ព័ត៍មានទាន់​ហេតុការណ៏
Search

សភា​និង​មេដឹកនាំ​ចារកម្ម​ប៉ះទង្គិច​គ្នា​ជុំវិញ​របាយការណ៍​រប​ស់​អ្នក​ទម្លាយ​ការសម្ងាត់​ស្តីពី​លោក Trump

ក្រុម​ឃ្លាំមើល​ចារកម្ម​អាមេរិក​បាន​ប្រាប់​ដល់​សមាជិកសភា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​អំពី​ការដោះស្រាយ​ពាក្យបណ្តឹង​របស់​អ្នក​ទម្លាយ​ការសម្ងាត់​ម្នាក់​ស្តីពី​អាកប្បកិរិយា​របស់លោក​ប្រធានាធិបតី Donald Trump ខណៈ​អ្នកប្រជាធិបតេយ្យ​ជាន់ខ្ពស់​ម្នាក់​បាន​អះអាងថា រដ្ឋបាល​បាន​បដិសេធ​ចែករំលែក​ពាក្យបណ្តឹង​នេះ​ជាមួយ​សភា។

ការចោទប្រកាន់​ដែល​ត្រូវបាន​ច្រានចោល​ដោយ​លោក Trump ថា​ជា “​ការ​ធ្វើទុក្ខបុកម្នេញ​ប្រធានាធិបតី​” នេះ​បាន​បង្ក​ឲ្យ​សមាជិកសភា​ប៉ះទង្គិច​ជាមួយ​ការិយាល័យ​នាយក​ស៊ើបការណ៍​ជាតិ (DNI) ដែល​បដិសេធ​ចែករំលែក​ព័ត៌មាន​លម្អិត​ដែលជា​ហេតុ​ជំរុញ​ឲ្យ​មានការ​សង្ស័យថា មន្ត្រី​ចារកម្ម​កំពូល​អាច​ការពារ​ប្រធានាធិបតី​ដោយ​មិន​ត្រឹមត្រូវ។

យោងតាម​របាយការណ៍​របស់​កាសែត Washington Post ដែល​បាន​ដកស្រង់​សម្តី​អតីតមន្ត្រី​អាមេរិក​ពីររូប​ដែល​មិន​បញ្ចេញ​ឈ្មោះ​សម្រាប់​រឿងរ៉ាវ​របស់ខ្លួន​បាន​ឲ្យ​ដឹងថា ពាក្យបណ្តឹង​មួយ​ដែល​ដាក់​ដោយ​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ម្នាក់​គឺ​បាន​ផ្តើមចេញពី​ទំនាក់ទំនង​របស់លោក Trump ជាមួយ​មេដឹកនាំ​បរទេស​និង​ការសន្យា​របស់លោក​ប្រធានាធិបតី។

យ៉ាងណាក្តី មេដឹកនាំ​បរទេស​ដែល​ជាប់​ពាក់ព័ន្ធ​គឺ​មិនត្រូវ​បានបញ្ជាក់​ដោយ​កាសែត​នេះ​ទេ​។​
​អ្នក​ទម្លាយ​ការសម្ងាត់​បានដាក់​ពាក្យ​បណ្តឹង​ទៅ​អគ្គ​អធិការកិច្ច​នៃ​សហគមន៍​ស៊ើបការណ៍​សម្ងាត់ (IC IG) លោក Michael Atkinson ដែល​បាន​ទទួលស្គាល់ថា​លោក​បានចាត់ទុក​វា​ថា​ជា​បញ្ហា​គួរ​ឲ្យ​ទុកចិត្ត​មួយ​នៃ​ការព្រួយបារម្ភ​បន្ទាន់​ដែល​ចាំបាច់​ត្រូវ​ជូនដំណឹង​ដល់​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​របស់​សភា។

ប៉ុន្តែ​អំឡុង​សន្និសីទ​បិទទ្វារ​រយៈពេល​៣​ម៉ោង លោក Atkinson បាន​ប្រាប់​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​សភា​ថា នាយក DNI ស្តីទី​លោក Joseph Maguire បាន​រារាំង​គាត់​ពី​ការផ្តល់​ព័ត៌មាន​លម្អិត​នៃ​ពាក្យបណ្តឹង​នេះ​ទៅ​សភា​។​

ប្រធាន​គណៈកម្មាធិការ​នេះ​គឺ​លោក Adam Schiff ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​គោលបំណង​ទាំងមូល​កំពុង​ធ្វើ​ឲ្យ​មានការ​អាក់អន់ចិត្ត​នៅទីនេះ​ពីព្រោះ​នាយក​ស៊ើបការណ៍​ជាតិ​បានធ្វើការ​សម្រេចចិត្ត​ដែល​មិន​ធ្លាប់មាន​ពីមុនមក​មិន​ឲ្យ​ចែករំលែក​បណ្តឹង​ជាមួយ​សភា​”​។​

លោក Schiff បាន​និយាយ​ដោយ​មិន​បង្ហាញ​ពី​ប្រភព​នៃ​ព័ត៌មាន​របស់គាត់​ថា ក្រសួងយុត្តិធម៌​បាន​ចូលរួម​នៅក្នុង​ការសម្រេចចិត្ត​ដក​ពាក្យបណ្តឹង​របស់​អ្នក​ទម្លាយ​ការសម្ងាត់​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114