ព័ត៍មានទាន់​ហេតុការណ៏
Search

តំណាង​កម្ពុជា​នៅ អសប ៖ សិទ្ធិមនុស្ស​មិន​គួរ​ត្រូវ​បាន​គេ​យក​មក​ប្រើ​ជា​ឧបករណ៍​នយោបាយ ដើម្បី​ជ្រៀតជ្រែក​ចូល​យុត្តាធិការ​ផ្ទៃក្នុង​របស់​រដ្ឋ​ដទៃ​ឡើយ

ទីក្រុង​ហ្សឺ​ណែវ​ ៖ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស បានធ្វើ​សេចក្តី​ថ្លែង​ការណ៍​មួយ ទាក់ទង​កិច្ចពិភាក្សា​ទូទៅ​ស្តី​ពី​សិទ្ធិមនុស្ស ដែល​ទទួល​ការចាប់អារម្មណ៍​ពិសេស​ពី​ក្រុមប្រឹក្សា​របៀបវារៈ​ទី​៤ នៃ​កិច្ចប្រជុំ​លើក​ទី​៤២ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​ពី​ទីក្រុង​ហ្សឺ​ណែវ ចុះ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ តំណាង​កម្ពុជា​លោក ណី សំអុល បាន​លើក​ឡើង​ថា សិទ្ធិមនុស្ស​គួរ​ត្រូវបាន​វាយតម្លៃ​ជារួម ជាជាង​ការពិនិត្យ​តែ​លើ​ករណី​ដោយឡែក​ណាមួយ​។ សិទ្ធិ​ទាំងអស់​គួរ​ទទួលបាន​ការផ្តោត​ការយកចិត្តទុកដាក់ និង​សារៈសំខាន់​ដូចៗ​គ្នា​។ ការលើកកម្ពស់ និង​ការ​ការពារ​សិទ្ធិមនុស្ស​គួរ​ត្រូវ​បាន​អនុវត្ត​ដោយ​អនុលោម​តាម​គោលការណ៍​មិន​លំអៀង អព្យា​ក្រឹត្យ​ភាព មិន​យក​បញ្ហា​តែមួយ​ជ្រុង ព្រមទាំង​ប្រកាន់ខ្ជាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​គោលការណ៍​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ជាពិសេស​មាត្រា​២(៧)​។

តំណាង​កម្ពុជា​លើកឡើង​ទៀត​ថា សិទ្ធិមនុស្ស​មិន​គួរ​ត្រូវ​បាន​គេ​យកមកប្រើ​ជា​ឧបករណ៍​នយោបាយ ដើម្បី​ជ្រៀត​ជ្រែក​ចូល​យុត្តាធិការ​ផ្ទៃក្នុង​របស់​រដ្ឋ​ដទៃ​ផ្សេង​ទៀត​ឡើយ​។ អាស្រ័យ​ហេតុ​នេះ​ហើយ នៅ​ពេល​ដែល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​លើក​យក​បញ្ហា​ហុងកុង និង​ស៊ី​ង​ជាង​មក​ធ្វើការ​ពិភាក្សា កម្ពុជា​យល់ឃើញ​ថា បញ្ហា​ទាំងនេះ​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​ផ្ទៃក្នុង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ត្រូវតែ​គោរព ហើយ​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​នេះ ត្រូវ​ហាមឃាត់​ជាដាច់ខាត​។ វិធាន​ការដែល​ដាក់​ចេញ​ដោយ​ប្រទេស​ចិន និង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ដើម្បី​ថែរក្សា​សន្តិភាព​និង​សន្តិសុខ​ជាតិ អនុលោម​តាមច្បាប់​ក្រុង និង​ច្បាប់​អន្តរជាតិ ដែល​មាន​ស្រាប់ គួរ​ទទួល​បាន​ការស្វាគមន៍​។

ចំពោះ​បញ្ហា​នៅ​ខេត្ត​ស៊ី​ង​ជាង តំណាង​កម្ពុជា​លើក​ឡើង​ថា “​យើងខ្ញុំ​សូម​អបអរសាទរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​សមិទ្ធផល​នានា ដែល​សម្រេច​បាន​របស់​ប្រទេស​ចិន ក្នុងការ​អនុវត្ត​ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម រាប់បញ្ចូល​ទាំង​ការបង្កើត​មជ្ឈមណ្ឌល​ប​ណ្តុះ​បណ្តាល​វិជ្ជាជីវៈ សម្រាប់​ឲ្យ​សិក្ខាកាម​រៀន​ជំនាញ​ចិញ្ចឹមជីវិត និង​រំដោះខ្លួន​ឲ្យ​រួច​ផុត​ពី​ភាព​ជ្រុលនិយម​ខាង​សាសនា​។ ជា​លទ្ធផល ក្នុង​រយៈពេល​បី​ឆ្នាំ មិន​មាន​សេចក្តី​រាយការណ៍​អំពី​ការ​កើតមានឡើង​នូវ​ការវាយប្រហារ​ភេរវកម្ម​ណាមួយ​ទេ ហើយ​សុវត្ថិភាព និង​សន្តិសុខ​នៅ​ខេត្ត​ស្ទឹង​តាំង ក៏​ត្រូវ​បាន​ស្ដារ​ត្រឡប់មកវិញ​”៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114