ព័ត៍មានទាន់​ហេតុការណ៏
Search

កម្លាំង​ប្រជា​ការពារ​សាលា​ខណ្ឌ​ច្បារអំពៅ​ ចុះ​លាង​សំអាត​ផ្លូវ​ក្រោម​ស្ពាន​ព្រែក​សំរោង

ភ្នំ​ពេ​ញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១៩ ​ខែកញ្ញា​នេះ​ លោក​យី ធី​រ៉ាត់ នាយករង​រដ្ឋបាល​សាលា​ខណ្ឌ​ច្បារអំពៅ​បាន​ដឹកនាំ​កម្លាំង​ប្រជា​ការពារ​សាលាខណ្ឌ​ ចុះ​លាង​សំអាត​ផ្លូវ​ក្រោម​និង​គល់​ស្ពាន​ព្រែក​សំរោង​ស្ថិត​ក្នុង​សង្កាត់​ព្រែក​ថ្មី ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។

លោក​យី ធី​រ៉ាត់ បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា ដោយ​មើល​ឃើញ​នូវ​កាកសំណល់​សំរាម​ក៏ដូចជា​កំទេច​ដី​ស្ថិតនៅ​គល់​និង​ក្រោម​ស្ពាន​ព្រែក​សំរោង​ច្រើនពេក ​លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​អនុញ្ញាត​ឲ្យ​រូប​ខ្ញុំ​ដឹកនាំ​កម្លាំង​ប្រជា​ការពារ​សាលា​ខណ្ឌ​មក​លាង​សំអាត​និង​កើប​កំទេច​ដី​ដែល​ជ្រុះ​ពេញ​លើផ្លូវ​ឲ្យ​អស់​។

លោក​នាយករង​រដ្ឋបាល​សាលា​ខណ្ឌ​បាន​បន្ត​ថា ​កំទេច​ដី​ដែល​ជ្រុះ​នេះ​គឺ​ដោយសារ​ក្រុម​រថយន្ត​ដឹក​ដី​ដឹក​មិន​គ្រប​កៅស៊ូ​និង​ដីខ្សាច់​សើម​បង្ក​ឲ្យ​ជ្រុះ​ពេញ​លើ​ផ្លូវ​តែម្តង​។ ហើយ​រថយន្ត​ដឹក​ដី​ធ្វើ​អាជីវកម្ម​នេះ​គឺ​ច្រើន​ធ្វើ ដំណើរ​ឆ្លងកាត់​លើ​ស្ពាន​ព្រែក​សំរោង​នេះ​ ទាំងយប់​ទាំង​ថ្ងៃ​ ដូច​ក្បួន​ហែ​កឋិន​អញ្ចឹង​។

ក្នុង​ឱកាស​នោះ​លោក​នាយករង​រដ្ឋបាល​បាន​ធ្វើ​ការ​ក្រើន​រំលឹក​ដល់​អ្នក​ប្រកប​អាជីវកម្ម​ដឹក​ដី​លក់​ល្មម​ភ្ញាក់រលឹក​ដោយ​ខ្លួនឯង​ផង​ជៀសវាង​នៅ​ពេល​ដែល​អាជ្ញាធរ​ចុះ​ចាប់​រថយន្ត​បង្ក​ការ​ជ្រុះ​កំទេច​តាំង​មក​យំ​ស្រែក​បោក​ខ្លួន​ថា​ រាងចាល​ហើយ​នោះ​។​ ប៉ុន្តែ​ចាប់ពី​ថ្ងៃនេះ​តទៅ​អាជ្ញាធរ​និង​ដាក់​កម្លាំង​ចាំ​ចាប់​រថយន្ត​ដែល​កំពប់​ដី​លើ​ផ្លូវ​យក​ទៅ​រក្ស​ទុក​នៅ​សាលា​ខណ្ឌ​រាប់​ខែ​ហើយ​ ទើប​រាងចាល​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114