ព័ត៍មានទាន់​ហេតុការណ៏
Search

ចំណត​រថយន្ត​ក្រុម​គ្រួសារ ​លោក​ខេង ទិ​ត្យ សីហា​ ​មាន​តែ​ចំណត​អត់​រថយន្ត​ចត ​ធ្វើ​ឲ្យ​ខាតបង់​ថវិកាជាតិ​រាប់ពាន់​លានរៀល

ស្ទឹងត្រែង​ ៖ ​ACU​គួរ​ចុះ​ស្រាវជ្រាវ​ចំណតរថយន្ត​ ដែល​ត្រូវ​បាន​គេ​វិនិយោគ​ចំនួន១៥​ ឆ្នាំ​ និង​ត្រូវ​ផុត​កំណត់​នៅ​ចុង​ឆ្នាំ ២០១៩​ ព្រោះ​បច្ចុប្បន្ន​នេះ​ម្ចាស់​ចំណតរថយន្ត​ ដែល​គេ​ដឹង​ថា​ជា​ក្រុម​គ្រួសារ​លោក​ខេង ទិ​ត្យ សីហា​ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ បាន​រត់ការ​បន្ត​វិនិយោគ​ចំនួន១០​ឆ្នាំ​បន្ត​ទៀត​ អាច​មាន​អំពើពុករលួយ​ ដែល​ធ្វើ​ឲ្យ​ខាតបង់​ថវិកាជាតិ​រាប់ពាន់​លាន​រៀលក្នុង​រយៈពេល​វិនិយោគ។

ចំណត​រថយន្ត​ ដែល​ត្រូវ​បាន​ក្រុម​គ្រួសារ​លោក​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​រត់ការ​បន្ត​នោះ ​ត្រូវ​បាន​គេ​វិនិយោគ​នៅ​ត្រង់​ចំណុច​ជាប់​ផ្លូវជាតិ​លេខ៨ ​ភូមិ​លើ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹងត្រែង រយៈពេល​១៥​ឆ្នាំ ហើយ​រហូត​មក​ដល់ពេល​បច្ចុប្បន្ន​នេះ ​ចំណតរថយន្ត​នោះ​ គេ​មិនដែល​ឃើញ​មាន​រថយន្ត​ណា​មក​ចត​នោះ​ឡើយ​ ពេលនេះ​បាន​ក្លាយ​ទៅជា​ចំណត​គោ​ដេក​ព្រោះ​ឃើញ​តែ​អាចម៍គោ​នៅ​កន្លែង​ចំណត​តែប៉ុណ្ណោះ។

ប្រភព​បាន​បន្តទៀតថា​ ចំណត​ដែល​ត្រូវ​វិនិយោគ​នេះ​ នឹង​ផុត​អាណិត​នៅ​ចុងឆ្នាំ ២០១៩ នេះហើយ អាជីវករ​សំណូមពរ​ដល់​ACU​ និង​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​គួរ​ចុះ​ស្រាវជ្រាវ​អំពើពុករលួយ​ដែលមាន​នៅក្នុង​ខេត្តស្ទឹងត្រែង ហើយ​យក​ចំណត​នោះ ដាក់​ឲ្យ​ដេញថ្លៃ​នៅ​ចុង​ឆ្នាំ ២០១៩​ នេះ បើ​ពុំ​នោះទេ​ធ្វើ​ឲ្យ​ខាតបង់​ថវិកា​ជាតិ​ក្នុង​រយៈ​វិនិយោគ១០​ ឆ្នាំ រាប់ពាន់​លាន​រៀល។

អ្នកស្រី​ស៊ី​សុវណ្ណនី​ ដែល​ត្រូវជា​ប្រពន្ធ​លោក​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ខេត្ត​ក៏បាន​និយាយ​ប្រាប់​អ្នកយកព័ត៌មាន​ថា ​ការវិនិយោគ១៥ឆ្នាំ​នោះ ​ពុំ​មានការ​ចំណេញ​អី​ទេ​ ដោយសារ​តែមាន​ខ្យល់ព្យុះ​បោកបក់​ធ្វើ​ឲ្យ​ចំណត​លោក​ខូចខាត​យ៉ាង​ធ្ងន់ ​ទើប​គាត់​សុំ​បន្ត​វិនិយោគ១០ឆ្នាំ​ទៀត។

មជ្ឈដ្ឋាន​ទូទៅ​បាន​លើកឡើងថា ​ការវិនិយោគ​ចំណតរថយន្ត​នោះ ​គឺ​គ្រាន់តែ​វិនិយោគ​មិនមាន​រថយន្ត​ណា​ទៅ​ចត​ឡើយ​ ការ​វិនិយោគ​បែបនេះ​ធ្វើ​ឲ្យ​ខាតបង់​ថវិកា​ជាតិ​រាប់ពាន់​លាន​រៀល​ព្រោះ​ក្នុង​មួយថ្ងៃ​មួយថ្ងៃ​គេ​អាច​ប្រមូល​បាន​មួយ​លាន​រៀល​បង់​ទៅ​ឲ្យ​ម្ចាស់​ភាស៊ី​បច្ចុប្បន្ន​ បើសិនជា​ដាក់​ឲ្យ​ដេញថ្លៃ​វិញ​នោះ ​គឺ​ធ្វើ​ឲ្យ​ថវិកាជាតិ​មាន​ចំណូល​យ៉ាង​ច្រើន​ក្នុង​រយៈពេល​វិនិយោគ​នោះ​ព្រោះថា​រថយន្ត​នៅតែ​ចត​ចំណត​ចាស់​ក្នុង​ខេត្ត​ដដែល​ ឯ​ចំណត​ថ្មី​ទុក​គ្រាន់តែ​ឱ្យ​គោ​ដេក​តែប៉ុណ្ណោះ៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114