ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រមុខ​ដឹកនាំ​ក្រសួង​ទំនាក់ទំនង​ថា ការកែទម្រង់ ការ​គ្រប់ គ្រង ហិរញ្ញវត្ថុ សាធារណៈ​មាន​៤​ដំណាក់កាល ដែល​បាន​ចាប់​ផ្តើម​ពី​ឆ្នាំ ២០០៥​រហូត ដល់ ឆ្នាំ ២០២៥

ភ្នំពេញ ៖ ​ប្រមុខ​ដឹកនាំ​កំពូល​នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ថ្លែងថា ការ​កែ​ទម្រង់ ការ​គ្រប់ គ្រង ហិរញ្ញវត្ថុ សាធារណៈ​មាន​៤​ដំណាក់កាល ដែល​បាន​ចាប់​ផ្តើម​ពី​ឆ្នាំ២០០៥ ​រហូត ដល់ ឆ្នាំ២០២៥ ដោយ​ផ្តោត​សំខាន់​លើ ប្រព័ន្ធ​ត្រួតពិនិត្យ និង វាយ តម្លៃ លទ្ធផល និង​សមិទ្ធកម្ម​។

នេះ​ជា​ការ​ថ្លែង​លើកឡើង​របស់​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ទំនាក់ ទំនង ជាមួយ រដ្ឋសភា​-​ព្រឹទ្ធសភា និង អធិការកិច្ច​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី​ការ​ត្រួតពិនិត្យ ការអនុវត្ត​ថវិកា​កម្មវិធី ការ​ប្រឈម និង​ទិសដៅ​អនាគត​ដែល​ពិធី​នេះ ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​មកពី​ក្រសួង និង​មន្ទីរ ទំនាក់ទំនង​ជា​មួយរ​ដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច រាជធានី ខេត្ត សរុប​ចំនួន​ជាង​១០០​នាក់​នៅ​សណ្ឋាគារ​ភ្នំពេញ​ការ​ពី​ថ្មីៗ​នេះ​។

ក្រសួង ទំនាក់ ទំនង ជាមួយ រដ្ឋសភា​-​ព្រឹទ្ធសភា និង អធិការកិច្ច បាន ធ្វើ​សិក្ខាសាលា ស្តីពី​ការត្រួតពិនិត្យ ការអនុវត្ត​ថវិកា​កម្មវិធី ការ​ប្រឈម និង​ទិសដៅ​អនាគត របស់ ក្រសួង ទំនាក់ទំនង​ជាមួយរ​ដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច នៅ​សណ្ឋាគារ​ភ្នំពេញ រាជធានី​ភ្នំពេញ​ក្នុង​គោលបំណង​ស្តីពី​ការ​ត្រួតពិនិត្យ ការអនុវត្ត​ថវិកា​កម្មវិធី ការ​ប្រឈម និង​ទិសដៅ​អ​នា​គត់​ដើម្បី ដោះ ស្រាយ បញ្ហា ប្រឈម ទាំងនោះ ហើយ ដាក់ ចេញ នូវ វិធានការណ៍ និង​ទិស ដៅ ថ្មីៗ ស ម្រា​ប់ អនុវត្ត​ក្នុង​ឆ្នាំ​ខាងមុខ​បន្តទៀត។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ទំនាក់ ទំនង ជាមួយ រដ្ឋសភា​-​ព្រឹទ្ធសភា និង អធិការកិច្ច​បាន​ថ្លែង​ក្នុង​អត្ថន័យ​រួម​សំខាន់​នៃ​សិក្ខាសាលា​នេះ មាន គោល បំណង ត្រួត ពិនិត្យ និង វាយ តម្លៃ​ការអនុវត្ត ថវិកា​កម្ម វិធី កន្លងមក ដោយ​លើកឡើង​ពី​ការ​ប្រឈម នានា និង ផ្លាស់ប្តូរ យោបល់ ដើម្បី​ដោះស្រាយ បញ្ហា​ប្រឈម​ទាំងនោះ​ ហើយដាក់​ចេញនូវ វិធានការណ៍ និង​ទិស ដៅ ថ្មីៗ សម្រាប់ អនុវត្ត​បន្ត ក្នុង ឆ្នាំ ខាង មុខ ដើម្បី សម្រេច​បាន លទ្ធផល ដូច ដែល​ក្រសួង​បាន​ដាក់​ចេញ និង ដើម្បី​អនុវត្តភារកិច្ច​ផែនការ និង​យុទ្ធសាស្ត្រ ដែល រាជរដ្ឋាភិបាល បានប្រគល់​។ សិក្ខាសាលា នេះ​បាន​ទទួល​ការឧបត្ថម្ភ​ថវិកា​ពី​គណៈកម្មាធិការ ដឹកនាំ ការងារ កែទម្រង់ ការ​គ្រប់​គ្រង ហិរញ្ញវត្ថុសាធារណៈ។

ក្នុងឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បានលើកឡើង​ពី ការកែទម្រង់ ការ​គ្រប់ គ្រង ហិរញ្ញវត្ថុ សាធារណៈ ដែល​បានចាប់ផ្តើម​ពី​ឆ្នាំ ២០០៥ និង​បន្ត​រហូត ដល់ ឆ្នាំ ២០២៥​។ កម្មវិធី កែទម្រង់ ត្រូវ បាន ចែក ចេញ ជា​៤​ដំណាក់កាល គឺ ៖ ទី​១) ពី​ឆ្នាំ ២០០៥ ដល់​ឆ្នាំ ២០០៨ ដោយ​ផ្តោតលើ ភាពជឿ​ទុកចិត្ត​បាន​នៃ ថវិកា ទី​២) ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០១៥ ដោយ​ផ្តោតលើ គណនេយ្យភាព​ហិរញ្ញវត្ថុ ទី​៣) ពី​ឆ្នាំ ២០១៦ ដល់ ឆ្នាំ ២០២០ ដោយ ផ្តោតលើ​ថវិកា​ផ្សារភ្ជាប់​ជាមួយ​គោលនយោបាយ និង​ទី​៤) ពី​ឆ្នាំ ២០២១ ដល់ ឆ្នាំ ២០២៥ ដោយ​ផ្តោតលើ ប្រព័ន្ធ​ត្រួតពិនិត្យ និង វាយ តម្លៃ លទ្ធផល និង​សមិទ្ធកម្ម​។

​ដោយ​ការអនុវត្ត​កម្មវិធី​កែទម្រង់ ជាពិសេស ការកែទម្រង់​ថវិកា អង្គ ភាព ថវិកា ទាំងអស់ ថ្នាក់ ដឹកនាំ និង មន្ត្រី​ដែល​ពាក់ព័ន្ធ ត្រូវ ត្រៀមលក្ខណៈ​ឱ្យបាន​ល្អ ព្រោះ ការងារ នេះ មាន ភាព ស្មុគស្មាញ និង​ទាមទា ការបណ្តុះ បណ្តាល និង​ជំនាញ ដើម្បី អនុវត្ត ឱ្យ បាន​តាម​ការ​ណែ នាំ របស់ រាជរដ្ឋាភិបាល តាមរយៈ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​។

​ដើម្បី​សម្រេចបាន​ជោគជ័យ​ក្នុង​បេសកកម្ម​ដ៏​ឧត្ដុង្គឧត្ដម ដូច បាន លើក ឡើង ខាង លើ នេះ ទាមទារ ឱ្យ មន្ត្រី រាជការ គ្រប់លំដាប់​ថ្នាក់ ត្រូវ ពង្រឹង សមត្ថភាព និង​គោរព ច្បាប់ និង​ក្រមសីលធម៌​មន្ត្រីរាជការ និង ខិត ខំ បំពេញ ការងារ​ទៅតាម ការចាត់តាំង និង​តួនាទី​របស់ខ្លួន​គ្រប់ៗ​គ្នា​។

ជា​មួយ​នេះ មន្ត្រី រាជការ ក្រសួង ទាំង អស់ ត្រូវ យក ចិត្ត ទុកដាក់ អនុវត្ត​ឱ្យ បាន ល្អ តាម អភិក្រម ទាំង ប្រាំ របស់ សម្តេច តេ​ជោ នាយករដ្ឋមន្ត្រី គឺ​៖ “​ឆ្លុះ កញ្ចក់ ងូតទឹក ដុស ក្អែល ព្យាបាល និង​វះកាត់​” ដែល​យើង​ត្រូវ​ចងចាំ កុំ​ឲ្យ ភ្លេច​ខ្លួន​ឲ្យ​សោះ​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បាន​ផ្តាំ​ឲ្យ​ប្រធាន​មន្ទីរ​គ្រប់​ខេត្ត រាជធានី និង​ថ្នាក់ដឹកនាំ​ក្រោម​ឱវាទ​ក្រសួង ដែល​មាន​ភារកិច្ច ជា​សមាជិក​ក្រុមការងារ​ថ្នាក់​ជាតិ ត្រូវ​ចូលរួម​ឲ្យ​បាន​សកម្ម​ក្នុង​ការ​ប្រាស្រ័យ​ទំនាក់ទំនង ជាមួយ​ប្រជាពលរដ្ឋ នៅ​គ្រប់​មូលដ្ឋាន ពិសេស​នៅក្នុង​គ្រា​ដែល​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ទឹកជំនន់​ទន្លេ និង​ទឹកភ្លៀង។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បានបញ្ជាក់​បន្ថែម​ឲ្យ ក្រុមការងារ​ទាំងអស់ ត្រូវ​ពិនិត្យ​តាម​ទី​អារាម​ដែល​ខ្វះ​ការចូលរួម​ពី​ប្រជា​ពុទ្ធិ​បរិស័ទ ដែល​មិនបាន​ទៅ​ដល់ទី​អារាម ក្នុងឱកាស​កាន់បិណ្ឌ ភ្ជុំបិណ្ឌ នេះ ដោយ​ត្រូវ​រាយការណ៍​ឲ្យ​អាជ្ញាធរ​បានដឹង និង​ចាត់តាំង​ក្រុមការងារ​ចូលរួម​ឲ្យ​បាន​គ្រប់​វត្ត កុំបី​ខាន​ឡើយ៕
វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114