ព័ត៍មានទាន់​ហេតុការណ៏
Search

ឡោមព័ទ្ធ​ទីតាំង​ផ្ទះ​បញ្ចាំ​មួយ​កន្លែង​នៅ​សង្កាត់​សៀមរាប ដោយ​រកឃើញ​ម៉ូតូ​ល្មើសច្បាប់ ប្រមាណ​៥៦​គ្រឿង

សៀមរាប​ ៖​ នគរបាល​ជាន់ខ្ពស់​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩​នេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​នគរបាល​ខេត្ត​សៀមរាប បាន​ចុះទៅ​ឡោមព័ទ្ធ​ទីតាំង​ផ្ទះ​បញ្ចាំ​មួយកន្លែង ស្ថិតនៅ​ក្នុង​ភូមិ​អរញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប ដោយ​រកឃើញ​ម៉ូតូ​មិនមាន​លិខិតស្នាម​ត្រឹមត្រូវ​ចំនួន​៥៦​គ្រឿង​។

ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តសៀមរាប ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ និង​នគរបាល​ជាច្រើន​នាក់​ផងដែរ​។

ក្នុង​ការ​បង្ក្រាប​នោះ សមត្ថកិច្ច​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង ដែល​មាន​ឈ្មោះ យាយ​ហួរ និង​កូន​ឈ្មោះ ហូរ យក​ទៅ​ធ្វើការ​សួរនាំ​ផងដែរ​។ តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​ថា ទីតាំង​ខាងលើ បាន​បើក​ទទួល​បញ្ចាំ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​ទទួលយក​ម៉ូតូ​ដែល​គ្មាន​ឯកសារ​គ្រប់គ្រាន់ ដោយ​បើក​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ ហើយក៏​ធ្លាប់​ត្រូវ​សមត្ថកិច្ច​ចុះ​ធ្វើការ​បង្ក្រាប​ម្តង​ហើយ​ដែរ តែ​នៅតែ​ប្រព្រឹត្ត​បន្តទៀត​។

យ៉ាងណាក៏ដោយ នៅ​រសៀល​ថ្ងៃនេះ ម៉ូតូ​ទាំង​៥៦​គ្រឿង រួម​ទាំង​ម្ចាស់​ទីតាំង ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​យក​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់វិធានការ​តាម​នីតិវិធី​។​ សមត្ថកិច្ច​បញ្ជាក់​ថា កន្លងទៅ​នគរបាល​មូលដ្ឋាន​នៃ​ក្រុង​សៀមរាប បាន​ធ្វើ​ការ​បង្ក្រាប​ម្តង​រួច​មក​ហើយ​។ តែ​ម្ចាស់​ទីតាំង​នោះ ទទួល​បញ្ចាំ​តែ​អ្នកស្រុក​ដែល​ស្គាល់​គ្នា ខ្លះ​ជំពាក់​លុយ​ធានា​គារ ក៏​ទៅ​ដាក់​កាត​គ្រី​។

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា នៅ​ឆ្នាំមុន​សមត្ថកិច្ច​ធ្លាប់​ចាប់​ម្តង​នោះ ពេល​យកមក​ដល់​អធិការ ពលរដ្ឋ​នាំគ្នា​យក​ឯកសារ មក​យក​ម៉ូតូ​វិញ​ជា​ធម្មតា​។ ​សមត្ថកិច្ច​បញ្ជាក់​ថា ទោះជា​យ៉ាងណា​នៅពេលនេះ​គ្រាន់តែ​ដកហូត​យក​មក​បណ្តោះអាសន្ន​សិន នៅពេល​ស្រាវ​ស្រាវ​ចប់​ទើប​បង្ហាញ​ព័ត៌មាន​ជាក់លាក់៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114