ព័ត៍មានទាន់​ហេតុការណ៏
Search

រាជរដ្ឋាភិបាល ចាត់​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ចំនួន​២ ពិនិត្យ​លើ​ករណី​អភិបាលខេត្ត​កំពង់ឆ្នាំង តាម​របាយ​ការណ៍​ពី​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ពិនិត្យ​ដោះស្រាយ​ករណី របស់​អភិបាលខេត្ត​កំពង់ឆ្នាំង ពាក់ព័ន្ធ​ភាពមិនប្រក្រតី​មួយចំនួន ក្នុង​ការយក​ដី​របស់​រដ្ឋ​ចំនួន​៨​កន្លែង ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។ នេះ​បើ​យោងតាម​លិខិត​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៩ ដែល​ចុះ​ហត្ថលេខា​ដោយ ​លោក ហ៊ីង ថូ​រ៉ា​ក់​ស៊ី រដ្ឋលេខាធិការ​ប្រចាំការ​ នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី ផ្ញើ​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម អំពី​ករណី​របាយការណ៍​សង្ខេប​លទ្ធផល​ស្រាវជ្រាវ​របស់​ប្រធាន​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក រក​ឃើញ​ភាព​មិន​ប្រក្រតី (​តម្រុយ​ នៃ​អំពើពុករលួយ​) ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រសិទ្ធភាព​ នៃ​ការ​អនុវត្ត​អនុ​ក្រឹត្យ​លេខ​១៨៣ អនក្រ បក ចុះ​ថ្ងៃ​ទី​០២ ខែ​កញ្ញា ឆ្នាំ​២០១៦ និង​ដោយ​យោង​ចំណារ​ដ៏​ខ្ពង់​ខ្ពស់​របស់ ​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០១៩ និង​លិខិត​ចុះ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៩ របស់​លេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់។

លិខិត​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ពាក់ព័ន្ធ​ភាព​មិនប្រក្រតី ​នៃ​ការអនុវត្ត​អនុក្រឹត្យ​លេខ​១៨៣ អនក្រ​.​បក ចុះ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៦ ដែល​បានលើកឡើង​ដោយ​ប្រធាន​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក រាជរដ្ឋាភិបាល​ឯកភាព​ប្រគល់​ជូន​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ពិនិត្យ​ដោះស្រាយ។

គួររំលឹកថា សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ប្រតិភូ​ខ្មែរ​ក្រោក ដឹកនាំ​ដោយ​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នា សា​ប៊ុង បាន​រកឃើញថា ដី​រដ្ឋ ដី​បន្ទាយ ទាហាន​៨​កន្លែង ត្រូវ​បាន​អភិបាលខេត្ត​កំពង់ឆ្នាំង​រំលោភ​យក​មក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន។

លោក សុខ​សុវណ្ណ វ​ឌ្ឍ​នា សា​ប៊ុង បាន​ឲ្យ​ដឹងថា ក្រោយ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ប្រតិភូ​ខ្មែរ​ក្រោក​បើក​ការស៊ើបអង្កេត​២​ខែ​កន្លងមក បាន​ពិនិត្យឃើញ​បញ្ហា​ស្មោគគ្រោក​ថ្មីៗ​បន្ថែមទៀត ដែល​កំពុង​សំងំ​ក្នុង​ខេត្តកំពង់ឆ្នាំង បន្ទាប់ពី​ករណី​មុន​យើង​បាន​ស្រាវជ្រាវ​រកឃើញ​ម្ដង​ហើយ​ចំពោះ​ភា​ព​មិន​ប្រក្រតី នៃ​ការ​យក​ដី​អនុក្រឹត្យ របស់​រដ្ឋាភិបាល​ត្រូវ​ប្រទានកម្ម​ដល់​ពលរដ្ឋ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ដោយ​ចេញ​ប្លង់​ទាំង​ខុស​នីតិវិធី។

លោក សុខ សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង បាន​អះអាងថា ករណី​មុន គឺ​បន្ទាប់ពី​យើង​រាយការណ៍​ផ្ទាល់​ជូន​សម្ដេច​តេ​ជោ រាជរដ្ឋាភិបាល ក៏​ដាក់​វិធានការ ចេញ សជណ លេខ ១២៩៦ អោយ​ពិនិត្យ​សាជាថ្មី​។

បច្ចុប្បន្ន​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​គណបក្ស​ខ្មែរ​ក្រោក​បាន​រកឃើញ​ទៀតថា មាន​ដី​រដ្ឋ​ជាច្រើន​កន្លែង ដែល​លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​យកមក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ក្នុងនោះ​មាន ដី​៨​ទីតាំង​ជា​ដី​អតីត​តារាង​បាល់ ដី​បន្ទាយ ទាហាន ដែល​ឋិត​ក្នុងស្រុក​ទឹកផុស​ហើយ​ដី​ទាំងអស់​សុទ្ធ​សឹង​ជា​ដី​របស់​រដ្ឋ​។ ក្នុងចំណោម​ដី​៨​ទីតាំង មាន​៧​ទីតាំង​ ជា​ដី​ឃុបឃិត​ធ្វើ​ប្លង់​រឹង​រួច និង​បាន​លក់​មួយ​ទីតាំង ឲ្យ​ទៅ​ឈ្មោះ អ៊ុក រស់ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពង់ឆ្នាំង។

តាម​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នា សា​ប៊ុង ក្នុងចំណោម​ដី​មាន​ប្លង់​រឹង​ទាំង​៧ គឺ ​រួមមាន ទី​១, លេខ​ប័ណ្ណ 1776 ទំហំ 3.0058​ហិច​តា​(​ដី​ដូរ​ជាមួយ​បន្ទាយ​វ​រះ​សេនា​តូច​លេខ​១ ) ទី​២, លេខ​ប័ណ្ណ 566​ទំហំ 0.1157 ហិច​តា ទី​៣, លេខ​ប័ណ្ណ 567​ទំហំ 0.1490 ហិកតា ទី​៤, លេខ​ប័ណ្ណ 1402 ទំហំ 0.7291 ហិកតា (​ទីតាំង​នេះ​បច្ចុប្បន្ន​ជួល​ឲ្យ​ក្រុមហ៊ុន ធ្វើ​ផ្លូវ​លេខ​53) ទី​៥, លេខ​ប័ណ្ណ 1414​ទំហំ 0.2642 ហិកតា (​ដី​នេះ​ជា​ដី​បា​សាំង​ទឹក​របស់​កងទ័ព​បច្ចុប្បន្ន​បាន​លក់​ឲ្យ​ទៅ​ លោក អ៊ុក រស់ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​កំពង់ឆ្នាំង​បាត់ទៅហើយ ទី​៦, លេខ​ប័ណ្ណ​1399​ទំហំ​0.1527 ហិច​តា​ដី​នេះ​ជាប់​ផ្លូវ​រថភ្លើង ទី​៧, លេខ​ប័ណ្ណ 1384 ទំហំ 12801​ម៉ែត្រ​ការ៉េ ដី​អតីត​តារាង​បាល់ទាត់​។ សរុប​ដី​ចំនួន​៧​ប័ណ្ណ​ខាងលើ​របស់​លោក​ចៅហ្វាយ​ខេត្ត​ គឺមាន​ទំហំ 56966​ម៉ែត្រ​ការ៉េ ជាង​៨​ហិកតា ដោយ​មិនទាន់​គិត​មួយ​ប្លង់​ទៀត​ជិត​ធនាគារ​អេស៊ីលីដា។

លោក សុខ សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង បញ្ជាក់ថា “​ដី​៨​ទីតាំង ដែលជា​ដី​របស់​រដ្ឋ​នេះ គឺ​យើងខ្ញុំ​មាន​ឯកសារ​ភស្តុតាង​គតិយុត្តិ គ្រប់គ្រាន់​សម្រាប់​រៀបចំ​ជា​របាយការណ៍​បញ្ជូន​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ដោយ​មិនបាន​បូក​បញ្ចូល​ជាមួយ​ដី​២០​ទីតាំង​ផ្សេងទៀត​នៅ​តំបន់​ព្រៃ​លិច​ទឹក តំបន់​ត្រី​ពង និង​ក្នុង​ទី​រួម​ខេត្ត​ដែលជា​ដី​រដ្ឋ​នោះ​ទេ ព្រោះ​ខណៈ​នេះ ​យើង​ខ្ញុំ​កំពុង​បន្ត​ស្រាវជ្រាវ​ស៊ើបអង្កេត​បន្ថែម​ទៀត​”​។

លោក​សង្ឃឹមថា បណ្ដា​មន្ត្រី​ទាំងអស់ ដែល​រាជរដ្ឋាភិបាល​ប្រគល់​អំណាច​ឲ្យ​ធ្វើជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុង​ការ​បម្រើ​ពលរដ្ឋ ត្រូវ​ចៀសវាង​ករណី​នេះ បើ​មិន​ដូច្នេះ​ទេ នឹង​ជួប​បញ្ហា​ដូចគ្នានេះ​។

ពាក់ព័ន្ធ​ករណីនេះ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ ​កាល​ពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ លើកឡើងថា ដី​រដ្ឋ ដី​សាធារណៈ​របស់​រដ្ឋ ដី​ឯកជន​របស់​រដ្ឋ និង​អចលនទ្រព្យ​របស់​រដ្ឋ​ទូទាំង​ខេត្តកំពង់ឆ្នាំង ត្រូវបាន​ចុះបញ្ជី​គ្រប់គ្រង​ត្រឹមត្រូវ​តាម​នីតិវិធី និង​បែប​បទ ដែល​កំណត់​ដោយ​រាជរដ្ឋាភិបាល ហើយ​គ្រប់គ្រង​ដោយ​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ គណៈ​កម្មា​ធិការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​ថ្នាក់​ខេត្ត និង​មន្ទីរ អង្គភាព​សាមី​។ ក្នុង​មួយឆ្នាំ ត្រូវបានធ្វើ​អធិការកិច្ច​ផ្ទៀងផ្ទាត់​យ៉ាងតិច​មួយដង យ៉ាង​ទៀងទាត់​ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ថ្នាក់ជាតិ គណៈកម្មការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​ថ្នាក់​ខេត្ត និង​សាមី​មន្ទីរ អង្គភាព គ្រប់គ្រង​ផ្ទាល់​ដោយ​ផ្អែក​លើ​បញ្ជី​គ្របគ្រង​ជា​គោល។

ដោយឡែក ដីឯកជន​របស់​ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​សាធារណជន​ទូទៅ រដ្ឋបាល​ខេត្ត​បាន​ជំរុញ​ការចុះបញ្ជី និង​ផ្ដល់​កម្មសិទ្ធិ​តាម​កម្មវិធី​ចុះបញ្ជី​ដាច់​ដោយ​ដុំ និង​ការចុះបញ្ជី​ជា​លក្ខណៈ​ប្រព័ន្ធ តាម​យន្តការ​គណៈកម្មាធិការ​សុរិយោដី​ថ្នាក់​ខេត្ត គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត និង​ក្រុម​ការងារ ដោយ​អនុវត្ត​តាម​នីតិវិធី និង​បែបបទ ដែល​ណែនាំ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ ប្រជាពលរដ្ឋ និង​ម្ចាស់​ដី​ទាំងអស់ ដែល​បាន​ទទួល​សិទ្ធិ​កាន់កាប់​ដី មាន​សិទ្ធិ​លក់ ឬ​ទិញ ឬ​ដូរ ឬ​បញ្ចាំ​ស្របតាម​ច្បាប់​ជា​ធរមាន ដើម្បី​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ខ្លួន​ម្នាក់ៗ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114