ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ច​សន្ទនា​អាស៊ី​-​អឺរ៉ុប លើក​ទី ៨ ស្ដីពី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ក្រោម​ប្រធានបទ “ ការ​លើកកម្ពស់​ភាពជា​ដៃគូ​ទឹក ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ភាព​រីកចម្រើន​សម្រាប់​ទាំងអស់គ្នា​”

សៀមរាប ​៖ ​កម្ពុជា បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចសន្ទនា​អាស៊ី​-​អឺរ៉ុប លើក​ទី ៨ ស្ដីពី​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ក្រោម​ប្រធានបទ “ ការលើកកម្ពស់​ភាពជា​ដៃគូ​ទឹក ឆ្ពោះទៅ​រក​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ភាព​រីកចម្រើន​សម្រាប់​ទាំងអស់គ្នា​” ដែល​នឹង​ប្រារព្ធ​ធ្វើ​នា​ថ្ងៃទី ១៩-២០ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ក្រុង​សៀមរាប ដោយមាន​មន្ត្រី​ចូលរួម​ចំនួន ១២០ នាក់ មកពី​ប្រទេស​ចំនួន ១៥ ក្នុង​ក្របខ័ណ្ឌ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM) ក្រោម​អធិបតី ភាព​លោក​លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​។

ថ្លែង​ក្នុង​ពិធី​បើក លោក​រដ្ឋមន្ត្រី បាន​សំដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​ព្រឹ​ត្តិ​ការណ៍​ដ៏​មាន​សារៈសំខាន់​នេះ​។

លោក​រដ្ឋមន្ត្រី បាន​ជម្រាប​អំពី​សក្តានុពល​ធនធាន​ទឹក​នៅ​កម្ពុជា និង​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​ការអភិវឌ្ឍន៍​និង​ការគ្រប់គ្រង​ធនធានទឹក ដែលជា​វិស័យ​ជា​អាទិភាព​មួយ​សំខាន់​ក្នុងការ​ទ្រទ្រង់ និង​ជម្រុញ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ចជាតិ ប្រកបដោយ​ចីរភាព និង​បរិយា​ប័ន្ន​។

លោក​រដ្ឋមន្ត្រី បាន​លើក​ឡើង​អំពី​សមិទ្ធផល​លើ​វិស័យ​ធនធានទឹក​ដែល​សម្រេចបាន​រហូតមក​ដល់ពេលនេះ និង​ការងារ​ជា​អាទិភាព​ដែល​កម្ពុជា ត្រូវ​បន្ត​អនុវត្ត​រួមមាន​៖ ការបន្ត​អភិវឌ្ឍ​និង​ពង្រឹង​ធនធានមនុស្ស​និង​ស្ថាប័ន​, ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​និង​ការគ្រប់គ្រង​អាង​ទន្លេ​, ការគ្រប់គ្រង​និង​ការកាត់បន្ថយ​គ្រោះទឹកជំនន់​និង​គ្រោះរាំងស្ងួត​, ការកសាង​និង​ស្ដារ​ប្រព័ន្ធធារាសាស្ត្រ​និង​អាងទឹក​, ការរៀបចំ និង​ពង្រឹង​មូលដ្ឋាន​ចំណេះដឹង​បច្ចេកទេស​, ការធ្វើ​ឲ្យ​ប្រសើរ​ផ្នែក​ទំនាក់ទំនង​និង​ភាពជា​ដៃគូ​, ការចូលរួម​របស់​អ្នកពាក់ព័ន្ធ ការលើក​កំពស់​ការយល់ដឹង​ជា​សាធារណៈ​, ការចែករំលែក​និង​ផ្លាស់ប្តូរ​ព័ត៌មាន​ចំណេះដឹង បទពិសោធន៍​និង​ការអនុវត្ត​ល្អ​លើ​នឹង​ការគ្រប់គ្រង​និង​ការអភិវឌ្ឍ​ធនធានទឹក និង​នៅមាន​ផ្នែក​ជាច្រើន​ទៀត​។

លោក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា ការវិនិយោគ​លើ​ការអភិវឌ្ឍន៍ និង​ការគ្រប់គ្រង​វិស័យ​ធនធានទឹក​ឲ្យ​បាន​កាន់តែ​ប្រសើរ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍន៍ គឺជា​តម្រូវការ​ចំ​បាច់ និង​មាន​សារៈសំខាន់​បំផុត​។ ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា និង​ក្រសួង ធនធានទឹក និង​ឧតុនិយម លោក​រដ្ឋមន្ត្រី បាន​សម្ដែង​នូវ​អំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ដៃគូ​អភិវឌ្ឍ​, ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ដៃគូ​ផ្សេងទៀត ដែល​បាន​ជួយ​ជ្រោមជ្រែង និង​គាំទ្រ​ទាំង​នា​ពេល​កន្លងមក ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ដល់​ការ​អភិវឌ្ឍន៍​កម្ពុជា និយាយ​ជារួមនឹង​ដល់​ការអភិវឌ្ឍន៍ និង​គ្រប់គ្រង​វិស័យ​ធនធាន​ទឹក និយាយ​ដោយឡែក ដែល​បាន​ជួយ​ធ្វើ​ឲ្យ​វិស័យ​នេះ ដើរ​តួនាទី​កាន់តែ​សកម្ម និង​រឹតតែ​សំខាន់ ក្នុង​ការបន្ត​រួមចំណែក​ដល់​ការអភិវឌ្ឍន៍ និង​ការ​រីកចម្រើន នៃ​កម្ពុជា​បន្ថែមទៀត​។

លើសពី​នេះ ​លោក​រដ្ឋមន្ត្រី បាន​ជម្រាប​អំពី​ការចូលរួម និង​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​តំបន់ និង​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ធនធាន​ទឹក​ឆ្លងដែន តំបន់ និង​អន្តរជាតិ និង​បាន​សង្កត់ធ្ងន់​ថា ការកើតមាន​នូវ​បញ្ហា​ប្រឈម​ផ្នែក​ទឹក​ក្នុង​តំបន់ និង​ពិភពលោក បាន​ធ្វើ​ឲ្យ​ភាពជា​ដៃគូ​ទឹក កាន់​តែមាន​សារៈសំខាន់ និង​ត្រូវ​បាន​យកចិត្តទុកដាក់​កាន់តែខ្លាំង​ឡើងៗ ដោយ​បាន​ចាត់ទុកថា ជា​សកម្មភាព អាទិភាព​មួយ ក្នុងចំណោម​សកម្ម​ភាពជា​អាទិភាព​ផ្សេងទៀត ដែល​ទាមទារ​ឲ្យ​គ្រប់​ប្រទេស​ក្នុង​តំបន់ និង ពិភពលោក ចាំបាច់​ត្រូវ​ធ្វើការ​ជាមួយគ្នា​ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​ឲ្យ​បាន​នូវ​ភាព​ចម្រុងចម្រើន​រួមគ្នា និង​អនាគត​ប្រកបដោយ​ចីរភាព តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ឲ្យ​បាន​កាន់​តែ​ខ្លាំង​ឡើង និង​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ ឲ្យ​បាន​កាន់តែ​ប្រសើរ​។

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក​រដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​អំពី​ការប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​កម្ពុជា ក្នុងការ​គាំទ្រ និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​តំបន់ និង​អន្តរជាតិ និង​ភាពជា​ដៃគូ​សម្រាប់​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

នៅ​ចុង​បញ្ចប់​នៃ​មតិ​បើក លោក​រដ្ឋមន្ត្រី បាន​ជូនពរ​ឲ្យ​កិច្ចសន្ទនា ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​លទ្ធផល​ជា​ផ្លែផ្កា និង​ទទួលបាន​ជោគជ័យ និង​សូម​ឲ្យ​ការ​ស្នាក់នៅ​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ នៅ​សៀមរាប​ដែលជា​ទឹកដី​អច្ឆរិយ​នៃ​ប្រាង្គ​ប្រាសាទ​អង្គរ ប្រកបដោយ​សុខ​សប្បាយ និង​ការ​ចងចាំ​ដែល​មិនអាច​បំភ្លេចបាន​។

សូម​ជម្រាប​ថា កិច្ច​សន្ទនា​រយៈពេល​២​ថ្ងៃនេះ នឹង​ផ្តល់​ឱកាស​ដល់​អ្នកចូលរួម ដើម្បី​ចែករំលែក និង​ផ្លាស់ប្ដូរ​បទពិសោធន៍ ចំណេះ​ធ្វើ និង​ការអនុវត្ត​ល្អៗ ក្នុង​ក្របខណ្ឌ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប តាមរយៈ​ការពង្រឹង និង​ការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ​រវាង​តំបន់​និង​តំបន់ ភាពជា​ដៃគូ​ពហុភាគី និង​ការតភ្ជាប់​កាន់តែ​ប្រសើរ សម្រាប់​ការគ្រប់គ្រង​ទឹក​ឆ្លងដែន ឲ្យ​បាន​កាន់​តែមាន​ប្រសិទ្ធភាព ដើម្បី​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​រីកចម្រើន​រួមគ្នា ក្នុង​និង​រវាង​តំបន់​អាស៊ី និង​អឺរ៉ុប និង​តំបន់​ផ្សេងទៀត​៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114