ព័ត៍មានទាន់​ហេតុការណ៏
Search

រាជរដ្ឋាភិបាល​ ដំឡើង​ប្រាក់​ឈ្នួល​ចំនួន​190​ដុល្លារ​ ដល់​កម្មករ​និយោជិត​សម្រាប់​ឆ្នាំ​2020

ភ្នំពេញ ​៖ ​រាជរដ្ឋាភិបាល​ បានសម្រេច​ដំឡើង​ប្រាក់​ឈ្នួល​ចំនួន​190​ដុល្លារ ​ដល់​កម្មករ​និយោជិត​សម្រាប់​ឆ្នាំ​2020​ខាងមុខនេះ ​ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ក​ម្មករ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត។

នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​អាណត្តិ​ទី 1 លើក​ទី 6 នៅ​ព្រឹក​ថ្ងៃ​សុក្រ នេះ​លោក​អ៊ិត​ សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​បាន​ធ្វើការ​បោះឆ្នោត​លើ​តួលេខ​ចំនួន​3 ​គឺ​ ទី​1 ​តួលេខ​ដាក់​ដោយ​រាជរដ្ឋាភិបាល​ចំនួន​187​ដុល្លារ, ទី​2​ តួលេខ​ខាង​សហជីព​195​ដុល្លារ ​និង ​ទី​3​ តួលេខ​ខាង​ភាគី​និយោជក​186​ដុល្លារ។

លោក​បាន​បន្តថា​ តាមរយៈ​ការបោះឆ្នោត​ដោយ​សម្ងាត់​ គឺ​សមាជិក​ត្រីភាគី​ដែល​មាន​51​រូប​ បាន​បោះ​លើ​តួលេខ​195 ​ក្នុង​សំឡេង​8​ លើ​51​ សំឡេង​។​ 187​ដុល្លារ​ ក្នុង​សំឡេង​43​ លើ​51​ និង​186​ដុល្លារ​សូន្យ​លើ​51​ និង​មិន​មាន​អនុប្បវាទ​ទេ។ ដូចនេះ​ ប្រាក់​ឈ្នួល​ថ្មី​របស់​កម្មករ ​ឆ្នាំ​2020​ គ​190​ដុល្លារ​ ដោយ​បូក​សម្ដេច​ផ្តល់​ជូន​3​ដុល្លារ​បន្ថែម។

គួរ​បញ្ជាក់ថា​ ប្រាក់​ឈ្នួល​ឆ្នាំ​2019​នេះ ​មាន​ចំនួន​182​ដុល្លារ ​ក្នុង​1​ខែ​ ហើយ​ប្រាក់​ឈ្នួល​ថ្មី​ចំនួន​190​ដុល្លារ​នេះ​ នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​1 ​ខែ​មករា​ ឆ្នាំ​2020​តទៅ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114