ព័ត៍មានទាន់​ហេតុការណ៏
Search

U16 កម្ពុជា ត្រូវ​ប្រកួត​តតាំង​ជាមួយ U16 ជប៉ុន ក្នុងជំនួប​ទី​២ ប្រចាំ​ពូ​ល J ពានរង្វាន់​ជម្រុះ AFC U16 Championship 2020

ក្រុម​យុវជន​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ១៦​ឆ្នាំ នឹង​បន្ត​ការប្រកួត​ទី​២ របស់ខ្លួន​ក្នុង​ពូ​ល J នៃ​ពានរង្វាន់​ជើងឯក​យុវជន​អាស៊ី​អាយុ​ក្រោម ១៦​ឆ្នាំ ( 2020 AFC U-16 Championship qualification ) ដោយ​នឹងត្រូវ​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​ជប៉ុន​អាយុ​ក្រោម​១៦​ឆ្នាំ នៅ​រសៀល​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុង​ក្រុង​វៀង​ច័ន្ទ​ន៍ ប្រទេស​ឡាវ​។

សម្រាប់​ការប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា អាយុ​ក្រោម​១៦​ឆ្នាំ ជាមួយ ជម្រើសជាតិ​ជប៉ុន អាយុ​ក្រោម​១៦​ឆ្នាំ ក្នុងជំនួប​ទី​២ ប្រចាំ​ពូ​ល​ដដែល​នេះ នឹងធ្វើ​ឡើង នៅវេលា​ម៉ោង ៣​និង​០០​នាទី​រសៀល នៅ​កីឡដ្ឋាន National Stadium KM16​។

ក្រុមយុវជន​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ១៦​ឆ្នាំ ទើបតែ​បាន​ទទួលរង​បរាជ័យ​ប្រកួត​ដំបូង ក្រោម​ថ្វី​ជើង​ក្រុមយុវជន​ជម្រើសជាតិ​ម៉ាឡេស៊ី​អាយុ​ក្រោម ១៦​ឆ្នាំ និង​បាន​នាំ​ឲ្យ U-16 កម្ពុជា ឈរ​នៅ​លេខ​៤ បាត​តារាង ប្រចាំ​ពូ​ល J ដោយមាន ០​ពិន្ទុ​ហើយ​ដក​គ្រាប់​បាល់ ៧​គ្រាប់​ថែមទៀត​ផង​។ ក្នុង​ពូល J នេះ ម៉ាឡេស៊ី ឈរ​នៅ​លេខ​គេ​, លេខ​២ ជប៉ុន​, ដែល​សុទ្ធសឹង​តែមាន ៣​ពិន្ទុ​ដូចៗ​គ្នា ខណៈ​លេខ​៣ ម្ចាស់ផ្ទះ​ឡាវ ដែលមាន ០​ពិន្ទុ​ដូច​កម្ពុជា ដែល​បាន​ចាញ់​ជប៉ុន ០-៤ ក្នុងជំនួប​បើកឆាក​។​
​សូមបញ្ជាក់ថា ប្រកួត​ដំបូង U-16 កម្ពុជា ចាញ់ U-16 ម៉ាឡេស៊ី ៧-០ ខណៈ U-16 ជប៉ុន បានឈ្នះ U-16 ឡាវ ០-៤​។

ពានរង្វាន់​យុវជន​អាយុ​ក្រោម ១៦​ឆ្នាំ ប្រចាំ​ទ្វីបអាស៊ី វគ្គ​ជម្រុះ (AFC U16 Championship Qualifiers 2020) នេះ​បានចាប់ផ្ដើម​ពីថ្ងៃ​ទី​១៨ ដល់​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ ដោយ កម្ពុជា ស្ថិតនៅ​ពូ​ល J ជាមួយ​ម្ចាស់ផ្ទះ​ឡាវ​, ម៉ាឡេស៊ី និង​ក្រុម​ខ្លាំង​ជប៉ុន​។ ការប្រកួត​ក្នុង​វគ្គ​នេះ គឺជា​វគ្គ​ជម្រុះ ដោយ​យកតែ​ក្រុម​លេខ​១ បូករួម​ជាមួយ​ក្រុម​លេខ ២​ល្អ ចំនួន​៥ ប៉ុណ្ណោះ​ទើប​អាច​កក់​កៅអី​ឡើងទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​នៅ​ឆ្នាំ​២០២០ ធ្វើឡើង​នៅ​ប្រទេស​សិង្ហ​បុរី​។

គួរ​រំលឹក​ថា ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFC U-16 Championship កាលពី​ឆ្នាំ ២០១៨ កម្ពុជា ទទួលបាន​ត្រឹម​លេខ​រៀង​ទី ៣ ក្នុង​ពូ​ល I ដោយ​ប្រកួត​ចាញ់ ៣​លើក ឈ្នះ ១ មិនអាច​បន្តទៅ​វគ្គ​បន្ទាប់​ទៀត​បានឡើយ​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114