ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​បាត់ដំបង ​ចុះ​អនុវត្ត​ដីកាចាប់ខ្លួន​ជនសង្ស័យ​ លើ​ករណី​ប៉ុនប៉ង​មនុស្សឃាត ដល់​ខេត្ត​សៀម​រាប

បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់ ដែល​ពាក់ព័ន្ធ​នឹង​ករណី « ប៉ុនប៉ង​មនុស្សឃាត ដោយ​ចេតនា » ហើយ​បាន​រត់គេចខ្លួន​ទៅ​សំងំ​ឯ​ខេត្ត​សៀមរាប ត្រូវបាន​តុលាការ​សម្រេច​ចេញ​ដីកាចាប់ខ្លួន ដើម្បី​ឲ្យ​កម្លាំង នគរបាល នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ជា​អ្នក​ចុះ​អនុវត្ត។

លោក​វរសេនីយ៍ត្រី កង សុ​ផា​ណ្ណា នាយ​រង​ការិយាល័យ ទទួលបន្ទុក​ការងារ​ផ្នែក​អនុវត្ត​ដីកា បាន​ចេញ​ប្រតិបត្តិការ កាលពី​ថ្ងៃទី១៨ ខែ​កញ្ញា ឆ្នាំ២០៩ វេលា​ម៉ោង៣និង៣០នាទីរសៀល ដោយបាន​ដឹកនាំ​កម្លាំង​ជំនាញ ចុះទៅ​សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប​ ដើម្បី​អនុវត្ត​ដីកា​។

ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​នេះ​លេខ ៥០៥ ដ​.​ច​.​ខ ចុះ​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ របស់​ចៅក្រម​ស៊ើប​សួរ គី រិទ្ធី ដោយ​អនុវត្ត​លើ​ឈ្មោះ ម៉េ​ត ប្រិមប្រិយ ភេទ​ប្រុស អាយុ២៥ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូ​មិច​ន្លា​ស់​ដៃ ឃុំ​ច​ន្លា​ស់​ដៃ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ត្រូវបាន​ចោទប្រកាន់​ពីបទ​(​ប៉ុនប៉ង​ធ្វើ​មនុស្ស​ឃាត​ដោយ​ចេតនា​)​ប្រព្រឹត្ត​នៅ​ភូមិ​អញ្ចាញ សង្កាត់​អូ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​កាលពី​ថ្ងៃទី ១៨ ខែ​កក្កដា ឆ្នាំ២០០៨។

គួរ​បញ្ជាក់ដែរថា ក្រោយ​ពេលធ្វើ​សកម្មភាព​ជនល្មើស​បាន​រត់គេចខ្លួន​បាត់​រហូត ​ហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​អូ​ចារ ​ក៏ដូចជា​ការិយាល័យ​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ធ្វើការ​ស្រា​វ​ជ្រាវ​ជា​បន្តបន្ទាប់​នឹង​បាន​ផ្ញើ​ដីកា​ទៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ​ ដើម្បី​ឲ្យ​ជួយ​រុករក​ជនល្មើស​រូប​នេះ។

ទីបំផុត នៅ​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ នេះ ជនល្មើស​បានធ្វើ​សកម្មភាព​វាយតប់​ប្រពន្ធ​របស់​ខ្លួន ហើយ​បាន​ធ្លាយ​ព័ត៌មាន​មកដល់​នគរ​បាល​ខេត្ត​បាត់ដំបង​ នៅពេលនោះ កម្លាំង​នគរបាល​ជំនាញ ក៏បាន​ទំនាក់ទំនង​ទៅ សមត្ថកិច្ច ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប ឲ្យ​ជួយ​ធ្វើការ​ស្រាវជ្រាវ ទីបំផុត កម្លាំង​នគរបាល ស្រុក​ក្រឡាញ់ ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជន​នោះ​តាម​ដីកាចាប់ខ្លួន​របស់​តុលាការ​ខេត្ត​បាត់ដំបង​តែម្ដង​ដើម្បី​យក​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់។

លោក​វរសេនីយ៍ត្រី កង សុ​ផា​ណ្ណា បាន​អះអាង​ថា នៅវេលា​ម៉ោង៩ព្រឹក ថ្ងៃទី១៩​ម្សិលមិញ​នេះ សមត្ថកិច្ច​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ខេត្ត​បាត់ដំបង​ហើយ ក្នុងការ​ចាត់​វិធានកា​រ​តាមផ្លូវ​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114