ព័ត៍មានទាន់​ហេតុការណ៏
Search

លោ​ក ស សុខា ៖ ការប្រកួត​ប៉េតង់​ពានរង្វាន់​សម្ដេច​វិបុល​បញ្ញា សុខ អាន គឺ​ ដើម្បី​រំលឹក​ដល់​គុណូប​ការៈ​របស់​សម្ដេច​ ដែល​ជា​ស្ថាបនិក​កីឡា​ប៉េតង់​កម្ពុជា

ប្រមុខ​ដឹកនាំ​សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​កម្ពុជា បាន​លើកឡើងថា ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡា​ប៉េតង់​ពានរង្វាន់​សម្តេច​វិបុល​បញ្ញា សុខ អាន លើក​ទី​៧ ឆ្នាំ​២០១៩ គឺ​ប្រារព្ធ​ធ្វើឡើង​ដើម្បី​រំលឹក​ដល់​គុណូបការៈ របស់​សម្ដេច ដែល​ជា​ស្ថាបនិក និង​អភិវឌ្ឍ​កីឡា​ប៊ូល និង​ប៉េតង់ ​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា។

លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់ ​សម្ដេច​វិបុល​បញ្ញា សុខ អាន លើក​ទី​៧ ឆ្នាំ​២០១៩ នៅ​ទីលាន​ក្នុង​ពហុ​កីឡ​ដ្ឋាន​ជាតិ នា​ព្រឹក​ថ្ងៃទី​២០ ​ខែ​កញ្ញា​ ឆ្នាំ​២០១៩​នេះ។

ប្រធាន​សហព័ន្ធ​ កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​បន្តថា ពានរង្វាន់​សម្ដេច​វិបុល​បញ្ញា សុខ អាន លើក​ទី​៧ ឆ្នាំ​២០១៩​នេះ កើតឡើង​ក្រោម​ការ​ជ្រោមជ្រែង និង​ឧបត្ថម្ភ​ផ្ទា​ល់​ពី​ក្រុមគ្រួសារ​របស់​សម្ដេច​វិបុល​បញ្ញា សុខ អាន ដើម្បី​រំលឹក​ដល់​គុណូបការៈ​របស់​សម្ដេច ដែល​ជា​ស្ថាបនិក និង​បាន​ចូល​រួម​អភិវឌ្ឍន៍​កីឡា​ប៊ូល និង​ប៉េតង់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គុណូបការៈ​ដ៏​ធំធេង​ដែល​មិនអាច​កាត់ថ្លៃ​បាន​នេះហើយ បាន​បង្កើត​នូវ​ស្នាដៃ និង​សមិទ្ធផល​ជាច្រើន​ដល់​យើងទាំងអស់គ្នា​ដែល​ជា​អ្នកជំនាន់ក្រោយ។

លោក​បាន​បន្តទៀតថា ជា​លទ្ធផល​រហូតដល់​ពេលនេះ​ក្រុម​កីឡា​ប៉េតង់​ជម្រើសជាតិ​កម្ពុជា​បាន​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​ទាំង​ថ្នាក់​តំបន់ ទ្វីប ពិភពលោក បាន​ទទួល​មេដាយ​សរុប​២៦៨ ក្នុង​នោះ​មេដាយមាស៧២ ប្រាក់​៩៣ សំរឹទ្ធ​១០៣​។ ក្រោម​ការយកចិត្តទុកដាក់ និង​ទស្សនៈ​ដ៏​វែងឆ្ងាយ​របស់​សម្ដេច​វិបុល​បញ្ញា សុខ អាន បាន​បង្កើតឲ្យមាន​យុវជន​ថ្នាល​អាយុ​ក្រោម​១៧​ឆ្នាំ ក្នុង​ការ​ហ្វឹក​ហាត់​ដើម្បី​ត្រៀម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​SEA GAME ឆ្នាំ​២០២៣​ខាងមុខនេះ។

លោក សូ​ម៉ៃ សុខ​គា អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​ឲ្យ​ដឹងថា ការ​ប្រកួត​ពានរង្វាន់ ​សម្ដេច​វិបុល​បញ្ញា​សុខ អាន ឆ្នាំ​២០១៩ ប្រារព្វ​ធ្វើ​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី២០​ដល់​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៩។ ការប្រកួត​នេះ មាន​ក្រុម​កីឡាករ​-​កីឡាការិនី​ចំនួន៣៧៥​នាក់ មកពី​៣៧​ក្លិប និង​សមាគម ក្នុងនោះ​កីឡាការិនី​៦០​នាក់។ ចំណែក​គ្រូបង្វឹក​២២​នាក់ និង​ប្រតិភូ​៣០​នាក់​សរុប​ទាំងអស់​៣៦៧​នាក់។

ចំពោះ​វិញ្ញាសា​ដែល​ដាក់ឲ្យ​ប្រកួត​នោះ រួមមាន វិញ្ញាសា​បុរស ៣​នាក់ ទល់ ៣​នាក់ (​បម្រុង ១) (​មិន​កំណត់​អាយុ​) វិញ្ញាសា​នារី​ ៖ ៣​នាក់ ទល់ ៣​នាក់ (​បម្រុង​១) (​មិន​កំណត់​អាយុ​) វិញ្ញាសា​យុវនារី​ ៖២​នាក់ ទល់ ២​នាក់ (​អាយុ​ក្រោម ១៨​ឆ្នាំ​) និង​វិញ្ញាសា​យុវជន​ ៖ ៣​នាក់ ទល់ ៣​នាក់ (​បម្រុង ១) (​អាយុ​ក្រោម១៨​ឆ្នាំ​) ។ វិញ្ញាសា​ពាន​វ័យ​ចាស់ ​៖ ៣​នាក់ ទល់ ៣​នាក់ (​បម្រុង ១) (​អាយុ ៥៥​ឆ្នាំ​ឡើងទៅ​) និង​វិញ្ញាសា​ពាន​សមាគម ​៖ ៣​នាក់ ទល់ ៣​នាក់ (​បុរស​) សម្រាប់​ក្រុម​ដែល​ពុំបាន​ជាប់​ចំណាត់ថ្នាក់​ពី​លេខ​០១ ដល់ លេខ​០៨ តែប៉ុណ្ណោះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114