ព័ត៍មានទាន់​ហេតុការណ៏
Search

កម្លាំងចម្រុះ​ បាន​រុក​រក​ឃើញ​មនុស្ស​ម្នាក់​ហើយ នៅ​ក្នុង​ហេតុការណ៍​ដី​ភ្នំ​រអិល​សង្កត់

បាត់ដំបង ៖ ការស្វែងរក​អ្នក​បាត់​ខ្លួន​២​នាក់​ នៅ​ស្រុក​សំឡូត ដែល​ត្រូវ​ដីភ្នំ​រអិល​បាក់​សង្កត់​ កាលពី​ប៉ុន្មាន​ថ្ងៃមុន ពី​សំណាក់ សមត្ថកិច្ច​ចម្រុះ កម្ពុជា ថៃ តាម​មាត់​អូរ នា​ខ្សែ​បន្ទាប់​ព្រំដែន បាន​ជួប​ប្រទះ​ឃើញ១នាក់​ហើយ ដែល​នៅ​រស់រាន​មានជីវិត​នៅឡើយ ដោយសារ​តែ​មាន​ការ​រង​របួស​ផង និង​ជាប់​គាំង​នៅ​ម្ខាង​អូរ​ផង។

គួរ​បញ្ជាក់​ដែរ​ថា កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ៣នាក់ ដែល​រស់នៅ​ភូមិ​អូរ​ត្រែង ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង បាន​ឡើងលើ​ភ្នំ​នៅ​ចំណុច​ពាម​តា ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​អូរ​ត្រែង ឃុំ​តា​តោក ស្រុក​សំឡូត ដើម្បី​រក​វល្លិ ​និង​បរបាញ់​សត្វ។

ស្របពេល​ជាមួយគ្នា​នោះដែរ ក៏​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើឲ្យ​ច្រោះ​ទឹក​បណ្ដាលឲ្យ​បាក់​ដីភ្នំ រអិល​ពី​ផ្នែក​ខាងលើ មកក្រោម​តែម្តង ធ្វើឲ្យ​ពួកគេ​ទាំង៣​នាក់​រត់គេចខ្លួន​ ដើម្បី​រក​ទី​សុវត្ថិភាព ប៉ុន្តែ​នៅពេល​នោះ​មាន​ពលរដ្ឋ១នាក់ បានគេច​ផុត​ពី​គ្រោះថ្នាក់ ដោយ​គ្រាន់តែ​រង​របួស​ពេញ​ខ្លួន​ ដោយសារ​មែក​ឈើ​វាយ​ត្រូវ ដោយឡែក​២​នាក់​ផ្សេងទៀត​បាន​បាត់​ខ្លួន។

ជនរងគ្រោះ​ទាំង​២​នាក់ ដែល​បាន​បាត់​ខ្លួន​នោះ មានឈ្មោះ ផាន់ វី ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​ឈ្មោះ ឆាង កុយ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ចំណែក​អ្នករងរបួស​ដែល​បានគេច​ផុតពី​គ្រោះថ្នាក់​នោះ មាន​ឈ្មោះ ទ្រី កុសល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ពួកគេ​រស់នៅ​ភូមិ​អូរ​ត្រែង ឃុំ​តា​តោក ស្រុក​សំឡូត។

ពាក់ព័ន្ធ​នឹង​ការស្វែងរក​បុរស​២​នាក់​បាត់​ខ្លួន​នៅលើ​ភ្នំ ទល់នឹង​ស្រុក​សំឡូត ( ចូលទៅក្នុង​ទឹកដី​ថៃ​ប្រមាណ២គីឡូម៉ែត្រ ) មួយរយៈ​កន្លង​មក គឺ​បាន​ប្រទះឃើញ​ស្បែកជើង​១​គូ និង មួក​១ នៅ​កន្លែង​កើត​ហេតុ ដោយ​ប្រពន្ធ​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​២​នាក់​ដែល​បាត់​ខ្លួន បាន​អះអាង​ថា ពិតជា របស់​ប្តី​គាត់​មែន។

បន្ទាប់ពី​មានការ​សហការ​រវាង​កងកម្លាំង​ភាគី​កម្ពុជា ជាមួយនឹង​ភាគី​ថៃ ក្នុងការ​ស្វែងរក​មនុ​ស្ស​ដែល​បាន​បាត់​ខ្លួន​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​រួចមក នៅ​រសៀល​ថ្ងៃទី១៩ ខែកញ្ញា ម្សិលមិញ​នេះ ជនរង​គ្រោះ​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​រស់រានមានជីវិត​នៅឡើយ ដោយសារតែ​ការរត់​គេចខ្លួន​បាន​ធ្លាក់​តាម​ខ្សែ​ទឹកជំនន់ ហើយ​បាន​ជាប់គាំង​នៅ​ម្ខាង​អូរ ក្នុង​ទឹកដី​ថៃ ទើប​កម្លាំង​បាន​បញ្ជូនទៅ​សង្គ្រោះ​ហើយ ដោយឡែក​ម្នាក់ទៀត​គឺ​មិនទាន់​រកឃើញ​ទេ ម្យ៉ាង​កម្លាំង​មិនទាន់​អាច​សាកសួរ​ទៅ​ជនរងគ្រោះ​បាន​នៅឡើយ ព្រោះ​កំពុង​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114