ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាជន​តុង​ហ្គា​កាន់ទុក្ខ​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​មរណភាព

អ្នក​កាន់ទុក្ខ​រាប់ពាន់នាក់​បាន​តម្រង់​ជួរ​តាម​ដងផ្លូវ​នៃ​រាជធានី Nuku’alofa របស់​ប្រទេស​តុង​ហ្គា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ខណៈដែល​ប្រទេស​ប៉ាស៊ីហ្វិក​មួយ​នេះ​បានធ្វើការ​លា​ជា​លើកចុងក្រោយ​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី Akilisi Pohiva ដែលជា​អ្នកធ្វើ​យុទ្ធនាការ​លទ្ធិប្រជាធិបតេយ្យ​ដែល​បានទទួល​មរណភាព​កាលពី​សប្តាហ៍​មុន​ក្នុង​អាយុ​៧៨​ឆ្នាំ​។​

ប្រទេស​តុង​ហ្គា​បានប្រកាស​ថ្ងៃ​ឈប់សម្រាក​ជា​សាធារណៈ​និង​ទិវា​ជាតិ​នៃ​ការ​កាន់ទុក្ខ​សម្រាប់​ពិធី​បុណ្យសព​ផ្លូវរដ្ឋ​របស់លោក Pohiva ហើយ​សមាជិក​រាជវង្ស​បាន​ចូលរួម​ជាមួយ​ហ្វូងមនុស្ស​ដែល​ប្រមូល​ផ្តុំគ្នា​ក្នុង​ព្រះវិហារ Wesleyan Centenary​។​

ក្មេងៗ​ក្នុង​ឯកសណ្ឋាន​សិស្សសាលា​បាន​រង់ចាំ​ដោយ​អត់ធ្មត់​នៅតាម​ដងផ្លូវ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ខណៈ​រថយន្ត​ដឹក​សព​ដែល​ដឹក​មឈូស​ដណ្តប់​ទង់ជាតិ​របស់លោក Pohiva ឆ្លងកាត់​។​

លោក Pohiva ដែលជា​អតីត​គ្រូបង្រៀន​ប្រវត្តិវិទ្យា​បានចាប់ផ្តើម​ការជំរុញ​លទ្ធិប្រជាធិបតេយ្យ​រប​ស់លោ​កនៅ​ពាក់កណ្តាល​ទសវត្ស​ឆ្នាំ​១៩៧០​នៅពេល​ប្រទេស​តុង​ហ្គា​កាន់​របប​រាជាធិបតេយ្យ​ផ្តាច់​ការដែល​គ្រប់គ្រង​ដោយ​គ្រួសារ​រាជវង្ស​និង​អភិជន​។​

គាត់​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​សមាជិកសភា​ក្នុង​ឆ្នាំ​១៩៨៧​ហើយ​នៅ​ឆ្នាំ​២០១៤​លោក​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ដែល​ជាប់ឆ្នោត​ដ៏​មាន​ប្រជាប្រិយ​ដំបូងបង្អស់​របស់​ប្រទេស​នេះ​បន្ទាប់ពី​កំណែទម្រង់​។​

ដោយ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​រដ្ឋបុរស​មាន​ភាពចាស់ទុំ​ផ្នែក​នយោបាយ​របស់​ប៉ាស៊ីហ្វិក​, លោក Pohiva មាន​សុខភាព​មិនល្អ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ​បានទទួល​មរណភាព​នៅ​ទីក្រុង Auckland នៃ​ប្រទេស​ណូ​វែ​ហ្សេ​ឡង់​កាលពី​សប្តាហ៍​មុន​បន្ទាប់ពី​ត្រូវបាន​ដឹក​តាម​យន្តហោះ​ពី​ប្រទេស​តុង​ហ្គា​ដើម្បី​ទទួល​ការព្យាបាល​ជំងឺ​រលាក​សួត​។​

សាកសព​របស់លោក​ត្រូវបាន​ដឹក​ត្រឡប់មក​ទីក្រុង Nuku’alofa វិញ​ក្នុង​សប្តាហ៍​នេះហើយ​បាន​តម្កង់​នៅ​វិមាន​រដ្ឋ​ចំនួន​ពីរ​ថ្ងៃ​មុនពេល​ត្រូវបាន​បញ្ចុះ​នៅ​ព្រះវិហារ Telekava Cemetary បន្ទាប់ពី​ពិធីបុណ្យ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114