ព័ត៍មានទាន់​ហេតុការណ៏
Search

រុស្ស៊ី​និង​ចិន​បោះឆ្នោត​វេតូ​ដើម្បី​រារាំង​សេចក្តីសម្រេច​របស់ UN ស្តីពី​បញ្ហា ស៊ី​រី

ប្រទេស​រុស្ស៊ី​និង​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​វេតូ​លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​គាំទ្រ​ដោយ​រដ្ឋ​ចំនួន​១២​ក្នុងចំណោម​រដ្ឋ​ជា​សមាជិក​ទាំង​១៥​ដែល​បាន​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​មួយ​នៅក្នុង​ខេត្ត​អ៊ី​ដ​លី​ប​ដែល​ហែកហួរ​ដោយ​សង្គ្រាម​របស់​ប្រទេស​ស៊ី​រី​។​

វា​គឺជា​ការ​វេតូ​លើក​ទី​១៣​របស់​រុស្ស៊ី​ចំពោះ​សេចក្តីសម្រេច​របស់ UN ចាប់តាំងពី​ជម្លោះ​នៅ​ប្រទេស​ស៊ី​រី​បាន​ផ្ទុះឡើង​ក្នុង​ឆ្នាំ​២០១១​មក​ដែល​នេះ​បានបង្ហាញ​ពី​ភាពជាប់គាំង​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជុំវិញ​បញ្ហា​នេះ​។​

ប្រទេស​អាល្លឺម៉ង់ ប៊ែ​ល​ហ្សិ​ក​និង​គុយវែត​បាន​ដឹកនាំ​ការជំរុញ​ឲ្យ​មាន​សេចក្តីសម្រេច​នេះ​ដោយ​កត់សម្គាល់ថា ប្រជាជន​កន្លះ​លាន​នាក់​ត្រូវបាន​ផ្លាស់​ទីលំនៅ​ក្នុង​ខេត្ត​អ៊ី​ដ​លី​ប​ចាប់តាំងពី​កងកម្លាំង​រដ្ឋាភិបាល​បើក​ការវាយលុក​មួយ​កាលពី​បួន​ខែ​មុន​។​

ពួកគេ​បាន​ព្រមាន​ថា ជម្លោះ​អាច​ក្លាយជា​វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​ក្នុង​សតវត្សរ៍​នេះ​ប្រសិនបើ​ការប្រយុទ្ធ​នៅតែ​បន្ត​ហើយ​បាន​ជំរុញ​ឲ្យ​ប្រទេស​រុស្ស៊ី​កុំ​វេតូ​ចំពោះ​អ្វីដែល​ពួកគេ​បាន​និយាយថា​ជា​វិធានការ​មនុស្សធម៌​សុទ្ធសាធ​។​

ប៉ុន្តែ​បន្ទាប់ពី​ការចរចា​រយៈពេល​២​សប្តាហ៍ រុស្ស៊ី​បាន​ទុក​អត្ថបទ​នេះ​ជា​មោ​ឃៈ​បន្ទាប់ពី​ការជំរុញ​មិនបាន​សម្រេច​ដើម្បី​ដាក់បញ្ចូល​ការលើកលែង​សម្រាប់​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​។​

ដំណោះស្រាយ​ដែល​មិនបាន​សម្រេច​នេះ​បាន​និយាយថា គ្រប់ភាគី​ទាំងអស់​គួរតែបញ្ឈប់​អរិភាព​ដែល​ចាប់ផ្តើម​នៅពេល​ថ្ងៃត្រង់​ក្នុង​ទីក្រុង​ដា​ម៉ាស​នៅ​ថ្ងៃទី​២១​ខែកញ្ញា​ដើម្បី​ចៀសវាង​ការធ្លាក់ចុះ​នៃ​ស្ថានភាព​មនុស្សធម៌​ដែល​កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​រួចទៅហើយ​នៅក្នុង​ខេត្ត​អ៊ី​ដ​លី​ប​។​

ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​លោក Vassily Nebenzia បានធ្វើការ​ថ្កោលទោស​ចំពោះ​ការកើនឡើង​នៃ​សកម្មភាព​មនុស្សធម៌​ដោយ​សមាជិក​ដទៃទៀត​នៃ​ក្រុមប្រឹក្សាសន្តិសុខ​នៅពេល​របប​ស៊ី​រី​ដែល​ត្រូវបាន​គាំទ្រ​ដោយ​ប្រទេស​រុស្ស៊ី​បាន​ដណ្តើម​ទឹកដី​មកវិញ​។​

លោក​បាន​និយាយថា “​សេចក្តីសម្រេច​នេះ​មាន​កំហុស​តាំងពី​ដំបូង​មកម្ល៉េះ​”​។ លោក​បាន​ចោទប្រកាន់​អ្នកគាំទ្រ​សេចក្តីសម្រេច​នេះ​ថា​មាន​ចេតនា​បំបែកបំបាក់​ក្រុមប្រឹក្សាសន្តិសុខ​នៅពេល​មេដឹកនាំ​ពិភពលោក​ត្រៀម​ចូលប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​សប្តាហ៍​ក្រោយ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114