ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូ​បឹងកេត មិន​ជឿ​ចំពោះ​ជ័យជម្នះ ស្រប​ពេលដែល​គ្រូ​វិសាខា ថា​កូនក្រុម​បាត់​ការ​ប្រមូល​អារម្មណ៍ ទើប​នាំ​ឲ្យ​បរាជ័យ

ក្លឹប​បាល់ទាត់​វិសាខា បាន​ជ្រុះ​ចេញពី​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១៩ កាលពី​យប់​ថ្ងៃទី​១៨ ខែកញ្ញា បន្ទាប់ពី​បាន​ចាញ់ បឹងកេត ដោយ​លទ្ធផល ០​ទល់​៤ ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ខណៈ​តាម​ការ​ឲ្យ​ដឹង​ពី​គ្រូ​បង្វឹក​វិសាខា មូលហេតុ​ដែល​នាំ​ឲ្យ​បរាជ័យ​គឺ​បណ្ដាលមកពី កូនក្រុម​បាត់​ការប្រមូល​អារម្មណ៍ ខណៈ​គ្រូ​បឹងកេត​ថា​ ជ័យជម្នះ​នេះ​បាន​មក​ដោយ​ការ​ប្រើ​ក្បួន​យុទ្ធសាស្ត្រ​សុទ្ធសាធ ដ្បិត​បានដឹង​ចំណុចខ្សោយ​របស់​វិសាខា​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត លោក ហៅ សុជាតិ បាន​មានប្រសាសន៍​ដំបូង​ថា​៖ «​យើង​សប្បាយចិត្ត ចំពោះ​លទ្ធផល​នេះ ហើយ​លទ្ធផល​ទាំងនេះ ខ្ញុំ​ប្រគល់​ឲ្យ​កីឡាករ​ទាំងអស់ ដោយសារ​ថ្ងៃនេះ ខ្ញុំ​ឃើញ​ពួកគាត់ មានការ​ខិតខំ​ប្រឹងប្រែង​មែនទែន លើ​ទីលាន​។ … លទ្ធផល​នេះ គឺ​ហួស​ពី​ការ​ស្មាន​របស់​យើង ដែល​សារ​យើង​មិន​នឹកស្មានថា​ អាច​រក​បាន ៤​គ្រាប់ ក្នុង​ការ​លេង​ជាមួយ​ក្រុម​សម្បូរ​ដោយ​កីឡាករ​ល្អៗ​បែបនេះ​។​»

ជុំវិញ​ជ័យជម្នះ​នេះ គ្រូ​បង្វឹក​ដដែល​រូប​នេះ បាន​បង្ហើប​មូលហេតុ​ដែល​ចាប់​បាន​ចំណុចខ្សោយ​ថា «ចំណុចខ្សោយ​របស់​វិសាខា គឺ​ផ្ដោត​លើ​ការ​វាយ​សម្រុក ( attack ) ច្រើនពេក តាំងពី​ខ្សែ​ការពារ​ឡើង រួមទាំង​ស្លាប​ទាំងសងខាង​ទៀត ចឹ​ង​យើង​ផ្ដោតលើ​ការពារ​ច្រើន ហើយ​រៀបចំ​វាយបក​វិញ​។​»

ដោយឡែក លោក Akeep Tunji Ayoyinka ដែល​ជា​គ្រូបង្វឹក​របស់​វិសាខា វិញ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត​ថា​ «​យើង​បាន​ព្យាយាម​អស់ពី​សមត្ថភាព​ហើយ ហើយ​ការប្រកួត​បាល់ទាត់​តែងតែ​មាន​ចាញ់ មាន​ឈ្នះ​បែបនេះ ដូច្នេះ​នៅ​ថ្ងៃ​នេះ​យើង​លេង​បាន​យ៉ាង​ល្អ តែ​យើង​ក៏​នៅតែ​ទទួល​បរាជ័យ យើង​បាត់បង់​ការ​ប្រមូល​អារម្មណ៍​។ យើង​ក៏​ព្យាយាម​វាយបក​វិញ​ដែរ តែ​ទីបំផុត​យើង​នៅតែ​ចាញ់ ៤​ទល់​០​។​»

​ជុំវិញ​ការ​របូត​គ្រាប់​បាល់ ៣​គ្រាប់​នៅ​វគ្គ​ទី​១ គ្រូ​បង្វឹក​ដដែល​រូប​នេះ​បាន​បន្ត​ថា «​យើង​ព្យាយាម​លេង​សម្រុក​ច្រើន ដូច្នេះ​បើ​យើង​លេង​សម្រុក​ខ្លាំង យើង​នឹង​បាត់បង់​ការ​ប្រមូល​អារម្មណ៍​នៅ​តំបន់​ការពារ​របស់​យើង ដូច្នេះ​នេះ​គឺជា​មូល​ហេតុ​ដែល​បឹងកេត លេង​វាយបក​។ យើង​បាន​និយាយ​អំពី​រឿង​នេះ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​បាន​ថា មកពី​យើង​បាត់បង់​ការ​ប្រមូល​អារម្មណ៍​ក្នុង​អំឡុង​ការប្រកួត​។​»

គួរ​រំលឹក​ថា ការប្រកួត​ដែល​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន រវាង​បឹងកេត ជាមួយ វិសាខា បញ្ចប់​ទៅ​ដោយ​ខ្សែប្រយុទ្ធ​ឆ្នើម​ប្រចាំ​បឹងកេត កីឡាករ ចាន់ វឌ្ឍនាកា បានធ្វើ​បាន ៣​គ្រាប់​ម្នាក់ឯង នៅ​នាទី​៦, ៣៥ និង​៤៦ ស្រប​ពេល​ដែល ១​គ្រាប់​ទៀត​ធ្វើបាន​សម្រេច​ដោយ​កីឡាករ ម៉ុ​ន វ៉ាន់ដា នៅ​នាទី​៤៥ ខណៈ វិសាខា គឺ​បានត្រឹមតែ​ទាត់​សំដៅ​ទី​ជាច្រើនលើក​ច្រើនសា​រលើ បឹងកេត ប៉ុន្តែ​ធ្វើ​មិនបាន​សម្រេច​ឡើយ និង​បាន​រក្សា​លទ្ធផល ០​ទល់​៤ ដល់​ចប់​ការប្រកួត​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114