ព័ត៍មានទាន់​ហេតុការណ៏
Search

ការសិក្សា​ ៖​ ថ្នាំ​សម្លាប់​សត្វល្អិត​របស់​គុយ​បា​ អាច​បណ្តាល​ឲ្យ​អ្នកការទូត​កាណាដា​រងរបួស

ការសិក្សា​ថ្មី​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានបង្ហាញ​ថា សារធាតុ Neurotoxin ដែលមាន​នៅក្នុង​ថ្នាំ​សម្លាប់សត្វ​ល្អិត​ដែល​ប្រើ​ដើម្បី​បាញ់​សត្វ​មូស​គឺអាច​នៅ​ពីក្រោយ​បញ្ហា​សុខភាព​ដ៏​អាថ៌កំបាំង​របស់​អ្នកការទូត​កាណាដា​នៅក្នុង​ប្រទេស​គុយបា​ដែល​ត្រូវបាន​គេ​ស្តីបន្ទោស​ទៅលើ​ការវាយប្រហារ​ដ៏​គួរ​ឲ្យ​សង្ស័យ​មួយ។

មន្ត្រី​កាណាដា​និង​សហរដ្ឋអាមេរិក​រាប់សិប​នាក់​និង​ក្រុមគ្រួសារ​របស់​ពួកគេ​បាន​រាយការណ៍​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ​២០១៦​ថា​បាន​ទទួលរង​នូវ​អ្វីដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា “​រោគសញ្ញា Havana” ដែលមាន​រោគសញ្ញា​ដូចជា​វិលមុខ អស់កម្លាំង​និង​ឈឺក្បាល​ក៏ដូចជា​បញ្ហា​នៃ​ការ​ស្តាប់​និង​ភ្នែក​ផងដែរ​។​

អាជ្ញាធរ​កាណាដា​និង​សហរដ្ឋអាមេរិក​ពីដំបូង​ឡើយ​មានការ​សង្ស័យថា ការវាយប្រហារ​នេះ​គឺ​ប្រើ​អាវុធ​សំឡេង​មួយចំនួន​ដែល​នាំ​ឲ្យ​មាន​ភាព​តានតឹង​ផ្នែក​ការទូត​កាន់តែខ្លាំង​ឡើង​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ប្រជាជាតិ​កោះ​កា​រ៉ា​ប៊ី​ន​មួយ​នេះ​។
​ប៉ុន្តែ​ក្រោយមក រដ្ឋាភិបាល​ក្រុង​អូ​តា​វ៉ា​បាន​សន្និដ្ឋានថា រឿងនេះ “​មិន​ទំនង​សោះ​”​។​

អ្នកស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល Brain Repair Centre ដោយមាន​ការចូលរួម​ជាមួយ​អាជ្ញាធរ​សុខាភិបាល Nova Scotia និង​សាកលវិទ្យាល័យ Dalhousie បានចង្អុលបង្ហាញ​ពី​ការប៉ះពាល់​ទៅនឹង​សារធាតុ Neurotoxin ដោយសារ​ការ​ពិនិត្យមើល​ទៅលើ​ការចងចាំ ការផ្តោត​អារម្មណ៍​និង​វដ្ត​នៃ​ការ​គេង​។

សេចក្តី​សង្ខេបនៃ​ការសិក្សា​នេះ​ដោយ​ទស្សនា​វ​ដ្តី​ព័ត៌មាន Enquête របស់​វិទ្យុ​កាណាដា​បាន​បង្ហាញថា “​រឿងនេះ​មិនមាន​អ្វី​ទាក់ទង​នឹង​ការវាយប្រហារ​ដោយ​សំឡេង​នោះទេ​។ សារធាតុ​បំផ្លាញ​សរសៃប្រសាទ​ដែល​ត្រូវបាន​ប្រើ​ក្នុងការ​កម្ចាត់​សត្វ​មូស​គឺ​ទំនងជា​មូលហេតុ​”​។​

ការសិក្សា​បាន​កត់សម្គាល់ថា ជនរងគ្រោះ​កាណាដា​ទាំង​១៥​នាក់​បាន​រាយការណ៍​អំពី​ការវិវត្ត​នៃ​រោគសញ្ញា​ដែល​ចុះខ្សោយ​ជា​បណ្តើរៗ​មិន​ដូច​សម​ភាគី​អាមេរិក​របស់​ពួកគេ​ទេ​ដែល​បាន​ពិពណ៌នា​អំពី​ការ​ឮ​សំឡេង​ឡូឡា សំឡេង​ខ្លាំងៗ​ឬ​មាន​អារម្មណ៍​រំ​ញ័រ​នៅក្នុង​ខ្លួន​របស់​ពួកគេ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114