ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះមហាក្សត្រ ៖ កម្ពុជា ចិន គឺជា​បងប្អូន​ដ៏​ល្អ​មាន​សក្ដានុពល​ក្នុង​តំបន់

ភ្នំពេញ ៖ ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ព្រះ​រាជបន្ទូល​ថា « កម្ពុជា​ស្រឡាញ់​មិត្តភាព ជាមួយ​ប្រទេស​ចិន និង​មាន​ឆន្ទៈ ជំរុញ​ការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​ខេត្ត​ស៊ី​ឈ័ន ក្នុង​វិស័យ​ផ្សេងៗ ដើម្បី​ពង្រីក​ការ​ផ្លាស់ប្ដូរ​មិត្តភាព ធ្វើ​ឲ្យ​ចំណងមិត្តភាព​ក​ម្ពុ​ជា – ចិន ស្ថិតស្ថេរ​ជា​រៀងរហូត »។ នេះ​បើ​យោងតាម​ព្រះ​រាជបន្ទូល ​នៃ​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ព្រះ​រាជបន្ទូល​បែបនេះ ក្នុងឱកាស​ដែល​ព្រះអង្គ ទទួល​ជួប​សវនាការ​ជាមួយ​លោក Pheng QingHua អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​បក្ស​ប្រចាំ​ខេត្ត​ស៊ី​ឈ័ន និង​ជា​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​តំណាង​ប្រជាជន​ចិន ប្រចាំ​ខេត្ត​ស៊ី​ឈ័ន កាលពី​រសៀល​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៩ នា​ប្រទេស​ចិន។

ព្រះករុណា ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង សព្វព្រះរាជហឫទ័យ សម្ដែង​ការ​អបអរសាទរ ចំពោះ​សមិទ្ធផល​ដ៏​អស្ចារ្យ នៃ​ខេត្ត​ស៊ី​ឈ័ន ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ចាប់តាំងពី​បាន​បង្កើត​ឡើង នូវ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​៧០​ឆ្នាំ​មុន។

ព្រះករុណា ព្រះមហាក្សត្រ មាន​ព្រះ​រាជបន្ទូល ក្នុង​ឱកាស​ដ៏​ឧត្ដុង្គឧត្ដម​នោះ​ថា ប្រជាជន​កម្ពុជា និង​ប្រជាជន​ចិន គឺជា​មិត្ត​ល្អ និង​ជា​បងប្អូន​ល្អ។

ចំណែក លោក Peng QingHua មានប្រសាសន៍ថា ប្រទេស​ចិន​ និង​ប្រទេស​កម្ពុជា គឺជា​ប្រទេស​ជិតខាង ដែលមាន​មិត្តភាព​ដ៏​យូរអង្វែង ហើយ​ការ​ផ្លាស់ប្ដូរ​មិត្តភាព រវាង​ប្រទេស​ទាំងពីរ និង​ប្រជាជន​ទាំងពីរ មាន​ប្រវត្តិ​យូរលង់​ណាស់​មកហើយ។ ចំណងមិត្តភាព​ជា​ប្រពៃណី រវាង​ចិន​ និង​កម្ពុជា ដែល​បាន​បង្កើត​រួមគ្នា និង​ថែរក្សា​ដោយ​យកចិត្តទុកដាក់ ពី​សំណាក់​ថ្នាក់ដឹកនាំ​ជំនាន់​ចាស់ នៃ​ប្រទេស​ទាំងពីរ បាន​ចាក់ឫស​យ៉ាង​ជ្រៅ នៅក្នុង​ដួងចិត្ត​របស់​ប្រជាជន។

ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ក្រោម​ការ​ជំរុញ​រួមគ្នា​របស់ លោក​ប្រធានាធិបតី ស៊ី ជីន​ពីង និង​ ព្រះករុណា ព្រះមហាក្សត្រ បានធ្វើ​ឲ្យ​ភាពជា​ដៃគូ យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រវាង​ចិន​-​កម្ពុជា ទទួល​បាន​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​បង្កើត​លក្ខខណ្ឌ​អំណោយផល សម្រាប់​ការ​ផ្លាស់ប្តូរ និង​កិច្ចសហ​ប្រតិបត្តិការ រវាង​ខេត្ត​ស៊ី​ឈ័ន និង​កម្ពុជា ឲ្យ​កាន់តែ​ស៊ីជម្រៅ។

ស្ថិតនៅ​ភាគ​ខាងលិច​ប្រទេស​ចិន ខេត្ត​ស៊ី​ឈ័ន គឺជា​ខេត្ត​មួយ ដែលមាន​ភាពរឹងមាំ ខាង​ការ​អភិវឌ្ឍ និង​សក្ដានុពល​ខ្ពស់។ ក្នុងនាម​ជា​សមាជិក​សំខាន់ របស់​អាស៊ាន និង​ជា​ប្រទេស​ដ៏​សំខាន់​មួយ​អនុវត្ត​គោលនយោបាយ « ខ្សែក្រវាត់​មួយ ផ្លូវ​មួយ » ប្រទេស​កម្ពុជា គឺជា​ដៃគូ​ដ៏​សំខាន់ សម្រាប់​ខេត្ត​ស៊ី​ឈ័ន​ ដើម្បី​ជំរុញ​ការ​បើក និង​ការ​ធ្វើ​សមាហរណកម្ម « ខ្សែក្រវាត់​មួយ ផ្លូវ​មួយ »។

លោក​មាន​ឆន្ទៈ​ខ្ពស់ ក្នុង​ធ្វើការ​ជាមួយ​ភាគី​កម្ពុជា ដើម្បី​អនុវត្ត​នូវ​ការ​មូលមតិ​គ្នា​ដ៏​សំខាន់ ដែល​សម្រេច​បាន ដោយ​ថ្នាក់ដឹកនាំ​ នៃ​ប្រទេស​ទាំងពីរ និង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ ឲ្យ​កាន់តែ​ស៊ីជម្រៅ លើ​វិស័យ​សំខាន់​ដូចគ្នា វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម កសិកម្ម​ទំនើប ហេដ្ឋារចនាសម្ព័ន្ធ អប់រំ សុខ​ភាព ទេសចរណ៍ និង​វប្បធម៌​ជាដើម។ ដើម្បី​សម្រេច​បាន នូវ​ការអភិវឌ្ឍ​រួមគ្នា​ និង​វិបុលភាព ព្រម​ទាំង​កសាង​សហគមន៍​មួយ​រវាង​កម្ពុជា-ចិន ប្រកបដោយ​សក្ដានុពល៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114