ព័ត៍មានទាន់​ហេតុការណ៏
Search

តុលាការ​អូស្ត្រាលី​រកឃើញថា បុរស​ទី​២​មានទោស​ពីបទ​រៀប​គម្រោង​បំផ្ទុះ​យន្តហោះ

អ្នកនាំពាក្យ​តុលាការ​កំពូល New South Wales បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា​តុលាការ​អូស្ត្រាលី​បាន​រកឃើញថា​បុរស​ម្នាក់​មានទោស​ក្នុង​ការរៀប​គម្រោង​បំផ្ទុះ​លើ​ជើងហោះហើរ​របស់​ក្រុមហ៊ុន Etihad Airways ពី​ទីក្រុង​ស៊ីដនី​ទៅ​អា​ប៊ូ​ដា​ប៊ី​កាលពី​ជិត​ពីរ​ឆ្នាំមុន​ជាមួយនឹង​គ្រាប់បែក​មួយគ្រា​ប់​ដែល​លាក់​នៅក្នុង​ម៉ាស៊ីន​កិន​សាច់​។​

ប៉ូលិស​បាន​ចោទប្រកាន់​បុរស​រូបនោះ​ឈ្មោះ Mahmoud Khayat​និង​បងប្រុស​របស់គាត់​ឈ្មោះ Khaled Khayat ពីបទ​រៀបចំ​ផែនការ​វាយប្រហារ​ភេរវកម្ម​ចំនួន​ពីរ​គឺ​ការវាយប្រហារ​ដោយ​គ្រាប់បែក​និង​ដោយ​ឧស្ម័ន​គីមី​លើ​ជើងហោះហើរ​ទៅកាន់​ទីក្រុង​អា​ប៊ូ​ដា​ប៊ី​ក្នុង​ខែកក្កដា​ឆ្នាំ​២០១៧​។​

គ្រាប់បែក​ត្រូវបាន​លាក់ទុក​នៅក្នុង​វ៉ា​លី​របស់​ប្អូនប្រុស​ទី​បី​ដែល​មិនបាន​ដឹងថា​គាត់​កាន់​វា​នៅពេល​គាត់​ព្យាយាម​ចូល​កន្លែង​ត្រួតពិនិត្យ​នៅឯ​អាកាសយាន​ដ្ឋា​ន​។​

ទោះបីជា​យ៉ាងណាក៏ដោយ​គ្រាប់បែក​មិនបាន​ឆ្លង​ផុត​កន្លែង​ត្រួតពិនិត្យ​សន្តិសុខ​របស់​អាកាសយា​ន​ដ្ឋា​ន​ទេ​នៅពេលដែល​វា​ត្រូវបាន​គេ​ចាត់ទុកថា​ធ្ងន់​ពេក​ហើយ​ត្រូវបាន​យកចេញ​ពី​វ៉ា​លី​។​
Khaled និង Mahmoud Khayat ត្រូវបាន​ចាប់ខ្លួន​ប៉ុន្មាន​សប្តាហ៍​ក្រោយមក​បន្ទាប់ពី​ការ​វាយឆ្មក់​របស់​ប៉ូលិស​នៅក្នុង​ទីក្រុង​ស៊ីដនី​។ ប៉ូលិស​បាន​និយាយថា គ្រឿងផ្ទុះ​កម្រិត​ខ្ពស់​ដែល​ត្រូវបាន​ប្រើ​ដើម្បី​ផលិត​គ្រាប់បែក​គឺ​ត្រូវបាន​នាំយក​មកពី​ប្រទេស​ទួរគី​ដែលជា​ផ្នែក​មួយ​នៃ​ផែន​ការដែល​ត្រូវបាន​បំផុសគំនិត​និង​បញ្ជា​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​។​

កាលពី​ខែឧសភា Khaled ត្រូវបាន​រកឃើញថា​មាន​ពិរុទ្ធភាព​ដោយ​តុលាការ​កំពូល New South Wales ប៉ុន្តែ​គណៈវិនិច្ឆ័យ​មិនអាច​ឈានដល់​ការចេញ​សាលក្រម​ប្រឆាំងនឹង Mahmoud​បានទេ​។ អ្នកនាំពាក្យ​បាន​និយាយថា ការកាត់ក្តី​សាជាថ្មី​របស់គាត់​បានបញ្ចប់​ទៅដោយ​សាលក្រម​ដែលមាន​ពិរុទ្ធ​មួយ​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ពីបទ​រៀបចំ​ផែនការ​សកម្មភាព​ភេរវកម្ម​។​

គួរ​បញ្ជាក់ថា សាលក្រម​នៅក្នុង​រឿងក្ដី​របស់ Mahmoud បាន​កើតឡើង​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុនពេល​ដែល​តុលាការយោធា​របស់​ប្រទេស​លី​បង់​បាន​លើកលែងទោស​បងប្រុស​ម្នាក់​ទៀត​ឈ្មោះ Amer Khayat ពីបទ​ប៉ុនប៉ង​បំផ្ទុះ​យន្តហោះ​របស់​ក្រុម​ហ៊ុម Etihad៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114