ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្លាំង​មែន លោក គង់ សំណាង មេ​ប៉េអឹម​ស្រុក​បន្ទាយ​អំពិល ​ឃុបឃិត​ និង​បើកដៃ​ឲ្យ​ប្រពន្ធ​របស់​ខ្លួន​រកស៊ី​បទល្មើស​ឈើ​ប្រណិត​ខុសច្បាប់​ជាច្រើន​ឆ្នាំ

ឧត្ដរមានជ័យ ៖ បែក​ធ្លាយ​រឿងអាស្រូវ​របស់ លោក​គ​ង់ សំណាង មេ​ប៉េអឹម​ស្រុក​បន្ទាយ​អំពិល​ជា​មេ​ខ្លោង​នៅ​ពី​ក្រោយខ្នង​បទល្មើស​ឈើ​ប្រណិត​ខុសច្បាប់ បើកដៃ​ឲ្យ​ប្រពន្ធ​របស់​ខ្លួន​រកស៊ី​មុខ​ជំនួញ​ឈើ​ប្រណិត​ខុសច្បាប់​រាប់​ឆ្នាំ​អញ្ចឹង​តើ​បានជា​មន្ត្រី​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ទីនោះ​មិន​ហ៊ាន​បង្ក្រាប។

តាម​ប្រភព​ព័ត៌មាន​ពី​សំណាក់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កំ​តើ​ល​ធំ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល​ ខេត្ត​ឧត្ដរមានជ័យ បាន​រាយការណ៍​មក​ថា លោក គង់ សំណាង​ មេ​ប៉េអឹម​ស្រុក​បន្ទាយ​អំពិល ​ជា​មេខ្លោង​កាង​បទល្មើស​ឈើ​ខុសច្បាប់ឲ្យ​ប្រពន្ធ​របស់ខ្លួន រកស៊ី​បទល្មើស​ឈើ​ប្រណិត​តាម​ចិត្ត​ និង​ដើរ​គំរាមកំហែង​ពលរដ្ឋ​ឲ្យ​លក់​ឈើ​ឲ្យ​ខ្លួន​ក្នុង​តម្លៃថោក។

ពលរដ្ឋ បាន​បន្តថា ​លោក គង់ សំណាង មេ​ប៉េអឹម​ស្រុក​បន្ទាយ​អំពិល​ និង​ប្រពន្ធ ​បាន​ធ្វើបាប​ពួក​គាត់​ច្រើនណាស់​ សូម្បីតែ​ដឹក​ធ្យូង​បន្តិចបន្តួច ​ក៏​ចាប់​មិន​លើកលែង​ដែរ​ ថែមទាំង​ដើរ​គំរាមកំហែង​ពលរដ្ឋ​មួយចំនួន​ដែល​រកស៊ី​មុខរបរ​កាប់​ឈើ​ដូរ​បាយ​ទាំងនោះ មិន​ត្រូវ​លក់​ឈើ​ដែល​រក​បាន ឲ្យ​ទៅ​ថៅកែ​ ឬ​ឈ្មួញ​ផ្សេង​ឡើយ ក្រៅពី​ប្រពន្ធ​របស់​លោក​បើ​ពុំ​ដូច្នោះ​ទេ ​នឹង​ត្រូវ​ចាប់​យក​ទាំងអស់។

ប្រជាពលរដ្ឋ​ក្នុង​ភូមិ/​ឃុំ​ខាងលើ​ បាន​សម្ដែង​ការ​ហួសចិត្ត និង​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​អាជ្ញាធរ​មាន​សមត្ថកិច្ច ជំនាញ​មន្ត្រី​ពាក់ព័ន្ធ​ថា​ មាន​ភាព​លំអៀង ធ្វើបាប​តែ​ពួកគាត់​ជា​ជន​ស្លូតត្រង់ ត្រង់​ចំណែក​លោក គង់ សំណាង​ មេ​ប៉េអឹម​ស្រុក​បន្ទាយ​អំពិល​ និង​ប្រពន្ធ វិញ​រកស៊ី​បទល្មើស​តាម​ចិត្ត​ និង​ជា​ច្រើន​ឆ្នាំ បែរជា​មិន​ហ៊ាន​បង្ក្រាប​ហេតុអ្វី​បានជា​មក​ធ្វើបាប​ និង​គាបសង្កត់​ តែ​ពួកគាត់​អញ្ចឹង ​ឬមួយ​លោក គង់ សំណាង​ និង​ប្រពន្ធ​ជា​បក្ស​តែមួយ​នឹង​អស់លោក​។ ​(​ពលៈ ឆ្នាំ​ណា គម្រប​ហ្នឹង)។

តើ​ឯកឧត្ដម ពុទ្ធ​ សារ៉ាន់​ មេ​ប៉េអឹម​ខេត្ត​ឧត្ដរមានជ័យ​ គិត​យ៉ាង​ណា​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​ ដែល​លោក​គង់ សំណាង បាន​លួចលាក់ ផ្សំគំនិត​ជាមួយ​ប្រពន្ធ​របស់​លោក ប្រព្រឹត្ត​បទល្មើស​ឈើ ​និង​ជួញដូរ​ឈើ​ប្រណិត​ខុសច្បាប់។

ជុំវិញ​ករណី​ខាងលើ​ ក្រុមការងារ​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​ លោក គង់ សំណាង​ មេ​ប៉េអិម​ស្រុក​បន្ទាយ​អំពិល​ និង​ប្រពន្ធ​របស់​លោក​បានទេ ពាក់ព័ន្ធ​នឹង​រឿង​មុខ​ជំនួញ​បទល្មើស​ឈើ​ប្រណិត​ខុស​ច្បាប់ យើងខ្ញុំ​នឹង​រង់ចាំ​ការ​បកស្រាយ​ពី​លោក​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114