ព័ត៍មានទាន់​ហេតុការណ៏
Search

ស្រវឹង​ជោក​រាល់ថ្ងៃ ខ្យល់គរ​ដួល​ស្លាប់

កំពង់ចាម​ ៖ បុរស​ម្នាក់​ដែល​ផឹកស្រា​ស្រវឹង​ជោក​រាល់ថ្ងៃ បាន​ស្លាប់​ដោយសារ​ខ្យល់គរ ហើយ​សព ​ត្រូវ​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី បន្ទាប់​ពិនិត្យ​រួច។

ប៉ូលិស​បានឲ្យ​ដឹងថា ​នៅ​ថ្ងៃទី​២០ ​ខែ​កញ្ញា​ ឆ្នាំ​២០១៩ ​វេលា​ម៉ោង​៨និង៣០​នាទី សមត្ថកិច្ច​នគរបាល​យើង​បានទទួល​ព័ត៌មាន​ថា ​មាន​មនុស្ស​ស្លាប់​នៅ​ចំណុច ភូមិ​ជង្ហុក ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម កើត​ឡើងលើ​ជនរងគ្រោះ ឈ្មោះ សូ ចាន់​រស្មី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជង្ហុក ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម។

បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​ជំនាញ​បាន​ចាត់វិធានការ​ជាបន្ទាន់​ចុះ​ដល់​កន្លែង​កើត​ហេតុ​ធ្វើការ​ស្រាវជ្រាវ​ពិនិត្យ​លើ​សាកសព​ដោយ សហការ​ជាមួយ​គ្រូពេទ្យ និង​អាជ្ញាធរ​មូលដ្ឋាន​បង្កើត​គណៈកម្មាធិការ​ត្រួតពិនិត្យ​លើ​សាកសព ៖ ឃើញ​ថា ​ផ្នែក​ក្បាល ដងខ្លួន អវយវៈ ពុំមាន​របួស​ស្នាម​អ្វី​គួរ​ឲ្យ​កត់​សំគាល់​ឡើយ។ -​ផ្នែក​ដងខ្លួន​មាន​ស្លាកស្នាម​កោសខ្យល់ (​កោស​ដោយ​បងប្អូន​ក្រុមគ្រួសារ​ក្នុងពេល​កើត​ខ្យល់)។

តាម​ការបំភ្លឺ​របស់​ក្រុមគ្រួសារ​ នៃ​សព​បាន​អះអាងថា ​ជនរងគ្រោះ គឺ​ញៀន​ស្រា​ផឹក​រាល់ថ្ងៃ ហើយ​មកដល់​ថ្ងៃ​២០​ ខែ​កញ្ញា​ ឆ្នាំ​២០១៩​នេះ ស្រវឹង​ជោកជាំ កើត​ខ្យល់គរ ទន់ដៃទន់ជើង​ហើយ​ត្រដរ​ខ្យល់​ស្លាប់​ភ្លាមៗ​តែម្តង។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា តាម​ការពិនិត្យ​កោសល្យវិច័យ​លើ​សាកសព និង​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ គណៈកម្មការ​សន្និដ្ឋាន​បាន​ថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ផឹកស្រា​ស្រវឹង បណ្ដាល​ឲ្យ​ខ្យល់​គរ​ពិតប្រាកដ​មែន ពុំ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ។

តាម​បញ្ជា​របស់​ លោក​ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ចាម នៅ​វេលា​ម៉ោង​៩​និង​១៣​នាទី​ថ្ងៃ​ដដែល ឲ្យ​ប្រគល់​សាកសព​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114