ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រោះទឹកជំនន់​បាន​ប៉ះពាល់ ៨​ខេត្ត ៤៩​ស្រុក និង​១៩៥ ឃុំ និង​ប្រជាពលរដ្ឋ​ជាង ៩​ម៉ឺន​គ្រួសារ​

ភ្នំពេញ​ ៖​ យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង ​គ្រោះមហន្តរាយ​បាន​ឲ្យ​ដឹង​ថា ​គិត​ត្រឹម​ថ្ងៃទី​១៩​ ខែកញ្ញា ឆ្នាំ​២០១៩​នេះ​ គ្រោះទឹកជំនន់​បាន​ប៉ះពាល់​ដល់​ខេត្ត​ចំនួន​៨​ស្រុក​៤៩​និង​១៩៥​ឃុំ ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​១៥​នាក់ ​ក្នុង​នោះ​កុមារ​៧​នាក់​ និង ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន​៩០៧៧៥​គ្រួសារ​ ស្មើនឹង​៣៦២២៧៧​នាក់​ និង ​ជម្លៀស​ប្រជាពលរដ្ឋ​ចំនួន​១១៦២៧​គ្រួសារ។

លើស​ពី​នេះ​ទៅ​ទៀត ​ទឹកជំនន់​បាន​បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៧១៧២២​ខ្នង​ខូច​ខាត​៦៧​ខ្នង សាលារៀន​៣៥២ វត្តអារាម​១៥៥​វត្ត មន្ទីរពេទ្យ​និង​មណ្ឌល​សុខភាព​៣៦ ជម្លៀស​សត្វ​គ្រ​ក្របី​ចំនួន​៣៧៨០២​ក្បាល ប៉ះពាល់​សន្ទូង​៣៩៣៩២​ហិកតា​ខូចខាត​១៤៤០​ហិកតា សំណាប​ខូចខាត​៣២២​ហិកតា ផ្លូវ​កៅស៊ូ​និង​បេតុង​ចំនួន​១០​គីឡូម៉ែត្រ​ផ្លូវលំ​ចំនួន​៥៩៣​គីឡូម៉ែត្រ ប៉ះពាល់​ស្ពាន​ចំនួន​១១៨​កន្លែង ប៉ះពាល់​ទំនប់​ចំនួន​៤៧៤២៨​ម៉ែត្រ​និង​បាក់​ច្រាំងទន្លេ​ចំនួន​២២៣៨៥​ម៉ែត្រ​។

តាម​របាយការណ៍​ដដែល​បាន​បន្ត​ថា ​ក្នុងចំណោម​ខេត្ត​ទាំង​៨​ដែល​រង​ការ​លិចលង់​ដោយ​ទឹកជំនន់​នោះ​រួមមាន​ទី​១​ខេត្ត​ស្ទឹងត្រែង​លិច​៦​ស្រុក​ប៉ះពាល់​ប្រជាពលរដ្ឋ​៩៤០៣​គ្រួសារ​ស្មើនឹង​៣៩៤៩២នាក់​ជម្លៀស​ប្រជាពលរដ្ឋ​ចំនួន​៣៥៦៧​គ្រួសារ ប៉ះពាល់​ផ្ទះ​៨១២១​ខ្នង សាលារៀន​១៥២ វត្តអារាម​៣១​វត្ត មន្ទីរពេទ្យ​និង​មណ្ឌល​សុខភាព​៧​ជម្លៀស​គោក្របី​១៥៣១​ក្បាល សន្ទូង​៧៦៧០​ហិកតា ដំណាំ​រួមផ្សំ​១១១១​ហិកតា ផ្លូវ​កៅស៊ូ​និង​ផ្លូវ​បេតុង​៧,៤​គីឡូម៉ែត្រ​និង​ផ្លូវលំ​ចំនួន​១៩៨​គីឡូម៉ែត្រ​។

ទី​២​ខេត្តក្រចេះ​លិច​ស្រុក​ចំនួន​៥​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន​២០០៧៨​គ្រួសារ​ស្មើនឹង​៨២៣១៩​នាក់​ជម្លៀស​ប្រជាពលរដ្ឋ​ចំនួន​២៦០៣​គ្រួសារ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៤​នាក់ ផ្ទះ​២០០៧៨​ខ្នង សាលារៀន​៨០ វត្ត​អា​រ៉ា​ម​៣៧​វត្ត មន្ទីរពេទ្យ​និង​មណ្ឌល​សុខភាព​៨ លិច​សាលាឃុំ​១១​អណ្តូងទឹក​៧៥៤ បង្គន់​អនាម័យ​៥៤៦៦ ជម្លៀស​សត្វពាហណៈ​១៣៩៩៦​ក្បាល សន្ទូង​៥៩៧៤៤​ហិកតា​និង​ដំណាំ​រួមផ្សំ​៧១០​ហិកតា​។

ទី​៣​ខេត្តកំពង់ចាម​លិច​ចំនួន​៩​ស្រុក​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន​២៩២៨៦​គ្រួសារ​ស្មើនឹង​១១០០០៨​នាក់​ជម្លៀស​ប្រជាជន​ចំនួន​១២៥៣​គ្រួសារ ស្លាប់​មនុស្ស​៦​នាក់​និង​របួស​៥​នាក់ ផ្ទះ​២២៧៣១​ខ្នង​ខូចខាត​៤១​ខ្នង​សាលារៀន​៧៤​វត្ត​៥៨​មណ្ឌល​សុខភាព​៨​ជម្លៀស​សត្វពាហណៈ​៩៤៨៩​ក្បាល សន្ទូង​៤៨៣០​ហិកតា ខូចខាត​សំណាប​៣១៥​ហិកតា ដំណាំ​រួមផ្សំ​១៣៣៣​ហិ​កាតា​ខូចខាត​១៦៤​ហិកតា​និង​បាក់​ច្រាំងទន្លេ​ចំនួន​១៩៦០២​ម៉ែត្រ​។

ទី​៤​ខេត្ត​ត្បូងឃ្មុំ​លិច​ស្រុក​៤​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន​១៩៩២៧​គ្រួសារ​ស្មើនឹង​៨១៩១៥​នាក់​ជម្លៀស​ប្រជាពលរដ្ឋ​ចំនួន​៣២៥៨​គ្រួសារ ស្លាប់​មនុស្ស​២​នាក់​ផ្ទះ​១២០៥០​ខ្នង​ខូចខាត​២៥​ខ្នង​សាលា​៧៩​វត្ត​២៩​មណ្ឌល​សុខភាព​១០ ជម្លៀស​សត្វពាហៈនៈ​៨៤៥៥​ក្បាល សន្ទូង​២៥៨៩​ហិកតា​ខូចខាត​៣៦១​ហិកតា​ខូចខាត​សំណាប​៧​ហិកតា​ដំណាំ​រួមផ្សំ​១៤៦​ខូច​ហិកតា​៧៤​ហិកតា​ផ្លូវ​កៅស៊ូ​និង​បេតុង​២,៣​គីឡូម៉ែត្រ​ផ្លូវលំ​២៣៦​គីឡូម៉ែត្រ​ស្ពាន​២២​កន្លែង​បាក់​ទំនប់​៤៦១៧៨​ម៉ែត្រ​និង​បាក់​ច្រាំងទន្លេ​៣៣៣​ម៉ែត្រ​។

​ទី​៥​ខេត្តព្រៃវែង​លិច​ស្រុក​ចំនួន​១០​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន​៥៩២៦​គ្រួសារ​ស្មើនឹង​២៣៥៨០​នាក់​ជម្លៀស​ប្រជាពលរដ្ឋ​ចំនួន​១៦៨​គ្រួសារ ផ្ទះ​៥៦៣៤​ខ្នង​ខូច​១​ខ្នង​សាលារៀន​៣៩​មណ្ឌល​សុខភាព​៣ ប៉ះពាល់​សន្ទូង​១១៤៤៤​ហិ​កាត​ខូចខាត​២៥៨​ហិកតា​ផ្លូវលំ​១៤២​គីឡូម៉ែត្រ អណ្តូង​៧៦៤​បង្គន់​អនាម័យ​៥៥០​លិច​ប្រឡាយ​ទំនប់​២០២,៧៩៧​ម៉ែត្រ​។

​ទី​៦​ខេត្តកណ្តាល​លិច​២​ស្រុក​លិច​សាលារៀន​ចំនួន​៦​ទី​៧​ខេត្តកំពង់ធំ​លិច​៥​ស្រុក​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន​១១៩៨​គ្រួសារ​ស្មើនឹង​ប្រជាពលរដ្ឋ​៤១៤៤​នាក់​ជម្លៀស​ប្រជាពលរដ្ឋ​៧៥០​គ្រួសារ​ស្លាប់​មនុស្ស​២​នាក់ ផ្ទះ​១១៤៦​ខ្នង​សាលារៀន​១៧​ជម្លៀស​គោក្របី​៤៣៣១​ក្បាល ប៉ះពាល់​សន្ទូង​១៤៧៣​ហិ​កាត​ផ្លូវលំ​ចំនួន​១៧​គីឡូម៉ែត្រ​និង​បាក់​ទំនប់​១២៥០​ម៉ែត្រ​និង​ទី​៨​ខេត្តព្រះវិហារ​លិច​៨​ស្រុក​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន​៤៩៥៧​គ្រួសារ​ស្មើនឹង​២០៨១៩​នាក់​ជម្លៀស​ប្រជាពលរដ្ឋ​ចំនួន​២៨​គ្រួសារ​ស្លាប់​ម្នាក់ ផ្ទះ​១៩៦២​ខ្នង​សាលារៀន​៥​ប៉ះពាល់​សន្ទូង​៥៤៣៩​ហិកតា​ខូចខាត​៨២១​ហិកតា​និង​ស្ពាន​ចំនួន​២​កន្លែង​។

គួរ​បញ្ជាក់​ថា ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ព្រមាន​ពី​ជំនន់​ទឹកភ្លៀង ដ៏​ច្រើន​លើសលប់​នៅ​តាម​ខេត្ត​មួយចំនួន ចាប់ពី​ថ្ងៃ​១៧ ​ខែកញ្ញា​ ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ ដោយសារតែ​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​កំពុង​អូស​កាត់​លើ​ប្រទេស​កម្ពុជា​។

ក្រសួង​ធនធាន​ទឹក​បាន​បញ្ជាក់​ថា​ យោង​តាម​ការវិវត្តន៍ នៃ​ស្ថានភាព​ធាតុអាកាស បង្ហាញ​ឲ្យ​ឃើញ​ថា ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) បាន​នឹង​បន្ត​អូស​បន្លាយ​លាតសន្ធឹង​ពីលើ​ប្រទេស​កម្ពុជា ខណៈ​ដែល​បច្ចុប្បន្ន​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​មួយ​ចំនួន​បាន និង​កំពុង​រង​ការ​យាយី​ពី​ជំនន់​ទឹកភ្លៀង​។

បើ​តាម​ក្រសួង​ធនធាន​ទឹក ដោយ​ប្រព័ន្ធ​សម្ពាធ​ទាប កាន់តែ​បង្កើន​ឥទ្ធិពល​គ្រប​ដណ្តប់ លើ​កម្ពុជា​នោះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម សូម​ជូនដំណឹង​បន្ថែម​ទៀត សូម​បងប្អូន​ប្រជាពលរដ្ឋ នៅ​បណ្តា​ខេត្ត​នានា បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំនន់​ទឹកភ្លៀង​ដែល​បង្ក​ដោយ​ភ្លៀង​ច្រើន​លើសលប់​។ ជាពិសេស​ខេត្តកោះកុង ព្រះសីហនុ កំពង់ស្ពឺ កំពង់ធំ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ ចាប់ពី​ថ្ងៃទី ១៨-២៣ ខែកញ្ញា ឆ្នាំ២០១៩៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114