ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកជំងឺ​ម្នាក់​ លួច​រត់ចេញ​ពី​មន្ទីរពេទ្យ ​ខ្យល់គរ ដេក​ស្លាប់​នៅ​តាម​ផ្លូវ

ឧ​ត្ត​រ​មានជ័យ ​៖ ​កាលពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​៣០​នាទី នៅ​ចំណុច​ តាម​បណ្ដោយ​ផ្លូវ មុខ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ស្ថិត​ក្នុង​ភូមិ​ឈូក សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ មាន​កើត​ករណី​មនុស្ស​ខ្យល់គរ​ដើរ​ដួល​ស្លាប់។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​ជនរងគ្រោះ​ឈ្មោះ ប៊ី ជា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ ជា​ទាហាន វរៈ​គ​៨ ចំណុះ​សឹក​រង​ខេត្ត ស្នាក់​នៅក្នុង​បន្ទាយ​វរៈ​គ​៨។

ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​ជំនាញ​ក្រុង បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សំរោង កម្លាំង​ជំនាញ​ការិយាល័យ​ខេត្ត និង​គ្រូពេទ្យ​ពេទ្យ​ខេត្ត ចុះ​ដល់​កន្លែងកើតហេតុ ធ្វើការ​ត្រួតពិនិត្យ​សាកសព មាន​ដូចខាងក្រោម ៖ ស្ថានភាព​កន្លែងកើតហេតុ ៖ ស្ថិតនៅលើ​ចំណីផ្លូវ​មុខផ្ទះ វេរ​លុយ ហេង សេង ស្ថិតនៅ​ភូមិ​ឈូក។ ស្ថានភាព​សាកសព ៖ ពាក់អាវ​ក្រណាត់​ដៃ​វែង មាន​ក្រឡា​ការ៉ូ ស្លៀក​ខោ​រឹត​ជើង​ខ្លី ពណ៌​ត្រេអ៊ី នៅ​លើ​មុខ​សាកសព​មាន​ស្នាម​ជាំ​សងខាង ដោយសារ​ស្រវឹងស្រា​ដើរ​ដួល និង​នៅលើ​ក្បាល​, រាងកាយ​ពុំ​មាន​ស្លាក​ស្នាមរបួស​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ឡើយ។

សមត្ថកិច្ច​បាន​បន្តថា តាម​ការ​បំភ្លឺ​ពី​លោកគ្រូ​ពេទ្យ​ឈ្មោះ ឆោម ការ៉ូ​ន ភេទ​ប្រុស អាយុ៣២​ឆ្នាំ មុខ​របរ​ជា​គ្រូពេទ្យ​ខេត្ត ស្នាក់នៅ​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ ម៉ោង២២និង​០០​នាទី មាន​អ្នកជំងឺ​ឈ្មោះ ប៊ី ជា ជា​អ្នកជំងឺ​ញៀន​ស្រា ហើយ​វង្វេង​វង្វាន់​ស្មារតី និយាយ​មិន​ដឹងអី បាន​ចូលមក​ស្នាក់នៅ និង​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ខេត្ត។ ពេល​នោះ​ក្រុមគ្រូពេទ្យ​បានធ្វើការ​ព្យួរ​សេរ៉ូម ចាក់​ថ្នាំ ហើយ​អ្នកជំងឺ​ឈ្មោះ ប៊ី ជា បាន​នៅ​ដេក​ធម្មតា។

លុះ​នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ ម៉ោង​ប្រហែល១២​និង​០០​នាទី អ្នកជំងឺ​ឈ្មោះ ប៊ី ជា បាន​ផ្ដាច់​សេរ៉ូម​ចេញ ហើយ​លួច​រត់​ចេញពី​មន្ទីរពេទ្យ​។ បន្ទាប់មក​នៅវេលា​ម៉ោង​១២​និង​៤០​នាទី ក៏បាន​ទទួល​ដំណឹង​ថា អ្នកជំងឺ​ឈ្មោះ ប៊ី ជា បាន​ដេកស្លាប់​នៅតាម​ផ្លូវ​ខាងលើ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំនាញ និង​គ្រូពេទ្យ ៖ ជនរងគ្រោះ​ឈ្មោះ ប៊ី ជា ពិតជា​ស្លាប់​ដោយសារ​ខ្យល់គរ​ប្រាកដ​មែន។ ក្រោយ​បញ្ចប់​ការពិនិត្យ ក្រុមការងារ បាន​យក​សាកសព ទៅ​តម្កល់ទុក​នៅ​សាល​តម្កល់​សាកសព​ក្នុង​ពេទ្យ​ខេត្ត រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114