ព័ត៍មានទាន់​ហេតុការណ៏
Search

តាម​ឃ្លាំ​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន រហូត​បង្ហាញខ្លួន​ ទើប​ប៉ូលិស​ចាប់ខ្លួន

បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់ ដែលជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​យ៉ាងសកម្ម ត្រូវបាន​សមត្ថកិច្ច ​នៃ​អធិការដ្ឋាន នគរបាល​ក្រុង​បាត់ដំបង តាម​ប្រមាញ់ និង ឈាន ដល់​ការចាប់ខ្លួន រួម​ជាមួយនឹង​ថ្នាំ​ញៀន​ផងដែរ ខណៈដែល​កម្លាំង​កំពុង​ត្រៀមចាំ ឯមុខ​សញ្ញា​ក៏បាន​បង្ហាញខ្លួន​ល្មម។​

លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការនគរបាល ក្រុង​បាត់ដំបង​បាន​លើកឡើងថា កិច្ច​ប្រតិបត្តិ​ការ​នេះ​បានធ្វើ​ឡើង កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង៩យប់ នៅ​ចំណុច​ក្រុមទី​៣ ភូមិ​រំចេក​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ដោយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង។

លោក​អធិការ​បាន​បន្តថា នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​បាន​បង្ក្រាប​ករណី​រក្សាទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​១​ករណី ព្រមទាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ សុខ សុ​វ៉ាន់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​រំចេក​២ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។

នៅក្នុង​ការបង្ក្រាប​បទ​ល្មើស​ជាក់ស្ដែង សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មួយចំនួន​រួមមាន ៖ ថ្នាំញៀន​ប្រភេទ ម៉ា​ទឹកកក ចំនួន​០១​ថង់ , ទូរស័ព្ទ​ដៃ ០១​គ្រឿង , កាបូប​ដាក់​លុយ​ពណ៌​ខ្មៅ​ចំនួន​០១។

ក្រោយពី​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​រួចមក ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​រៀបចំ​ឯកសារ​ ដើម្បី​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្នុងការ​ចាត់វិធានកា​រប​ន្ត​តាម​នីតិវិធី៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114