ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រុះ​ខ្សែក្រវាត់​ឆេ​ម​ពាន សប្ដាហ៍​ទី​២ ៖ នី សុ​ភី ជួប ភេត អ៊ូ​ប៊ុន ឯ វង្ស វិឆ័យ ជួប​រ៉ុង ណា​ផា

ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​«​អ្នក​ប្រយុទ្ធ​កំពូល​ថាមពល​ឆេ​ម​ពាន​» រដូវ​កាល​ទី​១ ទម្ងន់​៦៧​គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEATV នា​យប់​ថ្ងៃអាទិត្យ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ ជាការ​ប្រកួត​ជម្រុះ​សប្ដាហ៍​ទី​២ លើក​ទី​១ រវាង​អ្នក​ប្រដាល់​កម្ពុជា នី សុ​ភី ក្លិប​សាល​វ័​ន្ត​កីឡា និង​អ្នក​ប្រដាល់​ថៃ​ភេត អ៊ូ​ប៊ុន​( Phat Oubun) ហើយ​អ្នក​ប្រដាល់​កម្ពុជា​វង្ស វិឆ័យ ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ និង​អ្នក​ប្រដាល់​ថៃ​រ៉ុង ណា​ផា​( Rong Napha)។

សម្រាប់​ជំនួប​រវាង​នី សុ​ភី និង ភេត អ៊ូ​ប៊ុន ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ដោយ​សារ​ភេត អ៊ូ​ប៊ុន ជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី ទើប​មក​ប្រកួត​ក្នុង​ជម្រុះ​ខ្សែក្រវាត់​នេះ។​ យ៉ាងណា ភេត អ៊ូ​ប៊ុន នេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នេះ បាន​មួយ​លើក​ហើយ កាលពី​ថ្ងៃទី​១៨​សីហា​២០១៩​កន្លងមក ដោយ​ផ្ដួល​អ្នក​ប្រដាល់​កម្ពុជា​គឹម វាសនា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​ក្នុង​ទឹក​ទី​២​ប៉ុណ្ណោះ​។ ​ដូច្នេះ​ភេត ​អ៊ូ​ប៊ុន មិនធម្មតា​នោះឡើយ។

តែ​សម្រាប់​ការជួប​ជាមួយ នី សុ​ភី វិញ មើលទៅ​ភេត អ៊ូ​ប៊ុន មិនជា​ងាយស្រួល​យកឈ្នះ​នោះទេ។​
​បើតាម​ការប្រៀបធៀប​នោះ នី សុ​ភី និង ភេត អ៊ូ​ប៊ុន នេះ គេ​មាន​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា​ទេ ហើយ​មាឌ​ក៏​ប្រហែល​គ្នា​ដែរ គ្រាន់តែ​អ៊ូ​ប៊ុន ​ខ្ពស់ជាង​បន្តិច​ប៉ុណ្ណោះ ដោយ​សុ​ភី មាន​កម្ពស់​១,៦៨ ម៉ែត្រ ហើយ​អ៊ូ​ប៊ុន កម្ពស់​១,៧០​ម៉ែត្រ។ តែ សុ​ភី មាន​ប្រវត្តិ​ប្រកួត​ច្រើនជាង។

នី សុ​ភី គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​១៦៨​លើក ឈ្នះ​១២៨​លើក ចាញ់​១០លើក និង​ស្មើ​១២​លើក ។ ចំណែក ភេត អ៊ូ​ប៊ុន គេ​មាន​ប្រវត្តិ​ប្រកួត​តែ​៦៧​លើក ឈ្នះ​៥៦​លើក និង ចាញ់​១១លើក មិនដែល​ស្មើ។

ទោះជា​យ៉ាងណា សម្រាប់​ការជួបគ្នា​នេះ ពុំ​អាច​សន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ​ឡើយ ហើយ​ពីរ​នាក់​នេះ ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ។

ចំពោះ​ការ​ជួបគ្នា​រវាង វង្ស វិឆ័យ និង រ៉ុង ណា​ផា​( Rong Napha) វិញ ក៏​ពិបាក​ទស្សន៍ទាយ​អ្នកណា​ឈ្នះ អ្នកណា​ចាញ់​ដែរ។ ត្បិត​ថា អ្នក​ប្រដាល់​រ៉ុង ណា​ផា ​ល្អ​ និង​ខ្លាំង ហើយ​ធ្លាប់​ឈ្នះ​វិឆ័យ ម្តង​រួច​មក​ហើយ​ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កន្លងមក។ ហើយ​មួយទៀត​នោះ អ្នក​ប្រដាល់​ថៃ​រូបនេះ ក៏​ធ្លាប់​ផ្ដួល​ជើង​ខ្លាំង​កម្ពុជា គឺ​មឿ​ន សុខ​ហ៊ុ​ច ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ឲ្យ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​២ ម្តង​ដែរ​កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​​២០១៩​កន្លងមក។

យ៉ាងណា វង្ស វិឆ័យ ពេលនេះ​មិន​ដូច​វង្ស វិឆ័យ ​ពេលមុន​នោះឡើយ។ វិឆ័យ​មួយរយៈ​ចុងក្រោយ​នេះ គេ​មានការ​រីកចម្រើន​និង​ជឿនលឿន​ច្រើន ហើយក៏​ទើប​ឈ្នះ​មេដាយមាស​ថ្មីៗ​នេះ។ វិឆ័យ របៀប​វាយ​របស់គេ កាន់តែ​ល្អ និង រហ័ស​ជាង​មុន ហើយ​កម្លាំង​កាយសម្បទា​និង ទឹកចិត្ត​របស់គេ​គឺ​ខ្លាំង​ជានិច្ច។ ចាំមើល វង្ស វិឆ័យ អាច​សងសឹក​ក៏ដូចជា​យកឈ្នះ​រ៉ុង ណា​ផាយ​កបាន​៣​ពិន្ទុ ពី​ក្នុង​ការប្រកួត​ជម្រុះ​ឆេ​ម​ពាន​លើកដំបូង​នេះ​បាន​ឬ​អត់?។ វង្ស វិឆ័យ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​ចំនួន​៥៧​លើក ឈ្នះ​៥១​លើក និង ចាញ់​០៦​លើក មិនដែល​ស្មើ។

ចំពោះ រ៉ុង ណា​ផា វិញ របៀប​វាយ​របស់គេ គឺ​វាយ​ដោយ​មិន​បង្ខំ គេ​វាយ​ចេញ​មួយៗ​តែ​ច្បាស់​ហើយ​វាយ​ចេញ​ភាគច្រើន​ចំ​គោលដៅ​បានល្អ នេះ​បើតាម​អ្នក​ផ្គូផ្គង​និយាយប្រាប់​ឲ្យ​ដឹង។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​លើក ឈ្នះ​៦៩​លើក ចាញ់​៥៧​លើក និង​ចាញ់​១២​លើក មិនដែល​ស្មើ។ ចាំមើល ការ​ប្រកួត​ជម្រុះ​លើកដំបូង រវាង​វង្ស វិឆ័យ និង រ៉ុង ណា​ផា តើន​រណារ​កបាន​៣​ពិន្ទុ​នោះ?។

ចំពោះ​ការ​ការប្រកួត​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ ជា សំនៀង អ្នក​ប្រដាល់​ជើងចាស់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី កែវ សំរិទ្ធ​ក្លិប​រាជសីហ៍​ខេត្ត​រតនគិរី ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម។

សម្រាប់​ការឡើង​ប្រកួត​លើក​នេះ ជា សំនៀង តាមមើលទៅ ក៏​ប្រហែលជា​ទៅ​មិន​រួច​ជាមួយ​ជើង​ថ្មី​កែវ សំរិទ្ធ ដែរ ព្រោះ​កែវ សំរិទ្ធ គេ​ល្អ​ និង​ខ្លាំង ឯ​សំនៀង ឥឡូវ​គេ​អន់​ជើង​ក្រោម​ឲ្យ​តែ​គេ​ទាត់​ជើង​ក្រោម គឺ​ដឹង​តែ​ពី​ខូច​ដួល​ក្រោក​លែងរួច​តែម្តង។ ប៉ុន្តែ​យ៉ាងណា ការប្រកួត​លើក​នេះ ក្រែង​ជា សំនៀង គេ​មានការ​ប្តូរ​យុទ្ធសាស្ត្រ​ថ្មី​ទៀត​ក៏​មិនដឹង​?។

សល់ ស្រស់ អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា នឹង​ជួប​សាក​កណ្ដាប់ដៃ​ជាមួយ​អា លិ អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្ត​រតនគិរី ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ហើយ​ពុ​យ ក្រូច ក្លិប​ឃ្លាំងមឿង​កីឡា ជួប​ប្រកួត​ជាមួយ ម៉ន សា​រ៉ា​យ ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ក្នុង​ទម្ងន់​៥៤​គីឡូក្រាម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114