ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Pompeo ចង់បាន “​ដំណោះស្រាយ​ដោយ​សន្តិវិធី​” ចំពោះ​វិបត្តិ​បន្ទាប់ពី​ការវាយប្រហារ​រោងចក្រ​ប្រេង​អារ៉ាប៊ីសាអ៊ូឌីត

រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក Mike Pompeo បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សហរដ្ឋអាមេរិក​ចង់​បាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ​ចំពោះ​វិបត្តិ​ដែល​បង្កឡើង​ដោយ​ការវាយប្រហារ​ទៅលើ​រោងចក្រ​ប្រេង​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បន្ទាប់​ពី​ប្រទេស​អ៊ីរ៉ង់​បានលើកឡើង​ពី​លទ្ធភាព​នៃ​សង្គ្រាម​ពេញទំហឹង។

លោក Pompeo បាន​ស្តីបន្ទោស​អ៊ីរ៉ង់​ចំពោះ​ការវាយលុក​កាលពី​ចុង​សប្តាហ៍​មុន​លើ​ទីតាំង​ចំនួន​២​កន្លែង​ដោយ​ថ្កោលទោស​វា​ថា​ជា “​ទង្វើ​នៃ​សង្គ្រាម​” ដែល​បាន​កាត់បន្ថយ​ផលិតកម្ម​ប្រេង​របស់​ប្រទេស​នេះ​ពាក់កណ្តាល។

វោហារសាស្ត្រ​នេះ​បាន​បង្កើន​ហានិភ័យ​នៃ​ភាព​តានតឹង​ដែល​មិនអាច​ទាយ​ទុកជាមុន​បាន​នៅក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​ដែលជា​កន្លែង​អារ៉ាប៊ីសាអ៊ូឌីត​និង​អ៊ីរ៉ង់​កំពុង​ជាប់​នៅក្នុង​ការតស៊ូ​អំណាច​អាយុកាល​រាប់​ទសវត្ស​។​

បន្ទាប់ពី​បាន​ជួប​ជាមួយ​សម្ព័ន្ធមិត្ត​នៅ​ទីក្រុង​រី​យ៉ា​ដ​និង​អា​ប៊ូ​ដា​ប៊ី​, លោក Pompeo បាន​និយាយថា​មានការ​មូលមតិ​គ្នា​ដ៏​ធំធេង​នៅក្នុង​តំបន់​នេះ​ដែលថា​អ៊ីរ៉ង់​បាន​អនុវត្ត​ការវាយប្រហារ​ថ្វីបើ​មានការ​បដិសេធ​ពី​ទីក្រុង​តេ​អេ​រ៉ង់​ហើយ​ក្រុម​ឧទ្ទាម​យេ​មែន​អះអាង​ទទួលខុសត្រូវ​ក៏ដោយ​។​

ប៉ុន្តែ​លោក Pompeo បាន​និយាយថា សហរដ្ឋអាមេរិក​មាន​ចេតនា​ស្វែងរក​ផ្លូវ​ចេញពី​ការប្រឈមមុខ​ដាក់គ្នា​នេះ​។​

លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​យើង​ចង់បាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ​។ ខ្ញុំ​គិតថា យើង​បានបង្ហាញ​នូវ​ដំណោះស្រាយ​នោះ​។ ខ្ញុំ​សង្ឃឹមថា សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​នឹង​ឃើញ​វិធី​ដូចគ្នានេះ​”​។​

មុននេះ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif បាន​ព្រមាន​ថា រាល់​ការវាយប្រហារ​យោធា​របស់​សហរដ្ឋអាមេរិក​ឬ​អារ៉ាប៊ីសាអ៊ូឌីត​លើ​ប្រទេស​អ៊ីរ៉ង់​អាច​នឹង​នាំទៅរក​សង្គ្រាម​យ៉ាង​ពេញទំហឹង។

លោក​បាន​ប្រាប់​ទូរទស្សន៍ CNN នៅក្នុង​បទសម្ភាសន៍​មួយ​ដែល​ចាក់ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “​យើង​មិន​ចង់​មាន​សង្គ្រាម​ទេ​ប៉ុន្តែ​យើង​នឹងមិន​បិទ​ភ្នែក​ដើម្បី​ការពារ​ទឹកដី​របស់​យើង​ឡើយ​”៕ AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114