ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trump តែងតាំង​លោក O’Brien ជាទី​ប្រឹក្សា​សន្តិសុខ​ជាតិ

ប្រធានាធិបតី​អាមេរិក​លោក Donald Trump កាលពី​ថ្ងៃ​ពុធ​បានតែងតាំង​អ្នកដោះស្រាយ​បញ្ហា​ស្ថានភាព​ចំណាប់ខ្មាំង​លោក Robert O’Brien ឲ្យ​ជំនួស​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ដែល​ត្រូវបាន​បណ្តេញចេញ​ចំពេល​ដែល​ទំនាក់ទំនង​ជាមួយ​ប្រទេស​អ៊ីរ៉ង់​កំពុង​ឈានដល់​ចំណុច​វិបត្តិ​ថ្មី​មួយ​។​

លោក Trump បានធ្វើ​សេចក្តីប្រកាស​តាម Twitter ហើយ​ក្រោយមក​បានបង្ហាញ​ខ្លួន​ជាមួយ​លោក O’Brien នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​ខណៈពេល​ធ្វើដំណើរ​ក្នុង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ដែល​នៅ​ទីនោះ​លោក​បាន​និយាយថា ជំនួយការ​គោលនយោបាយ​ការបរទេស​ថ្មី​របស់លោក​រូបនេះ​ត្រូវបាន​គេ​គោរព​យ៉ាងខ្លាំង​។​

កាលពី​សប្តាហ៍​មុន លោក Trump បាន​បណ្តេញ​លោក John Bolton ដែលជា​អ្នកគាំទ្រ​យ៉ាងខ្លាំង​ក្លា​ក្នុងការ​ប្រើប្រាស់​កម្លាំងយោធា​អាមេរិក​នៅក្រៅ​ប្រទេស​និង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅក្នុង​រដ្ឋបាល​ស្តីពី​បញ្ហា​លើ​ប្រទេស​អ៊ីរ៉ង់​។​

លោក O’Brien ដែលមាន​អាយុ​៥៣​ឆ្នាំ​គឺ​បាន​បម្រើការ​ជា​ប្រេសិត​របស់លោក Trump សម្រាប់​ស្ថានភាព​ដែល​ជាប់ទាក់ទង​នឹង​ចំណាប់ខ្មាំង​អាមេរិក​នៅ​បរទេស​។​

លោក​បាន​ចូល​បម្រើ​ការងារ​ថ្មី​នេះ​ដោយមាន​ការគាំទ្រ​ពី​សំណាក់​រដ្ឋមន្ត្រីការបរទេស​លោក Mike Pompeo និង​សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស​សាធារណរដ្ឋ​នៅក្នុង​សភា​។​

លោក O’Brien នឹង​ក្លាយជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ទី​៤​ក្នុង​អាណត្តិ​ទី​១​ដ៏​ចម្រូងចម្រាស់​របស់លោក Trump​។​

លោក​បានមក​កាន់តំណែង​នេះ​ចំពេល​ដែល​លោក Trump កំពុង​រង​សម្ពាធ​ពី​មន្ត្រី​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ឲ្យ​ធ្វើសង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ដើម្បី​ជាការ​សងសឹក​ចំពោះ​ការវាយប្រហារ​ទៅលើ​រោងចក្រ​ប្រេង​នៅ​អារ៉ាប៊ីសាអ៊ូឌីត​កាលពី​ចុង​សប្តាហ៍​មុន​។​

ក្នុងនាម​ជា​មេធាវី​ដ៏​យូរអង្វែង​និង​ជាទី​ប្រឹក្សា​គោលនយោបាយ​ការបរទេស​របស់​គណ​បក្ស​សាធារណរដ្ឋ​, លោក O’Brien បាន​ក្លាយជា​មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នក​ដែល​លោក Trump ពេញចិត្ត​ដោយសារតែ​ការងារ​របស់លោក​ជំនួសមុខ​ឲ្យ​ជនជាតិ​អាមេរិក​ដែល​បាន​ជាប់ឃុំ​នៅឯ​កន្លែង​ឆ្ងាយៗ​រួម​មាននៅ​ប្រទេស​កូរ៉េខាងជើង​និង​ទួរគី​ជាដើម​៕ AFP
​វណ្ណ​វណ្ណ​
​ 


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114