ព័ត៍មានទាន់​ហេតុការណ៏
Search

ជេ​ក អា​ភី​ឆាត សុំ​សងសឹក ផល សោ​ភ័​ណ្ឌ ខណៈ ចាន់​ ស៊ី​ណាត ​ជួប​ផេ​ត​ ឈុំ​ផុល នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ

អ្នក​ប្រដាល់​ជើង​ខ្លាំង​ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ បាន​ស្វាគមន៍​ការសុំ​ជួប​សងសឹក​របស់​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ជេ​ក អា​ភី​ឆាត មួយ​ថៃ (Jack Apichart Muay Thai) នា​យប់​ថ្ងៃ​សៅរ៍ ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ នៅលើ​សង្វៀន​វ៉ើ​ក​បាយ័ន​ស្ទឹងមានជ័យ។ ពួកគេ​ទាំងពីរ នឹង​ប្រកួត​គ្នា​ក្នុង​ទម្ងន់ ៦៣,៥០០គីឡូក្រាម។

ជេ​ក អា​ភី​ឆាត ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​នៅ​ស្រុកថៃ ប៉ុន្តែ​បាន​វាយ​ចាញ់​សោ​ភ័​ណ្ឌ ដោយ​ពិន្ទុ​ម្តង​កាលពី​ជួបគ្នា​នា​ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ​២០១៩ កន្លងមក។​ ដូច្នេះហើយ ទើប​គេ​សុំ​មក​សងសឹក ​សោ​ភ័​ណ្ឌ​ វិញ​នេះ។

តាម​ប្រវត្តិ ជេ​ក អា​ភី​ឆាត អ្នក​ប្រដាល់​ថៃ​នេះ​គឺ​មិនអាច​ថា គេ​ខ្សោយ​ជាង​សោ​ភ័​ណ្ឌ​ នោះទេ ព្រោះ​គេ​ធ្លាប់​វាយ​ឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំងៗ​នៅ​ស្រុកថៃ​ជាច្រើន​នាក់​ហើយ ហើយ​មក​ចាញ់​ផល សោ​ភ័​ណ្ឌ​លើក​មុន​នោះ គឺ​ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៧​លើក ឈ្នះ​៦៨​លើក និង ចាញ់​១៩​លើក។

ផល សោ​ភ័​ណ្ឌ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៤៥​លើក។ ​ក្នុងនោះ ផល សោ​ភ័​ណ្ឌ​ វាយ​ឈ្នះ​១២៦​លើក​ហើយ ដោយ​ចាញ់​តែ​១៧​លើក និង​ស្មើ​០២​លើក ហើយ​ធ្លាប់​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​លើ​រេញ​ចំនួន​៤៦​លើក។ សោ​ភ័​ណ្ឌ ខ្លាំង​កណ្ដាប់ដៃ និង​ទាត់។ តែ​ទោះជា​យ៉ាងណា សោ​ភ័​ណ្ឌ ក៏ត្រូវ​ប្រយ័ត្ន​ដែរ សម្រាប់​ការប្រកួត​លើក​នេះ។ ដូច្នេះ​ចាំមើល តើ​ផល សោ​ភ័​ណ្ឌ អាច​យកឈ្នះ​ជេ​ក អា​ភី​ឆាត នេះ​ទៀត​ ឬ​អត់?។

ចំពោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង ចាន់ ស៊ី​ណាត ក្លិប​និរោធ​មានជ័យ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ផេ​ត ឈុំ​ផុល វី​រី​យ៉ាក់​ហ្វា​ម (Petchchumphol Viriyakfarm)​។ ពួកគេ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។

ផេ​ត ឈុំ​ផុល វី​រី​យ៉ាក់​ហ្វា​ម នេះ គេ​ក៏​ជា​ជើង​ខ្លាំង​មួយរូប​នៅ​ស្រុកថៃ​ដែរ ហើយ​គេ​ក៏​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជាច្រើនលើក​ដែរ​កន្លងមក។ ផេ​ត ឈុំ​ផុល មាន​ប្រវត្តិ​ប្រកួត​ត​៨៩​លើក ឈ្នះ​៦៥​លើក ចាញ់​២១​លើក និង​ស្មើ​០៣​លើក។ យ៉ាងណា ប៉ះ​ជាមួយ ចាន់ ស៊ី​ណាត អ្នក​ប្រដាល់​ថៃ​រូបនេះ ក៏​មិន​ជា​ស្រួលខ្លួន​ប៉ុន្មាន​ដែរ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​លើកចុងក្រោយ​នេះ​(៣០​សីហា​២០១៩) វាយ​ចាញ់​អ៊ូច ធា​រិ​ទ្ធ ក្លិប​អាណាចក្រ​គុន​ខ្មែរ ដោយ​ពិន្ទុ។

ចាន់ ស៊ី​ណាត គេ​មាន​ផ្លែ​ល្អ ពិសេស​គឺ​ផ្លែ​កណ្ដាប់ដៃ និង​កែង ប៉ុន្តែ​អ្វីដែល​គេ​បារម្ភ​ជំនួស​ស៊ី​ណាត នោះ គឺ​ខ្លាច​តែ​ចាញ់​កម្លាំង​ស៊ុ​ហ្វ ផេ​ត ឈុំ​ផុល មួយ​មុខ​ប៉ុណ្ណោះ​។ ចាន់ ស៊ី​ណាត ប្រកួត​ចុងក្រោយ​នេះ វាយ​ឈ្នះ​ឈូ​ផេ​ត (Chhuopetch) ដោយ​ពិន្ទុ​កាលពី​ថ្ងៃទី​០១​ ខែ​កញ្ញា​ ឆ្នាំ​២០១៩​កន្លងមកនេះ។ យ៉ាងណា​គេ​មិន​ហ៊ាន​អះអាង​មុន​ថា ស៊ី​ណាត​ ឈ្នះ ផេ​ត ឈុំ​ផុល វី​រី​យ៉ាក់​ហ្វា​ម ​ក្នុង​ការប្រកួត​លើក​នេះ​ទេ។ ចាំមើល តើ​ស៊ី​ណាត ឈ្នះ​ឬមួយ​ក៏ ផេ​ត ឈុំ​ផុល វី​រី​យ៉ាក់​ហ្វា​ម ឈ្នះ​សម្រាប់​ការ​ជួបគ្នា​លើកដំបូង​នេះ​?។

ចំណែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ លី ភា អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្ត​បាត់ដំបង នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ហេង វាសនា ក្លិប​ព្រៃទទឹង មកពី​ខេត្តបាត់ដំបង​ដូចគ្នា។ ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ យ៉ាងណា រវាង​ពួកគេ​ពីរ​នាក់​នេះ ពុំមាន​នរណា​ហ៊ាន​ទស្សន៍ទាយ​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ។ ចាំមើល រវាង លី ភា និង ហេង វាសនា តើន​រណា​ឈ្នះ​?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114