ព័ត៍មានទាន់​ហេតុការណ៏
Search

ទណ្ឌិត សម រង្ស៊ី ជា​អ្នកនយោបាយ​មួយរូប ដែល​ហ៊ាន​ធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង ដើម្បី​អំណាច​បុគ្គល​ផ្ទាល់​ខ្លួន និង​បក្ខពួក

ភ្នំពេញ ៖ លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​អះអាង​ថា ទណ្ឌិត សម រង្ស៊ី ដែល​ត្រូវ​បាន​ចាត់ទុកជា​ជន​ក្បត់ជាតិ​នោះ គឺជា​អ្នកនយោបាយ​មួយរូប ដែល​ហ៊ាន​ធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង ដើម្បី​អំណាច​បុគ្គល​ផ្ទាល់ខ្លួន និង​បក្ខពួក សូម្បីតែ​ការបំផ្លាញ​ជាតិ​សាសន៍ ការបំផ្លាញ​របប​រាជា​និយម ប្រមាថ​ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ ហើយក៏​អាច​អោន​ក្បាល​ដាក់​បរទេស ដើម្បី​សុំ​ឲ្យ​គេ​ដាក់ទណ្ឌកម្ម​មក​លើ​ប្រជាជាតិ​ខ្លួនឯង​ផងដែរ។

លោក ជិន ម៉ា​លីន លើកឡើង​បែបនេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី “​ករណី​ប្រមាថ​ព្រះមហា​ក្ស​ត្រ​” ដែល​រៀបចំឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៩ ដែល​សន្និសីទ​រៀបចំឡើង​នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ក្នុង​គោលបំណង ដើម្បី​ផ្សព្វ​ផ្សាយ​ជូន​សាធារណជន អំពី​គោលការណ៍ និង​វិធាន​ច្បាប់ ដែលមាន​ចែង​ជា​ធរមាន ក្នុង​ករណី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះ​កិត្តិនាម អង្គ​ព្រះមហាក្សត្រ ដែល​ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់​ប្រជា​ជាតិ​កម្ពុជា​ទាំងមូល។

ថ្លែង​ក្នុង​សន្និសីទ​នោះ លោក ជិន ម៉ា​លីន លើក​ឡើង​ថា អង្គ​ហេតុ​ដែល​នាំ​ទៅដល់​ការចោទប្រកាន់​ទណ្ឌិត សម រង្ស៊ី គឺ​ កើត​ចេញពី​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី ​កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ​នេះ ដោយ​នៅក្នុង​បទសម្ភាសន៍​នោះ ទណ្ឌិត​សម រង្ស៊ី បាន​ប្រើ​ពាក្យសំដី ដែល​ចាត់ទុកថា​ជាការ​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ ហើយ​ការប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ​នេះ គឺជា​បទល្មើស ដែល​មាន​បញ្ញត្តិ​នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​៤៣៧​ស្ទួន ដែល​បាន​បញ្ញត្តិ ហើយ​ដែល​ចាត់ទុកជា​បទ​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ គឺ​រាល់​ទង្វើ ឬ​សកម្មភាព តាម​គ្រប់​រូបភាព ដែល​មាន​សំណេរ វាចា គំនូរ ក៏ដូចជា​អំពើ​ផ្សេងៗ​ទៀត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដីថ្លៃថ្នូរ និង​កិត្តិយស​របស់​អង្គ​ព្រះមហាក្សត្រ ត្រូវ​បាន​ចាត់ទុកថា​ជា​ការ​ប្រមាថ​អង្គ​ព្រះមហាក្ស​ត្រ ហើយ​មាត្រា​នោះ មានការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ និង​ពិន័យ​ជា​ប្រាក់ ដែល​មាន​ពី​១ ឆ្នាំទៅ​៥​ឆ្នាំ ជា​ទោស​មជ្ឈិម ហើយ​ពិន័យ​ជា​ប្រាក់​ចាប់ពី​២​លាន​រៀល​ទៅ​១០​លាន​រៀល។
តាម​លោក ជិន ម៉ា​លីន ខ្លឹមសារ​នៅក្នុង​បទ​សម្ភាសន៍​នោះ មាន​មូលដ្ឋាន​គ្រប់គ្រាន់​ដែល​ត្រូវបាន​ចាត់​ទុក​ថា ជា​បទល្មើស ដែល​មានចែង​នៅក្នុង​មាត្រា​៤៣៧​ស្ទួន នៃ​ក្រមព្រហ្មទណ្ឌ​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា ហើយ​ការប្រមាថ​អង្គ​ព្រះមហាក្សត្រ​នេះ វា​បាន​បំពាន​ទៅដល់​រដ្ឋធម្មនុញ្ញ ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ដែលជា​ច្បាប់​កំពូល​របស់​ជាតិ ដែលមាន​នៅក្នុង​មាត្រា​៧ និង​មាត្រា​៨ ដែល​បាន​បញ្ជាក់ថា ព្រះមហាក្សត្រ​មិនត្រូវ​ទទួលបាន​នូវ​ការបំពាន​ឡើយ ទាំង​ផ្លូវកាយ ផ្លូវចិត្ត ផ្លូវ​អារម្មណ៍ គ្រប់បែបយ៉ាង ហើយ​មេ​ត្រា​៨ បាន​បញ្ជាក់ថា ព្រះមហាក្សត្រ គឺជា​និមិត្តរូប​ជាតិ និង​និរន្តរភាព​របស់​ជាតិ ជា​អ្នកធានា​នូវ​ឯករាជ្យ​ជាតិ អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។ ដូច្នេះ​ការប្រមាថ​អង្គ​ព្រះមហាក្សត្រ​នេះ មិនមែនជា​ការប្រមាថ​ត្រឹមត្រូវ​ត្រឹមតែ​ព្រះបរមរាជវាំង សម្រាប់តែ​អង្គ​ព្រះមហាក្សត្រ​ផ្ទាល់ ឬ​សម្រាប់​តែ​របប​រាជានិយម​នៅ​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ជា​ការ​ប្រមាថ​ដល់​ជាតិ​សាសន៍ ដល់​ប្រជាជាតិ​ទាំងមូល​ពីព្រោះ​រដ្ឋធម្មនុញ្ញ​បាន​បញ្ជាក់​ថា ព្រះមហាក្សត្រ​ជា​និមិត្តរូប​ នៃ​ឯករាជ្យ​ជាតិ​។

លោក ជិន ម៉ា​លីន លើកឡើង​ទៀតថា ការប្រមាថ​ព្រះមហាក្សត្រ ដែល​ត្រូវ​បាន​ចាត់ទុកថា ជា​បទ​ល្មើស​មជ្ឈិម​នេះ មិនមែន​មាននៅ​កម្ពុជា​នោះទេ គឺមាន​អនុវត្ត​នៅក្នុង​បណ្ដា​ប្រទេសមួយ​ចំនួន​ផង​ដែរ ពីព្រោះ​នៅពេលដែល​យើង​អនុម័ត​ច្បាប់ យើង​ផ្អែកទៅលើ​កត្តា​ពីរ គឺ​ទី​១ កត្តា​សង្គម​របស់​កម្ពុជា ដែលមាន​កត្តា​ប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី ដែលជា​ប្រទេស​រាជានិយម​តាំងពីដើម​មក យើង​មាន​ព្រះមហាក្សត្រ​ជា​អ្នកដឹកនាំ​ប្រទេស ប្រជាពលរដ្ឋ​គោរព​ស្រឡាញ់ គោរពបូជា​តាំងពីដើម​មក ដូចជា​អាទិទេព ដូច្នេះហើយ​ទើប​យើង​កំណត់ថា ការប្រមាថ​ព្រះមហាក្សត្រ​ជា​បទល្មើស​ព្រហ្មទណ្ឌ ដើម្បី​ការពារ​របបរាជានិយម​ការពារ​សេចក្ដីថ្លៃថ្នូរ កិត្តិយស កិត្តិនាម របស់​អង្គ​ព្រះមហាក្សត្រ ហើយ​កត្តា​មួយទៀត គឺ​ផ្អែកទៅលើ​ប្រទេស​ផ្សេងៗ​ទៀត​ដែលមាន​នៅក្នុង​តំបន់ ក៏ដូចជា​នៅលើ​ពិភពលោក​។​

តាម​លោក ជិន ម៉ា​លីន បើ​ប្រៀបធៀប​ទៅនឹង​ទោស​នៅតាម​បណ្ដា​ប្រទេស​មួយចំនួនទៀត នៅ​ប្រទេស​កម្ពុជា គឺមាន​ស្ថានភាព​ស្រាល ពី​ពីព្រោះ​ត្រូវបាន​ចាត់ទុកថា ជា​បទល្មើស​មជ្ឈិម ប៉ុន្តែ​ប្រទេស​ដទៃទៀត ត្រូវ​បាន​ចាត់ទុកថា ជា​ទោសឧក្រិដ្ឋ ដែល​មាននៅ​ប្រទេស​ថៃ​ជាដើម​។

ក្រៅពីនោះ មាននៅ​ប្រទេស​ម៉ាឡេ ប្រទេស​ស៊ី​ព្រុយណេ នៅ​អារ៉ាប នៅ​ចក្រភព​អង់គ្លេស នៅ​ហូ​ឡង់ នឹង​ន័​វេ​ជាដើម​។ ដូច្នេះ​ការអនុវត្ត​របស់​កម្ពុ​ជា មិនមាន​អ្វី​ចម្លែក​ខុសពី​បណ្ដា​ប្រទេស នៅក្នុង​តំបន់ ក៏ដូចជា​សកលលោក​នោះទេ​។

ទាក់ទង​ដំណើរការ​នីតិវិធី​ច្បាប់​លើ​ លោក សម រង្ស៊ី លោក ជិន ម៉ា​លីន អះអាងថា ក្រោយពី​ទទួល​ព័ត៌មាន​នៅក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បានធ្វើ​ការសិក្សា ហើយ​បាន​កំណត់ថា​ជា​បទល្មើស​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ហើយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានធ្វើ​អធិ​បញ្ជា​ទៅកាន់​ព្រះរាជអាជ្ញា ដើម្បី​ធ្វើការ​ចោទប្រកាន់​ទណ្ឌិត សម រង្ស៊ី ទាក់ទង​ទៅនឹង​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​នេះ​។ លោក​បញ្ជាក់ថា ការធ្វើ​អធិបញ្ជារ​នេះ មិនមែនជា​ការបំពាន​លើ​ឯករាជ្យ​ជាតិ​របស់​តុលាការ​នោះទេ គឺជា​អំណាច​តាមផ្លូវ​ច្បាប់ ដែល​បាន​ប្រគល់ឱ្យ​តាម​ក្រមព្រហ្មទណ្ឌ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាត្រា​២៩ ដែល​បានប្រគល់​អំណាច​នេះ ទៅ​ឲ្យ​រដ្ឋមន្ត្រី​យុត្តិធម៌​ក្នុង​ការធ្វើ​អធិបញ្ជា គឺ​ដើម្បី​ឱ្យធ្វើ​ការចោទប្រកាន់​នូវ​ទង្វើ ឬ​អំពើ​ណាមួយ ដែលជា​បទល្មើស ហើយ​ការប្រើ​អធិបញ្ជារ​នេះ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កម្រ​ធ្វើ​ណាស់ លើកលែងតែ​ករណី ឬ​អំពើ​ណាមួយ​សកម្មភាព​ណាមួយ ដែលជា​បទល្មើស ប៉ះពាល់​ធំធេង​ទៅដល់​ផលប្រយោជន៍​ជាតិ សង្គមជាតិ និង​ជាតិ​សាសន៍​ទាំងមូល ដូច​ករណី​ទណ្ឌិត សម រង្ស៊ី នេះ​ជាដើម ដែល​ករណីនេះ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​មិនអាច​ទទួលយក​បានទេ ដូច្នេះ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ក្នុងនាម​ជា​ប្រធាន​តាម​ឋានានុក្រម នៃ​ស្ថាប័ន​អយ្យការ​គាត់​ប្រើប្រាស់​សិទ្ធិអំណាច​ធ្វើ​អធិបញ្ជា​ផ្ទាល់​តាមផ្លូវ​ច្បាប់ បញ្ជា​ទៅ​ព្រះរាជអាជ្ញា​ឱ្យធ្វើ​ការចោទប្រកាន់​ចំពោះ​ការប្រមាថ​អង្គ​ព្រះមហាក្សត្រ ហើយ​មកដល់ពេលនេះ ក្រោយពី​ធ្វើការ​ចោទប្រកាន់​រួច ក៏បាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​បើក​ការ​ស៊ើបសួរ ហើយ​ចៅក្រម​ស៊ើបសួរ ក៏បាន​បើក​ការស៊ើបអង្កេត និង​បានចេញ​ដីកា​ឲ្យ​សមត្ថកិច្ច​នាំខ្លួន​ទណ្ឌិត​សម រង្ស៊ី មក​ចូលរួម នីតិវិធី​របស់​តុលាការ​។ ដូច្នេះ​ជារួម​ការប្រមាថ​ដល់​អ​ង្គ​ព្រះមហាក្សត្រ​របស់​ទណ្ឌិត​សម រង្ស៊ី គឺ​បាន​បំពាន​ក្រមព្រហ្មទណ្ឌ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​មាត្រា​៤៣៧ ស្ទួន ពីបទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ និង​បាន​បំពាន​ទៅលើ​ច្បាប់រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​៧ និង​មាត្រា​៨ ហើយ​ការប្រមាថ​ដល់​ព្រះមហាក្សត្រ គឺជា​ការប្រមាថ​ដល់​ជាតិ​សាសន៍​សេចក្ដីថ្លៃថ្នូរ​របស់​ប្រជាជាតិ​កម្ពុជា​ទាំងមូល​តែម្ដង ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស មិនអាច​ទទួលយកបាន ដែល​ត្រូវតែមាន​ចំណាត់ការ​ច្បាប់​ទៅលើ​ទណ្ឌិត​សម រង្ស៊ី​។​

លោក ជិន ម៉ា​លីន លើកឡើង​ដែរ​ថា បើ​មើល​ទៅលើ​ចរិត​នយោបាយ​របស់​ទ​ណ្ឌិ​ត​សម រង្ស៊ី គាត់​តែងតែ​ធ្វើបែបនេះ ព្រោះនេះ​មិនមែនជា​បទល្មើស​ទី​១​ទេ គាត់​ធ្លាប់​ទទួលរង​ការចោទប្រកាន់​ពីបទ​ប្រមាថ​ព្រះមហាក្សត្រ ហើយ​សាលក្រម​បាន​ចូល​ជា​ស្ថាពរ​មួយ​ករណី​រួចមកហើយ កាលពី​ឆ្នាំ​២០១៨​កន្លងទៅ​។ ក្រៅពី​សំណុំ​រឿងនេះ មាន​សំណុំរឿង​ប៉ុន្មាន​១៣ ឬ​១៤ ផ្សេងទៀត ក្នុងនោះ​មាន​៦​សំណុំរឿង ត្រូវបាន​សាលក្រម​ចូល​ជា​ស្ថាពរ ហើយ​មួយចំនួនទៀត កំពុងស្ថិត​នៅក្នុង​ដំណើរការ ដូច្នេះ​ដោយ​ផ្អែកទៅលើ​អ្វី ដែល​ទណ្ឌិត សម រង្ស៊ី ធ្វើ​កន្លងមក គឺ​គាត់​អាចធ្វើ​អ្វី​សព្វបែបយ៉ាង ដើម្បី​តែ​អំណាច​បុគ្គល​ផ្ទាល់ខ្លួន សូម្បីតែ​ការបំផ្លាញ​ជាតិ​សាសន៍​របស់​ខ្លួនឯង ការបំផ្លាញ​ជាតិ របប​រាជ​ជា​និយម ក៏ សម រង្ស៊ី ហ៊ាន​ធ្វើ​ដែរ ដើម្បី​តែ​ផលប្រយោជន៍​នយោបាយ​ផ្ទាល់ខ្លួន និង​បក្សពួក​របស់ខ្លួន​។

ក្រៅពីនេះ​សូម្បីតែ​អោនក្បាល​ដាក់​បរទេស ដើម្បី​សុំ​ឲ្យ​គេ​ដាក់ទណ្ឌកម្ម​មកលើ​ប្រជាជាតិ​ខ្លួនឯង ក៏​ទណ្ឌិត​សម រង្ស៊ី សុខចិត្ត​ធ្វើ​ដែរ ប៉ុន្តែ​ការធ្វើ​នយោបាយ​បែបនេះ ដូចជា​ធ្វើអត្តឃាត​នយោបាយ​ខ្លួន​ឯង ពីព្រោះ​កន្លងមក​គាត់​បាន​យក​ប្រជា​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​ប្រជាជន​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើជា​សត្រូវ ប៉ុន្តែ​ពេលនេះ មិនមែន​ត្រឹមតែ​យក​គណបក្ស​ប្រជាជន​កម្ពុជា ឬ​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ជាស​ត្រូវ​នោះទេ ថែមទាំង​យក​អង្គ​ព្រះម​ហាក្សត្រ ព្រះបរមរាជវាំង រាជានិយម និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស ជាស​ត្រូវ​តេ​ម្តង ដូច្នេះ​នេះ​ជា​នយោបាយ​អត្តឃាត​រប​ស់​ទណ្ឌិត សម រង្ស៊ី។

ចំណែក​លោក រស់ ច​ន្ត្រា​បុត្រ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ បាន​ថ្លែងថា នៅក្នុង​ប្រវត្តិ​សាស្ត្រ ការវិវត្តន៍​ទាំងអស់ គ្រាន់តែ​ដូរ​នូវ​អ្វី​ដែលជា​កាលបរិច្ឆេទ និង​សម័យកាល​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែលជា​សាច់រឿង គឺ​នៅ​ដដែល គ្រាន់តែ​ដើរតួ​ខុសគ្នា​ប៉ុណ្ណោះ ហើយ​នៅក្នុង​ពិភពលោក​ទំនាក់ទំនង​អន្តរជាតិ និង​ពិភពលោក នៅតែ​ដដែល​ជា​ដដែល​។ អ្វីដែល​បាន​កើតឡើង​រហូតមក​ដល់​បច្ចុប្បន្ននេះ បើ​យើង​យោងទៅលើ​អ្វី​ដែលជា​ព្រឹត្តិការណ៍​ថ្មី​របស់​រង្ស៊ី ដែល​បានប្រកាស​គ្រប់បែបយ៉ាង​តាំងពីដើម​រហូតដល់​ចប់ លោក រង្ស៊ី គឺ​គ្រាន់តែ​ជា​តួអង្គ​ថ្មី​មួយ​នៅក្នុង​តួអង្គ​នយោបាយ​នៃ​ទំនាក់ទំនង​អន្តរជាតិ ជាពិសេស​នៅក្នុង​ការគ្រប់គ្រង​ពិភពលោក​របស់​សហរដ្ឋ​អាមេរិក​តែប៉ុណ្ណោះ។

តាម ​លោក រស់ ច​ន្ត្រា​បុត្រ ថា កាលពីដើម​អ្នក​ដែល​ដើរតួ​នយោបាយ​របស់​សហរដ្ឋអាមេរិក មាន​ពួក​ខ្មែរឥស្សរៈ មាន​ពួក​ខ្មែរ​សេរី មាន​សម សារី ដែលជា​ឪពុក​របស់ លោក សម រង្ស៊ី បន្ទាប់មក​ទៀត មាន លន់ នល់ ទ្រង់​ស៊ីសុវត្ថិ​សិរិមតៈ ហើយ​មកដល់ពេលនេះ ក្រុម​មួយ​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នេះ គឺជា​អ្នកដើរតួ​នូវ​អ្វី ដែលជា​នយោបាយ​របស់​សហរដ្ឋអាមេរិក​នៅ​កម្ពុជា ក៏ដូចជា​នៅ​ក្នុង​តំបន់​ផងដែរ​។ នៅក្នុង​បញ្ហា​ទាំងអស់នេះ លោក​មើលឃើញថា អ្វីដែល​ លោក សម រង្ស៊ី បាន​ប្រកាស​អ្វី ដែល សម រង្ស៊ី បាន​ថ្លែង​ជា​រៀងរាល់ថ្ងៃ ហើយ​ជាពិសេស​ការ​ថ្លែង​ចុង​ក្រោយនេះ គឺជា​ការ​ប្រឆាំង​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ ប្រឆាំងនឹង​អ្វី​ដែលជា​រាជ​ជា​និយម​។ មានន័យថា សម រង្ស៊ី បាន​ទាត់ចោល​នូវ​អ្វី​ដែលជា​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​បាន​បោះឆ្នោត​ទទួលស្គាល់ ក៏ដូចជា​ការទទួលស្គាល់​របស់​ពិភពលោក​ផងដែរ​។ ពីព្រោះ​ការវាយប្រហារ​មកលើ​ព្រះមហាក្សត្រ គឺជា​ការប្រមាថ​មួយ​មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល មកលើ​កម្ពុជា​ទាំងមូល ដូច្នេះ​រង្ស៊ី អត់​ទទួលស្គាល់​អ្វី ដែលជា​ច្បាប់ ជា​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ទេ​។ មិនតែប៉ុណ្ណោះ​រង្ស៊ី បាន​អំពាវនាវ​ឲ្យ​កងទ័ព​ផ្ដាច់​ខ្លួន​ប្រមូលផ្ដុំ ដើរ​តាម​ការដឹកនាំ​របស់ខ្លួន ហើយ​រង្ស៊ី នឹង​យក​លុយ​មក​ជួយ​កងទ័ព​ទាំងនោះ ដើម្បី​វាយប្រហារ​មកលើ​ទឹកដី​កម្ពុជា មកលើ​សង្គម​ខ្មែរ ដូច្នេះ ​តើ​ រង្ស៊ី បាន​លុយ​ពី​ណា ដើម្បី​បង្កបង្កើត​ទ័ព​នៅក្នុង​តំបន់ ជាពិសេស​ដើម្បី​វាយប្រហារ​មកលើ​ទឹកដី​កម្ពុជា​។ នេះ​ជា​សកម្មភាព​មួយ ដែល​យើង​អាច​ចាត់ទុកថា ជា​សកម្មភាព​ភេរវកម្ម​ជា​សកម្មភាព​មួយ ដែល​ចង់​បំផ្លាញ​នូវ​សុខសន្តិភាព នៅ​កម្ពុជា ហើយ​ជា​សកម្មភាព​មួយ​ចង់​បំផ្លាញ​នូវ​អ្វី ដែលជា​ការរីកចម្រើន​របស់​កម្ពុជា ដែល​កំពុងតែ​អភិវឌ្ឍន៍​ទៅមុខ ដោយមាន​ការគាំទ្រ​ទាំង​ក្នុង និង​ក្រៅប្រទេស និង​នៅ​លើ​ពិភពលោក​។

លោក រស់ ច​ន្ត្រា​បុត្រ បានលើកឡើង​ទៀតថា មកដល់ពេលនេះ យើង​បាន​រស់រាន​មានជីវិត យើង​ទទួលបាន​សុខសន្តិភាព តែ​យើង​មាន​មនុស្ស​មួយក្រុម ដែល​កំពុង​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព និង​អ្វី​ដែល​ជាការ​រស់រានមានជីវិត​របស់​ប្រជាជន​កម្ពុជា ដូច្នេះ​ទាំងអស់នេះ​ជា​កាយវិការ​មួយ ដែល​សម​ស្រប ដែល​គួរតែ​គាំទ្រ​ដែរឬទេ ឬ​ជា​កាយវិការ​មួយ ដែល​កំពុងតែ​ជាន់ពន្លិច​ចង់​បំផ្លាញ​ប្រទេស​កម្ពុជា ហើយ​អ្នក​ដែល​ចង់​បំផ្លាញ​សន្តិភាព បំផ្លាញ​ស្ថេរភាព​ជាតិ​នេះ ដើម្បី​ប្រយោជន៍​អ្នកណា? បើ​តាម រង្ស៊ី ផលប្រយោជន៍​ដែល​ពួកគេ​តែងតែ​និយាយ គឺ​ដើម្បី​ប្រឆាំង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប៉ុន្តែ​សម្ដេច​តេ​ជោ ហ៊ុន សែន បានធ្វើ​អ្វីខ្លះ​សម្រាប់​កម្ពុជា ហើយ​បើ​យើង​ធ្វើ​សិក្សា តើ​សម រង្ស៊ី បានធ្វើ​អ្វីខ្លះ​ចំពោះ​កម្ពុជា ហើយ​យើង​រស់រានមានជីវិត​មកដល់​សព្វថ្ងៃ​ដោយសារ​អ្នក​ណា គឺ​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​ការដឹកនាំរ​បស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន យើង​បានរៀបចំ​ឲ្យ​មានការ​រីកចម្រើន​រហូត​មកដល់​សព្វថ្ងៃ តើ​រង្ស៊ី បាន​ចូលរួម​សហការ ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​ដែរ​ឬ​អត់ ? ក្រៅតែពី​ការបំផ្លាញ​នូវ​អ្វី ដែលជា​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ផលប្រយោជន៍​របស់​កម្មករ​ជាតិ​កម្ពុជា និង​ទំនាក់ទំនង​របស់​កម្ពុ​ជា​ភាពជា​ដៃគូ​នៅក្នុង​សេដ្ឋកិច្ច​របស់​ពិភពលោក ហើយ​អ្នកណា​ដែលជា​អ្នករងគ្រោះ ? បើសិនជា​រង្ស៊ី បាន​បំផ្លាញ គឺ​សង្គម​ជាតិខ្មែរ​ទាំងមូល បំផ្លាញ​វប្បធម៌​ខ្មែរ​យើង គឺ​នឹង​ត្រឡប់​ទៅរក​អ្វី ដែលជា​សង្គ្រាម​ឆាបឆេះ ហើយ​សង្គ្រាម​ដែល​ធ្វើឲ្យ​មនុស្ស​ស្លាប់​ពីរ​បី​លា​ន​នាក់​កន្លងមកនេះ ដោយសារតែ​អ្វី ដែលជា​នយោ​បាយ​របស់​សហរដ្ឋអាមេរិក​នៅក្នុង​សង្គ្រាមត្រជាក់ ហើយ​បើ​យើង​មើល​ទៅលើ​ចៅហ្វាយ​របស់ រង្ស៊ី ដែល​អនុញ្ញាត​ឲ្យ​រង្ស៊ី ប្រកាស​ទាត់ចោល​នូវ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា យក​ប្រជាពលរដ្ឋ​កម្ពុជា​ធ្វើជា​សត្រូវ គឺធ្វើឡើង​នៅ​ទឹកដី​សហរដ្ឋអាមេរិក ដែលជា​ប្រទេសមួយ​ប្រឆាំង​ទៅ​នឹង​ភេវកម្ម នៅលើ​ពិភពលោក ដូច្នេះ​យើង​ត្រូវតែ​ពិចារណា ហើយ​សុំ​ឲ្យ​អាមេរិក យក​នេះ​ចំណុច​នេះ​ទៅ​ពិចារណា​ថា តើ​ការអនុញ្ញាត​ឲ្យ​រង្ស៊ី យកពាក្យ​សំដី​ប្រឆាំង​កម្ពុជា បង្កើត​កងទ័ព​នៅលើ​ទឹក​ដី​អាមេរិកាំង និង​ប្រទេស​ផ្សេងៗ​ទៀត ដើម្បី​ប្រឆាំង​ប្រទេស​កម្ពុជា​នេះ អាច​ចាត់ទុកថា​ជា​អំពើ​ភេរវកម្ម​ដែរឬទេ ហើយ​បើ​សហរដ្ឋ​អាម៉េរិក​នៅតែ​បន្ត​គាំទ្រ​សកម្មភាព​របស់​សម រ​ង្ស៊ី​ ទៀត មានន័យថា សហរដ្ឋអាមេរិក​មិនបាន​គោរព​ទៅនឹង​អ្វី ដែលជា​គោលការណ៍​ជា​គោលនយោបាយ​របស់ខ្លួន ដែល​ធ្លាប់​តែងតែ​ប្រកាស​គាំទ្រ​ប្រឆាំង​អំពើ​ភេរវកម្ម​នៅលើ​ពិភពលោក​នោះទេ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114