ព័ត៍មានទាន់​ហេតុការណ៏
Search

ពង្រឹង និង​ពង្រីក ​នូវ​កិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ផ្លូវគោក ផ្លូវដែក ផ្លូវ​ទឹក និង​កំពង់ផែ រវាង​ប្រទេស​កម្ពុជា និង​ឥណ្ឌូនេស៊ី

ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់ លោក Budi Karya Sumadi រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី និង​ដោយ​ទទួល​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ធ្វើ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៩ ដើម្បី​ពង្រឹង និង​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ផ្លូវគោក ផ្លូវ​ដែក ផ្លូវទឹក និង​កំពង់ផែ រវាង​ប្រទេស​កម្ពុជា និង​ឥណ្ឌូនេស៊ី។

នៅក្នុង​ពិធី​ពិសារ​អាហារ​ពិភាក្សា​ការងារ (Working Dinner) កាលពី​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៩ លោក​រដ្ឋមន្ត្រី​ដឹកជញ្ជូន នៃ​ប្រទេស​ទាំងពីរ​បាន​ទទួល​ស្គាល់​នូវ​សក្ដានុពល​សម្រាប់​កិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​របស់​ប្រទេស​ទាំងពីរ ទាំង​ក្នុង​កម្រិត​ទ្វេភាគី តំបន់ និង​ពិភពលោក។

ជាមួយនឹង​បទពិសោធន៍​ នៃ​ការ​វិនិយោគ និង​ធ្វើ​ពាណិជ្ជកម្ម​ផ្លូវដែក​របស់​ឥណ្ឌូនេស៊ី​ជាមួយ​ប្រទេស​ថៃ ម៉ាឡេស៊ី ឡាវ បង់​ក្លា​ដេ​ស និង​អា​ព្រិ​ក លោក​រដ្ឋមន្ត្រី​ដឹកជញ្ជូន​ឥណ្ឌូនេស៊ី ​បាន​សម្តែង​នូវ​បំណង​ពង្រីក​នូវ​អាជីវកម្ម និង​វិនិយោគ​លើ​វិស័យ​ផ្លូវដែក និង​កំពង់ផែ​នៅ​កម្ពុជា ព្រោះ​ប្រទេស​ឥណ្ឌូនេស៊ី​មាន​រោងចក្រ​រដ្ឋ​ដ៏​ធំ​ផលិត​នូវ​ទូ និង​ក្បាលរថភ្លើង ដែក​រ៉ៃ និង​គ្រឿង​បង្គំ​ផ្សេងៗ សម្រាប់​បម្រើ​ឲ្យ​ការ​លើក​កម្រិត និង​សាងសង់​ផ្លូវដែក​។ ចំពោះ​កំពុងផែ​វិញ ប្រទេស​ឥណ្ឌូនេស៊ី​មាន​រោងចក្រ​រដ្ឋ​ធំៗ​ផលិត​នាវា គ្រឿង​ឧបករណ៍​សម្ភារៈ​បរិក្ខារ​កំពង់ផែ។

នៅក្នុង​ឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​បង្ហាញ​ពី​គម្រោង​លើក​កម្រិត​ផ្លូវ​ដែក​របស់​កម្ពុជា ដែលមាន​ស្រាប់ និង​គម្រោង​សាងសង់​ផ្លូវដែក​ថ្មី ព្រមទាំង​គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​របស់​កម្ពុជា​ផង​ដែរ។

លោក​ទេសរដ្ឋមន្ត្រី បាន​ស្វាគមន៍​ដល់​បំណង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ និង​វិនិយោគ​របស់​ឥណ្ឌូនេស៊ី​នៅ​កម្ពុជា និង​បាន​លើកទឹកចិត្ត​ឲ្យ​ភាគី​ឥណ្ឌូនេស៊ី មក​សិក្សា​ និង​ពិនិត្យ​លទ្ធភាព​វិនិយោគ​នៅ​កម្ពុជា​។ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា និង​ផ្លាស់ប្ដូរ​បទពិសោធន៍​លើ​វិស័យ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត រួម​ទាំង​ពាណិជ្ជកម្ម​ស្រូវ​អង្ករ​ផង​ដែរ។

លោក​ទេសរដ្ឋមន្ត្រី​ បាន​ស្នើ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ពិចារណា​ឡើងវិញ លើ​ការទិញ​អង្ករ​ពី​ប្រទេស​កម្ពុជា ដែល​ភាគី​ទាំងពីរ​បាន​ចុះ​អនុស្សរណៈ​ជាមួយគ្នា កាលពី​ឆ្នាំ​២០១២ កន្លងមក។

នាឱកាស​នោះ​ លោក​រដ្ឋមន្ត្រី​ដឹកជញ្ជូន​ឥណ្ឌូនេស៊ី ក៏បាន​សន្យា​ពាំនាំ​នូវ​សំណើ​របស់​លោក​ទេសរដ្ឋមន្ត្រី ជូន​ក្រសួង​មាន​សមត្ថភាព​ពិចារណា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114