បញ្ចប់​ទៅដោយ​ភាពអាម៉ាស់​សម្រាប់​លោក Johnson នៅពេលដែល​លោក​បាន​គេចវេស​សន្និសីទ​សារព័ត៌មាន​រួមគ្នា​មួយ​ជាមួយ​សម​ភាគី​លុច​សំបួ​។​

លោក Juncker បាន​សង្កត់ធ្ងន់ថា ចក្រភព​អង់គ្លេស​នៅតែ​មិនបាន​ផ្តល់​ដំណោះស្រាយ​ណាមួយ​ដើម្បី​សរសេរ​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង​ដកខ្លួន​ដែល​យល់ព្រម​ដោយ​អ្នក​កាន់តំណែង​មុន​របស់លោក Johnson ប៉ុន្តែ​បាន​បដិសេធ​បី​ដងដោយ​សភា​អង់គ្លេស​។​

លោក Juncker បាន​និយាយថា “​ខ្ញុំ​មិន​ប្រាកដ​ទេ​ថា​កិច្ចព្រមព្រៀង​ថ្មី​នឹងត្រូវ​ឈានដល់​”៕ AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114