ព័ត៍មានទាន់​ហេតុការណ៏
Search

តៃវ៉ាន់​បាត់បង់​សម្ព័ន្ធមិត្ត​ការទូត​លើក​ទី​២​ក្នុង​រយៈពេល​មួយ​សប្តាហ៍​នៅពេល​កោះ​គី​រី​បាទី​ងាក​ទៅរក​ចិន

កោះ​តៃវ៉ាន់​បាន​ស្តីបន្ទោស​ប្រទេស​ចិន​កាលពី​ថ្ងៃ​សុក្រ​បន្ទាប់ពី​ប្រជាជាតិ​កោះ​ដ៏​តូច​មួយ​គឺ​កោះ​គី​រី​បាទី​បាន​ងាក​មក​ទទួលស្គាល់​ទីក្រុង​ប៉េកាំង​វិញ​ដែល​នេះ​ជាការ​ផ្តាច់ខ្លួន​ខាង​ការទូត​លើក​ទី​២​នៅ​តំបន់​ប៉ាស៊ីហ្វិក​ដែលមាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​ក្នុង​រយៈពេល​តិចជាង​មួយ​សប្តាហ៍​។​

ទង្វើ​នេះ​គឺជា​ជោគជ័យ​មួយទៀត​សម្រាប់​ទីក្រុង​ប៉េកាំង​ពោលគឺ​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​មុនពេល​ខ្លួន​ប្រារព្ធ​ខួប​លើក​ទី​៧០​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

ហើយ​វា​បាន​កើតឡើង​ត្រឹមតែ​បួន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​កោះ​សូ​ឡូ​ម៉ុ​ន​បានធ្វើការ​សម្រេចចិត្ត​ដូចគ្នា​នេះហើយ​ទុក​ឲ្យ​កោះ​តៃវ៉ាន់​កាន់តែ​ឯកោ​ជាង​ពេលណា​ទាំងអស់​ខណៈ​នៅសល់​រដ្ឋ​ត្រឹមតែ ១៥​ប៉ុណ្ណោះ​ដែល​ទទួលស្គាល់​ខ្លួន​។​

នៅឯ​សន្និសីទកាសែត​មួយ​ដែល​ត្រូវបាន​រៀបចំឡើង​យ៉ាង​ប្រញាប់ប្រញាល់​កាលពី​ថ្ងៃ​សុក្រ រដ្ឋមន្ត្រី​ក្រសួងការបរទេស​តៃវ៉ាន់​លោក Joseph Wu បានប្រកាសថា ក្រុង​តៃប៉ិ​នឹង​ដក​អ្នកការទូត​របស់ខ្លួន​ចេញ​ជាបន្ទាន់​ហើយ​សង្ឃឹមថា​កោះ​គី​រី​បាទី​នឹងធ្វើ​ដូចគ្នានេះ​។​

លោក​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​លួងលោម​កោះ​គី​រី​បាទី​ឲ្យ​ផ្លាស់ប្តូរ​ចំណង​ការទូត​របស់ខ្លួន​ជាមួយនឹង​ការសន្យា​វិនិយោគ​និង​ជំនួយ​។​

លោក Wu បាន​បន្ថែមថា “​ប្រធានាធិបតី​គី​រី​បាទី​លោក Taneti Mamau និង​មនុស្ស​មួយចំនួន​នៅក្នុង​គណបក្ស​របស់គាត់​មាន​ភាព​រវើរវាយ​អំពី​ប្រទេស​ចិន​”​។​

គួរ​បញ្ជាក់ថា កោះ​តៃវ៉ាន់​គឺជា​ប្រទេស​មាន​អធិបតេយ្យភាព​ពិតប្រាកដ​មួយ​ចាប់តាំងពី​ចប់​សង្គ្រាមស៊ីវិល​ក្នុង​ឆ្នាំ​១៩៤៩​មក​ប៉ុន្តែ​ចិន​នៅតែ​ចាត់ទុក​កោះ​នេះ​ថា​ជា​ទឹកដី​របស់ខ្លួន​ហើយ​បាន​ប្តេជ្ញា​ថា​នឹង​ដណ្តើមយក​វា​មកវិញ​ដោយ​ប្រើ​កម្លាំង​ប្រសិនបើ​ចាំបាច់​។​

ក្នុង​រយៈពេល​ជាច្រើន​ទសវត្ស​មកនេះ​នៅពេលដែល​អំណាច​សេដ្ឋកិច្ច​និង​យោធា​របស់​ប្រទេស​ចិន​បាន​រីកចម្រើន​នោះ ប្រទេស​ភាគច្រើន​រួមទាំង​សហរដ្ឋអាមេរិក​និង​ប្រទេស​លោកខាងលិច​ភាគច្រើន​ផងដែរ​បាន​ប្តូរ​ការទទួលស្គាល់​មក​រក​ទីក្រុង​ប៉េកាំង​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114