ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​កសិកម្ម ប្រកាស​ដាក់​ចេញ​វិធានការ​សម្រាប់​អនុវត្ត​នាពេលខាងមុខ​ដល់​មន្ត្រី​ និង​ថ្នាក់ដឹកនាំ​នៃ​ក្រសួងកសិកម្ម​អនុវត្ត

ភ្នំពេញ ៖ លោក​វេ​ង សាខុន ​រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​បាន​ប្រកាស​ដាក់​ចេញ​នូវ​វិធានការ​៦​ចំណុច ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​និង​ថ្នាក់ដឹកនាំ​អនុវត្ត​ឲ្យ​ជោគជ័យ​ និង​មាន​ប្រសិទ្ធភាព​ក្នុងការ​ដឹកនាំ ​និង​បម្រើ​ដល់​ប្រជាកសិករ​ឲ្យ​បាន​ទាន់ពេលវេលា​ និង​មាន​ប្រសិទ្ធភាព ស្របទៅតាម​ការ​ការវិវឌ្ឍន៍ ​នៃ​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ និង​អន្តរជាតិ។

ការប្រកាស​ដាក់ចេញ​វិធានការ​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ៦​រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ ​នៅ​ទីស្ដីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅក្នុង​កិច្ចប្រជុំ អចិន្ត្រៃយ៍​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដោយ​មានការ​ចូល​រួម​ពី​សំណាក់​លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូ​រាជរដ្ឋាភិបាល​ម​ទីប្រឹក្សា លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​រាជធានី ខេត្ត និង​លោក លោកស្រី មន្ត្រីរាជការ​យ៉ាង​ច្រើន​កុះករ​ផងដែរ។

នៅក្នុង​កិច្ចប្រជុំ​នោះ រដ្ឋមន្ត្រី​បាន​លើកយក​កម្មវត្ថុ​ចំនួន ០៦​ចំណុច​ដូចខាងក្រោម មក​បកស្រាយ និង​ការដាក់ចេញ​វិធានការ​សម្រាប់​អនុវត្ត​នាពេលខាងមុខ​ ៖
១-ការវិវឌ្ឍន៍​ នៃ​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ និង​អន្តរជាតិ​។
២-ការពិនិត្យ និង​វាយតម្លៃ​លើ បច្ចុប្បន្នភាព​ នៃ​ការអនុវត្ត​គោលនយោបាយ និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម បញ្ហា​ប្រឈម និង​យន្តការ​ដោះស្រាយ​។
៣-ការពង្រឹង​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ក្រោម​ច្បាប់ ដោយ​ឈរ​លើ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​។
៤-ការពង្រឹង​សាមគ្គី​ផ្ទៃក្នុង គោរព​វិន័យ ក្រមសីលធម៌​មន្ត្រីរាជការ​ក្នុងការ​គ្រប់គ្រង ដឹកនាំ ការ​បំពេញ​ភារកិច្ច​ស្របតាម​សហ​លក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល និង​ត្រូវគោរព​តាម​ឋានានុក្រម​ការងារ​ជា​ចាំបាច់​តាម​គោលការណ៍ “​សមូហ​-​ភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ​”​។
៥- ត្រូវយក​អស់​ស្មារតី​ទទួលខុសត្រូវ ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឲ្យ​ស្របតាម​បរិបទ ​នៃ​កំណើន​សេដ្ឋកិច្ច និង​ការវិវឌ្ឍន៍​រីកចម្រើន​របស់​ប្រទេសជាតិ និង​ជាពិសេស​ដើម្បី​ឈាន​ទៅ​សម្រេច​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​២០១៩-២០២៣ និង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​នា​ឆ្នាំ​២០៣០ និង​២០៥០​។
៦-តាមដាន​សភាពការណ៍ និង​បញ្ហា​ប្រឈម ការងារ​បង្កបង្កើនផល និង​ផល​ប៉ះពាល់​ដោយ​គ្រោះ​មហន្ត​រាយ ដែល​កើតមានឡើង​នៅ​តាម​បណ្ដា​ខេត្ត ដែល​ថ្នាក់ដឹកនាំ​និ​មួយៗ ទទួលបន្ទុក ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114