ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ឃួ​ង ស្រេង និង​លោកស្រី​អញ្ជើញ​កាន់បិណ្ឌ​វេន​ទី​៧​នៅ​គល់​ទទឹង ទៅតាម​គន្លង​ប្រពៃណី​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា

ភ្នំពេញ​ ៖ ស្រប​ពេល​ដែល​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​ស្ថិត​ក្នុង​ក្តី​សោមនស្ស​រីករាយ​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ​ដ៏​ជ្រះថ្លា​នា​ឱកាស​នេះ លោក​ឃួ​ង​ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី​,​រួម​ជា​មួយ​ក្រុម​គ្រួសារ​និង​មន្ត្រីរាជការ​សាលា​រាជធានី​ភ្នំពេញ អាជ្ញាធរ​ដែនដី​បាន​អញ្ជើញ​កាន់បិណ្ឌ​វេន​ទី​៧​នៅ វត្ត​និគ្រោធ​វ​ន័ ហៅ​វត្ត​គល់​ទទឹង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ទៅតាម​គន្លង​ប្រពៃណី​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា​។

​ពិធីបុណ្យ​កាន់បិណ្ឌ​ដែល​មាន​រយៈពេល​១៤​ថ្ងៃមុន​បុណ្យ​ភ្ជុំបិណ្ឌ​ ដែល​ជា​បុណ្យ​ធំ​ត្រូវ​បាន​ប្រជា​ពុទ្ធបរិស័ទ​ធ្វើឡើង​ក្នុងន័យ​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​ដួងវិញ្ញាណ​ខន្ធ​បុព្វការី​ជន​មាន​មាតា បិតា​ញាតិ​ការ​ទាំង​៧​សណ្តាន​ ដែល​បាន​បាក់បែក​កាយ​រំលាយ​ឋាន​ទៅកាន់​លោក​ខាងមុខ សូម​មក​ទទួល​អានិសង្ស​ដែល​កូនចៅ​ឧទ្ទិស​ជូនទៅ​។

នេះ​ជាវ​ត្ត​ទី​២​ហើយ​ដែល​លោក​អភិបាល និង​លោកស្រី​បាន​អញ្ជើញ​ទៅកាន់​បិណ្ឌ​បន្ទាប់ពី​វត្ត​លង្កា​ព្រះ​កុ​សុមា​រាម ក្នុង​ខណ្ឌ​បឹង​កេងកង។

បងប្អូន​ប្រជាពលរដ្ឋ​បាន​សំដែង​ក្តី​សោមនស្ស​រីករាយ​ ប្រកបដោយ​សទ្ធា​ជ្រះថ្លា​ក្នុង​សុខ សន្តិភាព​ដោយ​មិនបាន​ខ្វាយខ្វល់​ពី​ការ​ញុះញង់ បំផ្លិចបំផ្លាញ​សង្គមជាតិ​ពី​ក្រុម ឧទ្ទាម​ក្រៅច្បាប់​ដែល​មានបំណង​បំផ្លាញ​សេចក្តី​សុខសាន្ត​និង​ការអភិវឌ្ឍន៍​របស់ សង្គម និង​ប្រជាពលរដ្ឋ​នោះ​ឡើយ​។

ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​របស់​រដ្ឋបាល​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ លោក​ឃួ​ង ស្រេង បាន​ណែនាំ​ឲ្យ កម្លាំង​សមត្ថកិច្ច សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ សង្កាត់​ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ សណ្តាប់​ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​ធ្វើ​បុណ្យទាន​ដោយ​ស្ងប់​អារម្មណ៍​មិន​មាន​ការភ័យខ្លាច​ព្រមទាំង​ការរៀបចំ​សម្រួល​ចរាចរណ៍​តាម​ដង​ផ្លូវ​នានា​ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឲ្យ​ងាយស្រួល​ផង​ដែរ​ក្នុង​ឱកាស​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ​។

ជា​មួយ​គ្នា​នេះ​ ក៏​ត្រូវ​រំលឹក​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ធ្វេសប្រហែស​ពី​គ្រោះ​អគ្គីភ័យ និង​ការពារ​ផ្ទះសម្បែង​របស់​បងប្អូន​។ ចំពោះ​ទ័យ​ទាន​ដែល​បាន​ប្រគេន​ដល់ ព្រះសង្ឃ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​រួមមាន​៖​សាដក​,​មី​,​ទឹក​សុទ្ធ​,​ទឹកក្រូច​,​អង្ករ ស្ករស​,​ផ្លែឈើ​,​ត្រីខកំប៉ុង​,​ទឹកដោះគោ​ខាប់​,​ក្រណាត់ស​,​បច្ច័យ​សម្រាប់​ប្រគេន​ព្រះសង្ឃ តាជី ដូនជី​និង​កូនសិស្សលោក​ផងដែរ​។

គួរ​បញ្ជាក់​ថា បើ​យោង​តាម​ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី​៧ វត្ត​និគ្រោធ​វ័ន ហៅ​វត្ត​គល់​ទទឹង​ខាង​លើ​នេះ គឺ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ៦​រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ២០១៥ វេលា​ម៉ោង​១៤​និង​៣០​នាទី ជួបជុំ​ពុទ្ធបរិស័ទ ភ្ញៀវកិត្តិយស​១៥​និង​០០​នាទី នមស្ការ​ព្រះ​រតនត្រ័យ សមាទានសីល​និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត និង​សម្តែង​ធម្មទេសនា។ ​លុះដល់​ថ្ងៃ​សុក្រ ៧​រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៩ ​វេលា​ម៉ោង​០៩​និង​០០ ប្រគេន​យាគូ​ដល់​ព្រះសង្ឃ រាប់បាត្រ​បង្សុកូល វេរ​ភត្តាហារ​ប្រគេន​ព្រះសង្ឃ​និង​ពហូទេវា​ដារ​ឆ្លង​ជា​កិច្ច​បង្ហើយ​បុណ្យ​៕
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114