ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី​បិទ​សាលារៀន​រាប់ពាន់​កន្លែង​ដោយសារ​ផ្សែង​អ័ព្ទ​ពី​ភ្លើង​ឆេះ​ព្រៃ

ក្រុមមន្ត្រី​បាន​និយាយថា សាលារៀន​រាប់ពាន់​កន្លែង​ត្រូវបាន​បិទ​នៅ​ទូទាំងប្រទេស​ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិស្ស​យ៉ាងតិច​១.៧​លាន​នាក់​ខណៈ​ផ្សែង​អ័ព្ទ​ពុល​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​បាន​បណ្តាល​ឲ្យ​គុណភាព​ខ្យល់​ធ្លាក់ចុះ។

សាលារៀន​ជិត​២,៥០០​កន្លែង​ត្រូវបាន​គេ​បញ្ជា​ឲ្យ​បិទទ្វារ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ដោយ​រួមទាំង​ជិត៣០០​កន្លែង​នៅ​រដ្ឋធានី​គូ​ឡា​ឡាំ​ពួរ​ផងដែរ​ដោយសារតែ​ក្តី​ព្រួយបារម្ភ​អំពី​បញ្ហា​សុខភាព កាន់តែខ្លាំង​ឡើង​ដែល​បណ្តាលមកពី​អ័ព្ទ​ពុល​ចេញពី​ភ្លើង​ឆេះ​ព្រៃ​ដែល​គ្រប់គ្រង​លែង​បាន​នៅលើ​កោះ​ស៊ូ​ម៉ា​ត្រា​និង​កោះ​បូ​ណេ​អូរ​បស់​ប្រទេស​ឥណ្ឌូនេស៊ី​។​

ប្រទេស​ឥណ្ឌូនេស៊ី​បាន​និយាយថា សាលារៀន​រាប់រយ​កន្លែង​នៅក្នុង​ខេត្ត Riau ដែល​រងគ្រោះ​ខ្លាំង​បំផុត​លើ​កោះ​ស៊ូ​ម៉ា​ត្រា​ក៏​នឹងត្រូវ​បិទ​ផងដែរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខណៈដែល​ប្រហែល​១,៣០០​កន្លែង​ត្រូវបាន​បិទ​នៅក្នុង​ខេត្ត Central Kalimantan លើ​កោះ​បូ​ណេ​អូ​។​

ការបិទ​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិស្ស​យ៉ាងតិច​១.៧​លាន​នាក់​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។ ទោះបីជា​យ៉ាងណាក៏ដោយ គេ​មិនដឹង​ច្បាស់​ទេ​ថា​តើ​មាន​សិស្ស​ប៉ុន្មាន​នាក់​ដែល​ត្រូវបាន​បង្ខំ​ឲ្យ​ស្នាក់នៅ​ក្នុងផ្ទះ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។​

រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា​កំពុង​ដាក់ពង្រាយ​កងកម្លាំង​សន្តិសុខ​រាប់ពាន់នាក់​និង​យន្ដហោះ​ទម្លាក់​ទឹក​ដើម្បី​ទប់​ទល់នឹង​អគ្គិភ័យ​ដែល​ភាគច្រើន​ត្រូវបាន​បង្កឡើង​ដោយ​ការដុត​ព្រៃ​ខុសច្បាប់​ដើម្បី​យក​ដី​ធ្វើ​កសិកម្ម​។​

ការបិទ​សាលារៀន​នៅ​ថ្ងៃ​ព្រហស្បតិ៍​គឺជា​ការបិទ​ទ្រង់ទ្រាយ​ធំ​លើកដំបូង​បង្អស់​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ដោយសារតែ​គុណភាព​ខ្យល់​បាន​ធ្លាក់ចុះ​ដល់​កម្រិត “​អាក្រក់​បំផុត​” នៅ​ផ្នែក​ជាច្រើន​នៃ​ឧបទ្វីប​ម៉ាឡេស៊ី​ស្រប​ពេលដែល​ផ្ទៃមេឃ​លើ​រាជធានី​ត្រូវ​ព័ទ្ធជុំវិញ​ដោយ​ផ្សែង​អ័ព្ទ​ក្រាស់​។​

ប្រជាជន​ម៉ាឡេស៊ី​កាន់តែ​ច្រើនឡើង​កំពុង​ទទួលរង​បញ្ហា​សុខភាព​ដោយសារ​អ័ព្ទ​នេះ​ខណៈ​អាជ្ញាធរ​បាន​និយាយថា មានការ​កើនឡើង​យ៉ាងខ្លាំង​នៃ​ការ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​ដែល​ភាគច្រើន​ជា​អ្នកជំងឺ​មាន​បញ្ហា​ក្អក​និង​រមាស់​ភ្នែក​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114